Tuesday, October 11, 2016

អាជ្ញាធរជាតិអប្សរាបន្ថែមវគ្គបណ្តុះបណ្តាលដល់មន្ត្រីជំនាញ ដើម្បីផ្សព្វផ្សាយកម្មវិធីអនាម័យ និងទឹកស្អាតដល់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ

  មន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងទឹក និងលេខាធិការដ្ឋានសហគមន៍ ចំនួន១១នាក់ កំពុងទទួលបានវគ្គបណ្តុះបណ្តាលបន្ថែមសមត្ថភាពអំពីកម្មវិធីអនាម័យ និងទឹកស្អាត ដើម្បីពង្រឹងការយល់ដឹងនិងផ្សព្វផ្សាយបន្តទៅប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល។ វគ្គបណ្តុះបណ្តាលមានរយៈពេល៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១១ ដល់១៤ ខែតុលា ឆ្នាំ២០១៦ នៅនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា។
 លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក និងជាអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលនេះ រៀបរាប់ថា ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីពង្រឹងសមត្ថមភាពមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយអប់រំកម្មវិធីអនាម័យ និងទឹកស្អាតដល់ប្រជាពលរដ្ឋ។ វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGRA) ដែលធ្លាប់បានចុះអនុស្សារណៈជាមួយគ្នាកន្លងមករវាងអាជ្ញាធរជាតិអប្សរា សាលាខេត្តសៀរាម និងស្ថាប័នរបស់ប្រទេសបារាំងចំនួន៦ផ្សេងទៀត។
លោកបន្ថែមថា កន្លងមកអាជ្ញាធរជាតិអប្សរាបានអនុវត្តសាកល្បងនូវកម្មវិធីអនាម័យទឹកស្អាតក្នុងភូមិចំនួន៤ ក្នុងចំណោម១១២ភូមិនៃតំបន់អង្គរ។ កម្មវិធីបណ្តុះបណ្តាលនៅពេលនេះ ក៏ដើម្បីពង្រីកការផ្សព្វផ្សាយទៅតាមបណ្តាភូមិផ្សេងៗទៀត ឲ្យប្រជាពលរដ្ឋរស់នៅមានអនាម័យ មានបង្គន់ប្រើប្រាស់ត្រឹមត្រូវ និងមានទឹកស្អាតប្រើប្រាស់ ។ នេះជាផ្នែកមួយនៃកម្មវិធីលើកស្ទួយកម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ។
 លោក ស៊ឹម សៅរ៉ា បុគ្គលិកនៃអង្គការ CWS (Church World Service) និងជាប្រធានគម្រោងផ្នែកអប់រំទឹកស្អាត និងអនាម័យ ដែលជាគ្រូបង្គោលនៃវគ្គបណ្តុះបណ្តាលនេះរៀបរាប់ថា វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងទៅលើជំនាញសម្រសម្រួល វិធីសាស្ត្រចម្រោះទឹកដោយសុវត្ថិភាព និងគំរូបែបផែននៃការសាងសង់បង្គន់។ លោកបញ្ជាក់ថា តាមពិតទៅសិក្ខាកាមដែលចូលរួមវគ្គនេះ អាចនឹងមានជំនាញបច្ចេកទេសយល់ដឹងហើយ តែវគ្គបណ្តុះបណ្តាលនេះនឹងផ្តោតសំខាន់ទៅលើជំនាញសម្របសម្រួល ដើម្បីផ្ទេរចំណេះទាំងនេះទៅដល់ប្រជាពលរដ្ឋ។

 លោក សៅរ៉ា សង្ឃឹមថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរានឹងអាចបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីកម្មវិធីអនាម័យ និងទឹកស្អាតមានសុវត្ថិភាព ទៅកាន់សំណាក់ប្រជាពលរដ្ឋក្នុងតំបន់អង្គរទាំងមូល ដើម្បីឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់អំពីអនាម័យ ទឹកស្អាត ធ្វើឲ្យកាន់តែប្រសើរឡើងនូវកម្រិតជីវភាពរបស់ពួកគាត់៕




No comments:

Post a Comment