Thursday, September 08, 2016

ក្រុមការងារគម្រោងភូមិធម្មជាតិរុនតាឯកផ្តល់បទពិសោធន៍ផ្នែកកសិកម្មដល់សហគមន៍ភូមិដំណាក់ខ្ចាស់

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានផ្តល់បទពិសោធន៍ការងារកសិកម្ម ដល់សហគមន៍កសិកម្មមួយដែលមកពីភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ សហគមន៍កសិកម្មភូមិដំណាក់ខ្ចាស់ ជាសហគមន៍វ័យក្មេងដែលទើបបង្កើតឡើងបានជាងមួយឆ្នាំ ផ្តោតសំខាន់លើការងារកសិកម្ម និងចិញ្ចឹមសត្វ ដែលជាការបង្កើតឡើងដោយប្រជាពលរដ្ឋក្នុងភូមិផ្ទាល់។ ការមកទទួលយកបទពិសោធន៍ពីគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិតាឯកនៅពេលនេះ គឺក្នុងគោលបំណងពង្រឹងចំណេះដឹងលើវិស័យកសិកម្ម និងជាពិសេសគឺការធ្វើជីធម្មជាតិ។
ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍភូមិជាតិរុនតាឯកបានលើកឡើងអំពីប្រវត្តិនៃការបង្កើតភូមិធម្មជាតិរុនតាឯក ដែលបានបង្កើតឡើងដោយអាជ្ញាធរជាតិអប្សរាជូនដល់សហគមន៍តាំងពីចាប់ផ្តើមបង្កើតរហូតដល់បច្ចុប្បន្ន។ អាជ្ញាធរជាតិអប្សរាមានគម្រោងជាច្រើនក្នុងការអភិវឌ្ឍភូមិធម្មជាតិរុនតាឯកនេះ ដើម្បីលើកស្ទួយដល់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឱ្យមានលក្ខណៈល្អប្រសើរ។ គម្រោងទាំងនេះ ដែលអាជ្ញាធរជាតិអប្សរាបានដាក់ចេញនោះគឺ ផ្តោតសំខាន់ទៅលើផ្នែកកសិកម្ម ដំណាំហូបផ្លែ បន្លែ និងការចិញ្ចឹមសត្វ និងរបៀបធ្វើជីធម្មជាតិ។ ហើយគម្រោងទាំងអស់នេះ បានជំរុញឱ្យមានការបង្កបង្កើនចំណូលជាប្រចាំថ្ងៃ និងចំណូលជាលក្ខណៈរដូវដល់គ្រួសាររបស់ពួកគាត់ផងដែរ។
ឯកឧត្តមបានបន្តថា គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកដែលបានរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរានេះបាន ផ្តល់បទពិសោធន៍ បច្ចេកទេសវិជ្ជាជីវៈ និងបានរួមការសហការជាមួយសហគមន៍ដទៃជាច្រើននៅក្នុងស្រុកបន្ទាយស្រី ឬក៏មកពីស្រុក ឬតំបន់ផ្សេងៗ នៅក្នុងខេត្តសៀមរាប។

លោក យ៉ិន យឺន ប្រធានសហគមន៍ភូមិដំណាក់ខ្ចាស់បានលើកឡើងថា ក្រុមការងារសហគមន៍របស់លោករីករាយណាស់ ដែលទទួលបានបទពិសោធន៍ផ្នែកកសិកម្ម ការចិញ្ចឹមសត្វ និងរបៀបនៃការធ្វើជីកំប៉ុស្តិ៍ ជីអ៊ីអិមខ្មែរ ពីក្រុមការងារអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ការជួបជុំនេះ ជាការជួបជុំដ៏មានន័យ សម្រាប់ក្រុមការងារសហគមន៍របស់លោក ព្រោះសហគមន៍ភូមិដំណាក់ខ្ចាស់ជាសហគមន៍ថ្មី មានបទពិសោធន៍តិចតួច ដូច្នេះត្រូវរៀនយកបទពិសោធន៍ពីសហគមន៍ដែលជារៀមច្បង ជាពិសេសគឺគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកតែម្តង ដោយសារតែភូមិនេះជាភូមិគំរូក្នុងការអភិវឌ្ឍគ្រួសារដោយផ្តោតទៅលើផ្នែកកសិកម្ម ការចិញ្ចឹមសត្វ និងការបង្កើតជីធម្មជាតិ។

លោក យឺន ក៏អរគុណផងដែរ ចំពោះគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដែលបានផ្តល់បទពិសោធន៍យ៉ាងច្រើនដល់សហគមន៍របស់លោក ជាពិសេសគឺផ្នែកកសិកម្ម ការចិញ្ចឹមសត្វ និងរបៀបនៃការធ្វើជីធម្មជាតិនេះតែម្តង។ ការសហការនេះ ជាសញ្ញាវិជ្ជមានមួយសម្រាប់សហគមន៍របស់លោក ហើយក៏ជាដំណឹងល្អដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិផងដែរ។ ក្រុមការងារសហគមន៍របស់លោកនឹងប្តេជ្ញា ដើម្បីនាំយកចំណេះដឹងទាំងនេះ បញ្ជ្រាបទៅដល់ប្រជាកសិករនៅក្នុងភូមិដំណាក់ខ្ចាស់ និងប្រជាកសិករភូមិដទៃៗទៀតដែលស្ថិតនៅក្នុងសំបួរ៕








No comments:

Post a Comment