Wednesday, September 07, 2016

សម្តេចតេជោ​នាយករដ្ឋមន្រ្តី - ជួបសន្ទនាជា​មួយឯកឧត្តម បាន គីមូន និងពិធីពិសារអាហារ​ពេលល្ងាចនៃ​មេដឹកនាំអាស៊ាន

ឯកឧត្តម បាន គីមមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការធ្វើទំនាក់ទំនងរវាងអង្គការសហប្រជាជាតិ និងព្រះរាជាណាចក្រកម្ពុជា បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ក្នុងជំនួបដែលធ្វើឡើង កាលពីព្រលប់ថ្ងៃទី៦កញ្ញា នៅទីក្រុងវៀងច័ន្ទ ជាទីដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា របស់អាស៊ាន ឯកឧត្តម បាន គីមមូន មានប្រសាសន៍ដោយសេចក្តីសោមនស្សរីករាយ ដោយបានជួបសាជាថ្មីម្តងទៀត ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបពិភាក្សាជាច្រើនលើកច្រើនសាររួចមកនោះ។ ក្នុងជំនួបពិភាក្សាគ្នានេះមេដឹកនាំទាំងពីរ បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទាក់ទិនទៅនិងតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម ក្នុងនោះឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាបន្តការគាំទ្រដល់ការចំណាយ លើប្រតិបត្តិការ របស់សាលាក្តីនោះជាបន្តទៅទៀត។ ជាមួយគ្នានេះឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរ ចំពោះកងទ័ពមួកខៀវកម្ពុជា ដែលបានចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌ និងសកម្មភាពបោសសំអាតគ្រាប់មីន និងយុទ្ធមិនទាន់ផ្ទុះក្រោម ឆ័ក្ររបស់អង្គការសហប្រជាជាតិ។
ក្នុងជំនួបពិភាក្សាគ្នានេះដែរ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានស្នើដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី ពីការគាំទ្រដល់អង្គការសហប្រជាជាតិ លើអនុសញ្ញានៃការបម្រែបម្រួលអាកាសធាតុ ដើម្បីឲ្យអនុសញ្ញានោះចូលជាធរមាន។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគាំទ្រទៅ និងការស្នើឲ្យកម្ពុជាធ្វើការគាំទ្រដល់អនុសញ្ញានៃការបម្រែបម្រួលអាកាសធាតុ របស់អង្គការសហប្រជាជាតិ ដោយបានគូសបញ្ជាក់ថា នៅពេលដែលរដ្ឋសភាកម្ពុជា ចូលរួមបើកសម័យកាលនៃកិច្ចប្រជុំជាថ្មី បន្ទាប់ពីការឈប់សម្រាក់នោះ រាជរដ្ឋាភិបាលកម្ពុជា និងដាក់សំណើរនោះទៅសម័យពេញអង្គសភា ធ្វើការពិភាក្សាអនុម័ត ដើម្បីកម្ពុជាផ្តល់សច្ចាប័នលើអនុសញ្ញាប័ននោះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សង្កត់ធ្ងន់ថា សម្តេចនិងចាត់ឲ្យ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន ទៅធ្វើសេចក្តីថ្លែងការណ៍តំណាងសម្តេច ក្នុងសម័យប្រជុំរបស់អង្គការសហប្រជាជាតិ នាបំណាច់ខែកញ្ញានេះ ក្នុងការប្រកាសគាំទ្រដល់អនុសញ្ញា ដ៏មានសារៈសំខាន់នោះ ឲ្យបានហើយរួចរាល់ នៅមុនបំណាច់ឆ្នាំ២០១៦នេះ។ ឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងនូវអំណរគុណជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានខិតខំសហការយ៉ាងពេញទំហឹង ក្នុងការធ្វើឲ្យសម្រេចបាននូវអនុសញ្ញាស្តីពីបម្រែបម្រួលអាកាសធាតុ ដែលជាបំណងប្រាថ្នារួមរបស់ពិភពលោកទាំងមូល។
បន្ទាប់មកនៅរាត្រីថ្ងៃទី៦កញ្ញា ឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ និងលោកជំទាវ បានប្រារព្ធរៀបចំពិធីលាងសាយភោជន៍ ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយនិងជូនព្រះករុណាស៊ុលតង សម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ប្រទេស រួមទាំងអគ្គលេខាធិការអាស៊ាន ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ។ ពិធីដ៏មានអត្ថន័យនោះ ក៏មានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ នៃបណ្តាប្រទេសជាសមាជិកអាស៊ានជាច្រើនរូប។

ថ្លែងសុន្ទរកថា ក្នុងពិធីលាងសាយភោជន៍នោះ ឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ មានប្រសាសន៍ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវថា ឯកឧត្តមពិតជាមានកិត្តិយសខ្លាំងណាស់ ក្នុងការជួបប្រាស្រ័យទាក់ទងដោយជិតស្និតបំផុត ជាមួយបណ្តាមេដឹកនាំអាស៊ានទាំងអស់ ដើម្បីធ្វើការពិភាក្សាទៅលើបញ្ហាជាច្រើនសម្រាប់បម្រើឲ្យផលប្រយោជន៍របស់តំបន់នៃយើងទាំងមូល។ ឯកឧត្តមមានប្រសាសន៍ដែរថា នៅក្នុងរយៈពេល៤ថ្ងៃ នៃកិច្ចប្រជុំកំពូលរបស់យើង យើងនឹងបន្តធ្វើការពិភាក្សាកាន់តែមានជិតស្និតជាមួយដៃគូតំបន់ និងក្រៅតំបន់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមក៕





No comments:

Post a Comment