Wednesday, September 07, 2016

ពិធីចុះហត្ថ​លេខាលើសេចក្តី​ថ្លែងការអាស៊ាន - មេដឹកនាំអាស៊ាន​ជួបសន្ទនា​ជាមួយ អន្តរសភា​អាស៊ាន យុវជន​អាស៊ាន ក្រុមប្រឹក្សា​ផ្តល់យោបល់​ធុរកិច្ចអាស៊ាន និងពិ​ធីលាងសាយ​ភោជន៍ដល់មេ​ដឹកនាំ​អាស៊ាន

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩រួចមក មេដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំង១០ ប្រទេសអញ្ជើញចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ អាស៊ានស្តីពីអាស៊ានមួយ ការឆ្លើយតបមួយ ការឆ្លើយតបរបស់អាស៊ានមួយ ទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ និង ក្រៅតំបន់។ ជាមួយនិងពិធីចុះហត្ថលេខានោះ ទទួលបាននូវ អំណរសាទរ ពីសំណាក់មេដឹកនាំ អាស៊ានទាំងអស់ ដែលបានខិតខំរួមគ្នាក្នុងរយៈពេលកន្លងមក ក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់អាស៊ាន ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលាក្នុងការទប់ស្កាត់ និងសង្រោ្គះឲ្យបានយ៉ាងឆាប់រហ័ស ទៅនិងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់ ដែលមេដឹកនាំនៃប្រទេសអាស៊ាន និងបណ្តាមេដឹកនាំនានាលើពិភពលោកកំពុងយកចិត្តទុកដាក់ដូចគ្នា។
បន្ទាប់ពីបានបញ្ចប់ពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីការឆ្លើយតបមួយ ការឆ្លើយតបរបស់អាស៊ានមួយ ទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់រួចមក មេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ បានអញ្ជើញជួបសន្ទនាដាច់ដោយឡែកៗពីគ្នាជាមួយ ប្រតិភូតំណាងអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន និងតំណាងក្រុមប្រឹក្សាភិបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន។ នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នោះ បណ្តាមេដឹកនាំអាស៊ាន បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះអន្តរសភាអាស៊ាន យុវជនអាស៊ាន និងក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន ដែលបានផ្តល់នូវកិច្វសហការដ៏ទូលំទូលាយដល់ផ្នែករដ្ឋាភិបាល ក្នុងការឈានទៅសម្រេចបាននូវគោលដៅជាអាទិភាពជាច្រើន ក្នុងរយៈពេលកន្លងមក ពិសេសការឈានទៅបង្កើតសហគមន៍អាស៊ាន កាលពីថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៥ កន្លងទៅ។
ជាមួយគ្នានេះបណ្តាមេដឹកនាំអាស៊ានទាំងអស់ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរបកគំហើញ និងអនុសាសន៍គោលនយោបាយនានា ដែលអន្តរសភាអាស៊ាន យុវជនអាស៊ាន និងក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ានបានផ្តល់ជូនមេដឹកនាំអាស៊ាន ក្នុងកាពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់អាស៊ាន ពិសេសការជម្រុញពាណិជ្ជកម្មផ្ទៃក្នុងរបស់អាស៊ាន ក្នុងនោះរួម ទាំងអនុសាសន៍ទាំង១០ចំណុច ដែលទើបត្រូវបានលើកឡើងដោយ ក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគក្នុងវិស័កសិកម្ម ម្ហូបអាហារ ពាណិជ្ជកម្មអេឡិចត្រូនិចឡូជីស្ទីក សហគ្រាសមីក្រូធុនតូចនិងមធ្យម។ ជាមួយគ្នានេះមេដឹកនាំអាស៊ានក៏បាន គូសបញ្ជាក់ដែរថា តំបន់អាស៊ានមានទស្សនៈអនាគតល្អសម្រាប់ការបន្តទាក់ទាញការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ដោយមានការយកចិត្ត ទុកដាក់ទៅលើការធ្វើឲ្យប្រសើរឡើង និងភាពប្រទាក់ក្រឡាគ្នាសម្រាប់ស្រទាប់យុវជន បណ្តាមេដឹកនាំអាស៊ាន បានជម្រុញឲ្យយុវជននៃបណ្តាប្រទេសអាស៊ានទាំងអស់ មិនគ្រាន់តែការបង្កើនឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សា ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដូចគ្នានោះទេ ផ្ទុយទៅវិញគឺយើងខិតខំយ៉ាងណាជំរុញ ឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាមួយយុវជននៃប្រទេសជាដៃគូសន្ទនារបស់អាស៊ាន និងបណ្តាប្រទេសក្រៅតំបន់ ដើម្បីឲ្យយុវជនរបស់យើងកាន់តែទទួលបាននូវចំណេះដឹងចំណេះធ្វើ និងការប្រាស្រ័យទាក់ទងគ្នាក្នុងភាពជិតស្និទ្ធ និងមានភាពស្វាហាប់ក្នុងជីវិត។
ដោយឡែកទាក់ទិនទៅនិងការជួបប្រាស្រ័យយ៉ាងស្និតស្នាលរ៉ាក់ទាក់ជាមួយ និងក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន បណ្តាមេដឹកនាំអាស៊ានបានធ្វើការពិភាក្សាគ្នាដោយផ្តោតការយកចិត្តទុកដាក់ ទៅលើកិច្ចការជាអាទិភាពមួយចំនួន រួមមានទី១ ការលុបបំបាត់ឲ្យអស់នូវរបាំងនានា ដែលមានផលប៉ះពាល់ជាអវិជ្ជមានដល់ដំណើរការពាណិជ្ជកម្ម និងវិនិយោគ ទី២ការបន្តផ្តោតលើការសម្រួលពាណិជ្ជកម្ម និងកែលម្អបរិយាកាសវិនិយោគនៅក្នុងតំបន់ ពិសេសតាមរយៈការអនុវត្តឲ្យបានពេញលេញនូវបញ្ជរតែមួយរបស់អាស៊ាន និងបញ្ជារតែ មួយរបស់ប្រទេសជាសមាជិកអាស៊ានទី៣ ការលើកម្ពស់សេរីភាវូបនីយកម្មលើវិស័យសេវា ដូចជាវិស័យធានារ៉ាប់រង តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ និងទីការលើកកម្ពស់ការតភ្ជាប់ និងប្រព័ន្ធឡូជីស្ទីក ដើម្បីពង្រឹងភាពប្រកួតប្រជែង នៃវិស័យឧស្សាហកម្មក្នុងតំបន់ដោយទាក់ទាញដៃគូពាក់ព័ន្ធទាំងអស់ចូលរួម ពោលគឺរបកគំហើញ និងអនុសាសន៍ទាំងអស់នេះ គឺពិតជាមានសារៈសំខាន់សម្រាប់ប្រទេសជាសមាជិកអាស៊ាន ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០២៥។

នៅក្នុងកិច្ចសន្ទនាជាមួយ និងប្រតិភូអន្តរសភាអាស៊ាន តំណាងយុវជនអាស៊ាន និងក្រុមប្រឹក្សាភិបាលបាលផ្តល់យោបល់ធុរកិច្ចអាស៊ាន បណ្តាមេដឹកនាំអាស៊ានទាំងអស់ ក៏បានស្នើឲ្យមានការចូលរួមចំណែកយ៉ាងសកម្មខ្លាំងក្លាថែមទៀត ក្នុងការផ្តល់ជាយោបល់និងគំនិតល្អ ដើម្បីឈានទៅសម្រេចលើចក្ខុវិស័យនានារបស់អាស៊ាន ដែលជាបំណងប្រាថ្នារបស់ប្រជាជនអាស៊ានទាំងជាង៦២០លាននាក់ រស់នៅប្រកបដោយសុចសន្តិភាព ស្ថេរភាព វិបុលភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់ក្រុមគ្រូសារទាំងអស់ ពិសេសការរស់នៅដោយភាពសុខដុមរមនា៕     




No comments:

Post a Comment