Monday, September 05, 2016

លោក សោម អូន៖ ការប្រកាសគាំទ្ររបស់សហជីពសេរីកម្មករគឺផ្ទុយពីលក្ខន្តិកៈនៃច្បាប់ស្តីពីសហជីព

លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងជាប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា បានលើកឡើងថាសហជីពមួយត្រូវតែមានឯករាជ្យភាព ហើយការប្រកាសដឹកនាំកម្មករ-កម្មការិនី ឱ្យគាំទ្រគោលជំហររបស់គណបក្សនយោបាយណាមួយនោះ គឺផ្ទុយពីលក្ខន្តិកៈនៃច្បាប់ស្តីពីសហជីពដែលបានចូលជាធរមាន។ លោក សោម អូន ក៏បានបញ្ជាក់ថា ការបង្ហាញជំហរមិនឯករាជ្យរបស់សហជីពណាមួយបែប នេះ អាចនឹងក្រសួងមានសមត្ថកិច្ចធ្វើការពិន័យផងដែរ។
ក្រុមតំណាងសហជីពមួយចំនួនបានដឹងថា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមសហជីព សេរីកម្មករ បានចូលជួបលោក កឹម សុខា នៅទីស្នាក់ការបក្សសង្រ្គោះជាតិចាក់អង្រែលើ និង បានប្រកាសគាំទ្រជំហររបស់លោក កឹម សុខាទៀតផង ដែលប្រការនេះត្រូវបានគេរិះគន់ថា សហជីពគួរតែធ្វើការងារដើម្បីផលប្រយោជន៍កម្មករ-កម្មការិនី មិនគួរមកបម្រើ និងការពារលោក កឹម សុខា ដែលជាអ្នកនយោបាយកំពុងប្រឈមមុខចំពោះផ្លូវច្បាប់ពាក់ព័ន្ធនឹងបណ្តឹងព្រហ្មទណ្ឌកើតឡើងដោយសាររឿងអាស្រូវស្នេហាលួចលាក់ផ្ទាល់ខ្លួន ដែលអាចនឹងបាត់បង់សិទ្ធិនយោបាយបែបនេះឡើយ។
លោក សោម អូន បានមានប្រសាសន៍តាមរយៈបទសម្ភាសន៍ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ដោយឆ្លើយតបនឹងការលើកឡើងរបស់ លោក កឹម សុខា ថាថ្នាក់ដឹកនាំនិងសមាជិកសហជីពសេរីកម្មករ ព្រមទាំងបងប្អូនកម្មករ-កម្មការិនី បានប្ដេជ្ញាចិត្តគាំទ្រនូវគោលជំហរ និងការពារអភ័យឯកសិទ្ធិសភារបស់លោកនោះ ថា បញ្ហារបស់លោកកឹម សុខា គឺពុំមែនជា រឿងនយោបាយនោះឡើយ វាជារឿងបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដោយលោកបានប្រឆាំង នឹងដីការបស់តុលាការ។ លោក សោម អូន ក៏បានអំពាវនាវឱ្យតុលាការមានសមត្ថកិច្ចបន្តនីតិវិធីផ្លូវច្បាប់ជាបន្តទៀត។
គួររំលឹកផងដែរថា លោក កឹម សុខា បានបដិសេធមិនចូលបំភ្លឺក្នុងសាលាដំបូងរាជធានីភ្នំពេញ ចំនួនពីរលើក ដើម្បីឆ្លើយបំភ្លឺក្នុងនាមជាសាក្សីក្នុងរឿងសញ្ចារកម្ម ពាក់ព័ន្ធរឿងអាស្រូវស្នេហារវាងលោក និងកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ។
គួរបញ្ជាក់ផងដែរថា យោងតាមច្បាប់ស្តីពីសហជីព ជំពូក៥ មាត្រា ២៩ បានចែងថា សហជីព ឬសមាគមនិយោជក ត្រូវបានរំលាយដោយតុលាការការងារនៅក្នុងមូលហេតុណាមួយដូចជា៖ ការបង្កើតឬសកម្មភាពនានារបស់សហជីព ឬសមាគមនិយោជកមានលក្ខណៈផ្ទុយនឹងច្បាប់ ឬគោលដៅនៃសហជីព ឬសមាគមនិយោជក ដូចមានចែងនៅក្នុងលក្ខន្តិកៈ សហជីពដែលមិន មានលក្ខណៈឯករាជ្យ ពីនិយោជនតទៅទៀត ហើយជាក់ស្តែងមិនអាចស្តារឡើងវិញនូវឯករាជ្យភាពរបស់ខ្លួន អ្នកដឹកនាំគ្រប់គ្រង និងអ្នកទទួលខុសត្រូវកិច្ចការរដ្ឋបាលត្រូវបានរកឃើញថាមានកំហុសធ្ងន់ ក្នុងការប្រព្រឹត្តល្មើសក្នុងនាមសហជីព ឬសមាគមនិយោជក៕


No comments:

Post a Comment