Friday, August 19, 2016

ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីជាច្រើន នៅក្នុងញត្តិរបស់គណបក្សសង្រ្គោះជាតិ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មិនទាន់បង្ហើបអំពីចំណាត់ការលើញត្តិរបស់គណបក្សសង្រ្គោះជាតិនៅឡើយទេ ខណៈដែលក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីជាច្រើននៅក្នុងញត្តិទាំងនោះ។
សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះបានឯកភាពចំពោះសំណើរបស់សម្តេច ស ខេង បញ្ជូនលទ្ធផលនៃការស្រាវជ្រាវ និងធ្វើកោសល្យវិច្ច័យរបស់គណៈកម្មការ ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។ ក្រសួងមហាផ្ទៃនឹងស្វែងរកអ្នកទទួលខុសត្រូវ ដើម្បីបញ្ជូនទៅតុលាការ។
នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ សម្តេច ស ខេង បានបញ្ជាក់ថា រហូតដល់ពេលនេះ មិនទាន់មានលទ្ធផលថ្មីបន្ថែមអំពីរឿងស្នាមមេដៃទេ ហើយក៏មិនទាន់អាចបង្ហើបអំពីវិធានការ របស់សមត្ថកិច្ចលើស្នាមេដៃនេះដែរ។
សម្តេច ស ខេង បានឲ្យដឹងទៀតថា ឥឡូវនេះលទ្ធផលចុងក្រោយមិនទាន់មានទេ គ្រាន់តែថាយើងបានរកឃើញស្នាមមេដៃនោះជាន់គ្នា ឧទាហរណ៍ថាមានអ្នកខ្លះផ្តិត២ ផ្តិត៣ ឬផ្តិត១០ គឺយើងបានឃើញប៉ុណ្ណឹង ប៉ុន្តែត្រង់ថា យើងចាត់វិធានការទៅរបៀបម៉េចទៀត យើងមិនទាន់អាចជម្រាបជូនបានទេ។
កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅថ្មីៗនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើសន្និសីទកាសែតមួយបង្ហាញអំពីលទ្ធផល នៃការស្រាវជ្រាវលើស្នាមមេដៃទាំង១៧ម៉ឺន របស់គណបក្សសង្រ្គោះជាតិ ដែលហែដាក់ថ្វាយព្រះមហាក្សត្រ។ លោកបានអះអាងថា ស្នាមេដៃ៦ម៉ឺន ក្នុងចំណោម១៧ម៉ឺន ដែលបានពិនិត្យរួច ហើយមានស្នាមម្រាមដៃខ្លះផ្តិតលើញត្តិ (ឈ្មោះផ្សេងៗ) រហូតដល់៨៨ដង។ ក្រៅពីនោះ ក្រសួងមហាផ្ទៃ ក៏បានរកឃើញ ឈ្មោះ និងស្នាមមេដៃអត់អាស័យដ្ឋាន ២៦៩៥៣នាក់, មានឈ្មោះគ្មានស្នាមេដៃ១៨៨ញត្តិ និង៩មានស្នាមមេដៃ តែអត់ឈ្មោះជាដើម៕




ប្រភព៖ Fresh News


No comments:

Post a Comment