Friday, August 19, 2016

ក្រុមជំនួយការ សម្តេចតេជោ ហ៊ុន សែន នាំយកអំណោយចែកជូនប្រជាជនទីទ័លក្រ

ក្រុមជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញបេសកកម្មចុះជួបប្រជាមូលដ្ឋានជាបន្តបន្ទាប់ ជាប្រក្រតី រៀងរាល់ចុងសប្តាហ៍ ដើម្បីស្វែងយល់អំពីភាពពិតនៃជីវិតរស់នៅជាក់ស្តែង និងអំពីទស្សនៈមតិ របស់ប្រជាពលរដ្ឋផ្ទាល់ចំពោះការដឹកនាំរបស់សម្តេចតេជោសែន។ ទន្ទឹមហ្នឹងនេះផងដែរ គឺជារៀងរាល់លើក ក្រុមជំនួយការតែងតែយកមកជាមួយនូវអំណោយសប្បុរសធម៌សម្តេចតេជោ ចែកជូនគ្រួសារទីទ័លក្រ ចំនួន១២គ្រួសារ ដោយមិនរើសអើងនិន្នាការនយោបាយឡើយ។
ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ លោក ខាត់ សុគន្ធី ជំនួយការសម្តេចតេជោ បានដឹកនាំបេសកកម្មការងារ នៅភូមិសំរោងជ្រៃ ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ដោយមានកិច្ចសហការជាមួយអ្នកស្រី ចាន់ធី បណ្តាញស្ម័គ្រចិត្តនៅមូលដ្ឋាន។ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ លោក សេង សុចិន្តា ជំនួយការ សម្តេចតេជោ រួមដំណើរជាមួយមាន លោក មាស សុគន្ធមុនី ជំនួយការសម្តេចតេជោ, អ្នកស្រី ព្រុំ សុធារ៉ា និង ឯកឧត្តម កែវ ចាន់ណា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ ចុះទៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ លោក សេង សុចិន្តា ជំនួយការសម្តេចតេជោ រួមដំណើរជាមួយមាន លោក ហ៊ិន សុវុឌ្ឍ, លោក ផាត បូណេ , លោក ខាត់ សុគន្ធី ជំនួយការ សម្តេចតេជោ និងឯកឧត្តម កែវ ចាន់ណា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ ចុះទៅភូមិឃ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ លោក មាស សុគន្ធមុនី និងលោក មាស វុត្ថា ជំនួយការសម្តេចតេជោ ចុះទៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្កំពង់ចាម។
សូមបញ្ជាក់ថា អំណោយដែលក្រុមជំនួយការ សម្តេចតេជោ នាំយកទៅប្រគល់ជូនប្រជាពលរដ្ឋទីទ័លក្រ នៅមូលដ្ឋានគឺ១គ្រួសារៗទទួលបាន៖ អង្ករ មួយការ៉ុង ១០គីឡូ, មីយើង មួយកេស, ទឹកស៊ីអ៊ីវ មួយយួរ ៦ដប និងទឹកត្រី មួយយួរ ៦ដប។
នៅពេលចុះចែកអំណោយជូនប្រជាជនទីទ័លនៅតាមមូលដ្ឋាន ប្រជាជនបានបង្ហាញចំណាប់អារម្មណ៍ថា ជាទូទៅ គឺគ្រប់និន្នាការ គាំទ្រការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដោយផ្តោតលើគោលនយោបាយថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គម និងការអភិវឌ្ឍ។ ដោយឡែក វិធានការណ៍ចំពោះមុខរបស់ សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការធ្វើអត្តសញ្ញាណប័ណ្ណ និងប័ណ្ណគ្រួសារ ឃើញថាឥឡូវនេះ អាជ្ញាធរបានបំពេញការងារសុក្រិត្យ ជាងលើកមុនៗ។ ប្រជាពលរដ្ឋ ក៏បានបង្ហាញការគាំទ្រ រីករាយស្វាគមន៍ សម្តេចតេជោ ដែលបាន កំពុងចំណាយពេលចុះជួបបងប្អូនប្រជាពលរដ្ឋតាមបណ្តាខេត្ត ក្នុងបុព្វហេតុប្រមូលព័ត៌មានផ្ទាល់ និងពិតពីប្រជាពលរដ្ឋ ដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
ប្រជាពលរដ្ឋ ក៏បានសំណូមពរមក សម្តេចតេជោ នាយករដ្ឋមន្ត្រីថា សុំមកសម្តេចតេជោ ជ្រើសរើសបេក្ខជនមេឃុំ ជំទប់ និងសមាជិកក្រុមប្រឹក្សា ដែលមានលក្ខណៈសម្បត្តិស្មោះត្រង់បំរើប្រជាជនមូលដ្ឋាន ពោលគឺពួកគាត់ចង់បានមេឃុំ ជាសាវ័កមូលដ្ឋានតំណាងឲ្យឧត្តមគតិរបស់សម្តេចតេជោ ព្រោះកន្លងមក មានសមាសភាពជាច្រើន មិនថាមកពីគណបក្សណាទេ គឺអសកម្ម និងមិនស្មោះត្រង់បំរើពួកគាត់នៅមូលដ្ឋានឡើយ។ ពេលខ្លះដោយសារតែ ការស្ថិតក្រោមអំណាចថ្នាក់ស្រុក និងខេត្ត ធ្វើឲ្យអាជ្ញាធរឃុំ មិនខ្វល់នឹងការងារឆ្លើយតបទៅនឹងបំណងសមស្របរបស់ប្រជាមូលដ្ឋាន ដោយភ្លេចគិតថា កើតចេញពីសន្លឹកឆ្នោត។ ប្រជាពលរដ្ឋ ក៏បានសំណូមពរឱ្យសម្តេច ជម្រុញមេឃុំ និងជំទប់ បំពេញការងាររដ្ឋបាលមូលដ្ឋានបម្រើប្រជាពលរដ្ឋ ឲ្យបានប្រសើរ ដោយមិនគួរចំណុះ និងបម្រើផលប្រយោជន៍បុគ្គលរបស់មន្ត្រីថ្នាក់ស្រុក និងខេត្ត។
ជារួមប្រជាពលរដ្ឋននៅមូលដ្ឋាន គ្រប់និន្នាការ តែងតែសម្តែងឆន្ទៈគោរពស្រឡាញ់សម្តេចតេជោ ប៉ុន្តែមានការថ្នើងថ្នាក់ នឹងមន្ត្រីរដ្ឋបាលដែនដី និងមន្ត្រីជំនាញថ្នាក់ក្រោម។ ពលរដ្ឋគ្រប់និន្នាការ មានការជឿជាក់ចំពោះសម្តេចតេជោ ក្នុងការកែទម្រង់ដើម្បីអភិវឌ្ឍន៍សង្គម ជាពិសេស កំណែទម្រង់ភាពអសកម្មនៅថ្នាក់មូលដ្ឋាន ពាក់ព័ន្ធនឹងជីវិតរស់នៅផ្ទាល់របស់ប្រជាជន។ កន្លងមកចំណាត់ការផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានដាស់មន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរដែនដី ឲ្យស្មោះត្រង់ផ្តល់សេវាតាមសមត្ថកិច្ច និងច្បាប់ ក្នុងបុព្វហេតុបម្រើប្រជាជន។ គួរបញ្ជាក់ថាក្រុមជំនួយការសម្តេចតេជោ គឺប្រកាន់ជំហរបង្កើតទំនុកចិត្ត ដោយលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់និន្នាការ សម្តែងមតិ អំពីការពិត និងមតិរិះគន់ដើម្បីស្ថាបនា៕
អត្ថបទ៖ ក្រុមជំនួយការសម្តេចតេជោ





No comments:

Post a Comment