Friday, July 01, 2016

ក្រសួងសេដ្ឋកិច្ច អញ្ជើញតំណាង គ្រប់ក្រសួង-ស្ថាប័ន របស់រដ្ឋមកពន្យល់អំពីការរៀបចំ ច្បាប់ថវិកាឆ្នាំ២០១៧

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំស្តីពីការ រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីតំណាងគ្រប់ក្រសួង-ស្ថាប័ន របស់រដ្ឋព្រមទាំងប្រធានអង្គភាព ថវិការបស់ក្រសួងស្ថាប័ន ដែលអនុវត្តថវិកាកម្មវិធីផងដែរ ក្រោមវត្តមានរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំនេះ មានគោលបំណងចែករំលែកគោលការណ៍សំខាន់ៗ ព័ត៌មានការយល់ដឹងអំពីការរៀបចំថវិកាសម្រាប់ឆ្នាំ២០១៧ និងផ្លាស់ប្តូរមតិយោបល់សំដៅធ្វើយ៉ាងណាឱ្យការរៀបចំថវិកាកាន់តែមានការគិតគូរគ្រប់ជ្រុងជ្រោយ ដើម្បីបម្រើឱ្យបានកាន់តែប្រសើរឡើងនូវផលប្រយោជន៍របស់ប្រទេសជាតិ, ការអភិវឌ្ឍប្រទេស និងការធានាបាននូវប្រតិបត្តិការរបស់រដ្ឋព្រមទាំងការ បង្កើនគុណភាពសេវាសាធារណៈ។  កិច្ចប្រជុំនេះក៏មានគោលបំណងធ្វើការពិគ្រោះយោបល់ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈនៅក្នុងការរៀបចំថវិកា ក្នុងគោលដៅដើម្បីបង្កើន ទាំងប្រសិទ្ធភាពនៃការវិភាជន៍ថវិកា ទាំងប្រសិទ្ធភាព នៃកិច្ចប្រតិបត្តិការថវិកា ជាពិសេសដើម្បីមានភាពងាយស្រួល ក្នុងពេលចរចាថវិកា រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងសាមី ក្រសួងស្ថាប័នទាំងអស់ នៅក្នុងពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា ប្រទេសដែលមានការរៀបចំ និងគ្រប់គ្រងថវិកាបានល្អ ប្រទេសនោះតែងតែរួចផុតពីអន្ទាក់នៃភាពក្រីក្រហើយឈានទៅរកឯករាជ្យភាព និងភាពជាម្ចាស់លើជោគវាសនារបស់ខ្លួន។ ដោយឡែកចំពោះប្រទេសដែលគ្មានមាយាទក្នុងការ គ្រប់គ្រងថវិកាវិញ ប្រទេសនោះរមែងតែងតែវិនាសហិនហោច ជំពាក់ពាក់បំណុលគេវ័ណ្ឌក ហើយបន្តស្ថិតនៅក្រោមគំនាបគេងើបពុំរួច។ ដូច្នេះការគ្រប់គ្រង ថវិកាដើរតួនាទីសំខាន់ណាស់ នៅក្នុងការកំណត់ជោគវាសនា របស់ប្រទេសជាតិនីមួយៗ។ សម្រាប់ប្រទេសកម្ពុជា លោក វង្សី វិស្សុត បានលើកឡើងផងដែរថា ការរៀបចំថវិកាឆ្នាំ២០១៧ គឺប្រៀបប្រដូចទៅនឹងការសាងសង់ស្ពានផងនិងជាការបុកគ្រឹះផង ។ ថវិកាជាស្ពាន គឺមានន័យថា ថវិកាឆ្នាំ២០១៧ គឺស្ពានចម្លងកម្ពុជាពីប្រទេសក្រីក្រ ទៅជាប្រទេសចំណូលមធ្យម និងកាន់តែរីកចម្រើន។
ដោយឡែកចំពោះថវិកាជាការបុកគ្រឹះវិញ គឺមានន័យថា ថវិកាឆ្នាំ២០១៧ ជាការកសាងជន្ទល់ទ្រទ្រង់កំណើន សេដ្ឋកិច្ចរយៈពេលវែង សម្រាប់កូនចៅជំនាន់ក្រោយ ពោលគឺដើម្បីជាមូលដ្ឋានក្នុងឈានឡើង ទៅជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា ប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក៏ប៉ុន្តែដោយសារស្ថានការណ៍ ប្រែប្រួលរបស់ពិភពលោក និងតំបន់, នៅចំពោះមុខនេះកម្ពុជានឹង អាចជួបប្រទះនូវការលំបាក ដែលទាមទារឱ្យ យើងត្រូវធ្វើការរឹតខ្សែក្រវ៉ាត់ ឬនិយាយតាមបែបសាមញ្ញ គឺត្រូវមានការសន្សំសំចៃនិងបង្កើន ប្រសិទ្ធភាពចំណាយ ដោយផ្តោតការយកចិត្តទុកដាក់ ទៅលើបញ្ហាគន្លឹះចំនួន៤ គឺ៖ (ទី១)-ដោយសារសេដ្ឋកិច្ចរបស់ខ្លួន មានការបើកចំហរ ខ្លាំង,កម្ពុជាងាយក្នុងការទទួលរងឥទ្ធិពលពីខាងក្រៅ។ ដូច្នេះហានិភ័យ នៃវិបត្តិសេដ្ឋកិច្ចពិភពលោក បូករួមទាំងហានិភ័យបណ្តាលមកពី ការចាក់ចេញ របស់អង់គ្លេសពីតំបន់អ៊ឺរ៉ូអាចបង្កឱ្យ មានបញ្ហាធំៗ ឬវិបត្តិ ហើយកម្ពុជាគេចមិនផុត ពីការទទួលរងនូវផលប៉ះពាល់អវិជ្ជមាន ពីវិបត្តិនេះទេ។ ក្នុងន័យនេះ កម្ពុជាត្រូវ ត្រៀមខ្លួនឱ្យបានល្អដើម្បីគ្រប់គ្រងហានិភ័យពីវិបត្តិនេះ។ (ទី២)-ការត្រៀមខ្លួនឱ្យបានល្អប្រសើរ ដើម្បីឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសបាតុភូតគ្រោះធម្មជាតិដែលអាចកើតឡើងញឹកញាប់ជាងមុន។ (ទី៣)-ធានា ឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ឱ្យប្រព្រឹត្តិទៅបានជោគជ័យ ដោយរលូននិងមានសណ្តាប់ធ្នាប់ល្អប្រសើរ និង(ទី៤)-ការ បន្តទ្រទ្រង់ដល់ចលនការនៃការកែទម្រង់ និងការអភិវឌ្ឍ សំខាន់ៗដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចផង និងការដោះស្រាយខាងផ្នែកជីវភាព ជូនប្រជាជនផង។
ក្នុងគោលដៅខាងលើនេះ លោករដ្ឋលេខាធិការ បានស្នើសុំដល់គ្រប់ក្រសួងស្ថាប័នទាំង អស់ត្រូវមានការផ្លាស់ប្តូរទស្សនៈក្នុងការ ចាយវាយថវិកាជាតិ ពោលគឺត្រូវចេះធ្វើអាទិភាពភាវូបនីយកម្មលើអាទិភាព ដើម្បីសម្រេចឱ្យបាននូវគោល បំណងគោលនយោបាយ របស់ក្រសួងស្ថាប័នខ្លួន ក៏ដូចជាការអភិវឌ្ឍរបស់ប្រទេស ដោយចាយវាយថវិកាអស់តិចបំផុតតាមដែលអាចធ្វើទៅបាន ហើយសម្រេច គោលដៅដែលបានដាក់ចុះ។ ក្នុងន័យនេះ ការបង្កើតអង្គភាពថវិកា ឬការបងើ្កនកម្មវិធី មិនមែនសម្រាប់តែ ដើម្បីបានបង្កើនចំណាយ ថវិកា នោះទេ តែអ្វីដែលសំខាន់ គឺត្រូវគិតទៅដល់លទ្ធផលដែលទទួលបាន។ ដូច្នេះការលើកកម្ពស់ ប្រសិទ្ធភាព នៃការវិភាជន៍ថវិកាគឺជាកត្តា សំខាន់បំផុត ព្រោះបើទោះបីទទួលបានថវិកាតិចមែន តែបើចាយចំមុខ ក៏អាចទទួល បាននូវលទ្ធផលល្អប្រសើរផងដែរ។ បន្ទាប់មកទៀត ក៏ត្រូវគិតគូរផងដែរទៅដល់ប្រសិទ្ធភាព នៃប្រតិបតិ្តការថវិកា នៅក្នុងពេលអនុវត្ត ពិសេសបញ្ហាថ្លៃ គុណភាព បរិមាណ និងរយៈពេលនៃ ការផ្គត់ផ្គង់ទំនិញ និងសេវា។ ដោយឈរលើគោលការណ៍ខាងលើនេះ ក៏ដូចជាកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់ កាលទី៣ ដែលជាការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ, ការរៀបចំថវិកាឆ្នាំ២០១៧ នឹងមានការផ្សារភ្ជាប់ជាមួយនឹង គោលការណ៍លើកទឹកចិត្តមួយចំនួន៖ (ទី១)-ក្រសួងស្ថាប័នណា ដែលបានខិតខំអនុវត្តការ ប្រមូលចំណូលមិនមែនសារពើពន្ធបាន ល្អប្រសើរ ក្រសួងស្ថាប័ននោះនឹងទទួលបាននូវការបង្កើនថវិកាបន្ថែម។
ដោយឡែកចំពោះក្រសួងស្ថាប័នណាដែលអនុវត្តមិនបានល្អតាមការរំពឹងទុកវិញ ក្រសួងស្ថាប័ននោះអាចនឹង មានការកាត់ថវិកា ហើយអាច ឈានទៅកាត់ចំណែកប្រាក់រង្វាន់ថែមទៀត (ទី២)-ក្រសួងស្ថាប័នណា ដែលអាច សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរនៅក្នុង ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ក្រសួង ស្ថាប័ននោះ ក៏ជាបេក្ខភាពក្នុងការទទួលបាននូវការបង្កើនថវិកាដែរ និង (ទី៣)-ក្រសួងស្ថាប័នណា ដែលត្រូវបាន វាយតម្លៃថា អាចមានសមត្ថភាពការងារខ្ពស់ នៅក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរ ក៏អាចនឹងទទួល បាននូវការបង្កើនថវិកាដូចគ្នាផងដែរ។
ពាក់ព័ន្ធនឹងក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០១៧ លោករដ្ឋលេខាធិការ មានប្រសាសន៍ថាជារួម សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១៧ នឹងនៅតែ អាចបន្តរក្សា បាននូវកំណើនយ៉ាងរឹងមាំ ប៉ុន្តែកម្ពុជាចាំបាច់ត្រូវដោះស្រាយបញ្ហា កំណើនតិចរបស់វិស័យកសិកម្ម និងត្រូវធ្វើពិពិធកម្ម ផលិតផលនិងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ បន្ថែមទៀត ព្រមទាំងការយកចិត្តទុកដាក់ ដល់ហានិភ័យនៃវិស័យឥណទាននិងអចលន ទ្រព្យ។ ជាមួយគ្នានេះកម្ពុជាត្រូវ ខិតខំបង្កើនការទាក់ទាញការវិនិយោគផ្ទាល់ មកពីបរទេសបន្ថែមទៀត ជាពិសេសដើម្បីគាំទ្រដល់ការ អនុវត្ត គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មតាមរយៈការកាត់បន្ថយ ចំណាយខ្ពស់ក្នុងការវិនិយោគ និង ពាណិជ្ជកម្មនិងធុរកិច្ច, ការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក និងការបណ្តុះបណ្តាលជំនាញ ព្រមទាំងការកែលម្អស្ថាប័ន និងអភិបាលកិច្ច។
ចំពោះក្របខ័ណ្ឌចំណូលថវិកាវិញ រាជរដ្ឋាភិបាលនឹងបង្កើនការប្រមូលចំណូលចរន្ត សរុបបន្ថែមឱ្យបានស្មើនឹង ០,៥៤% ធៀបនឹងច្បាប់ ហិរញ្ញវត្ថុឆ្នាំ២០១៦ ដើម្បីឈានទៅសម្រេចឱ្យបាន ១៨,២៤% នៃ ផសស នៅ២០១៧ ដែលក្របខណ្ឌចំណូលនេះបានឆ្លុះបញ្ចាំងអំពីការ ខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការកៀរគរចំណូល គ្រប់ប្រភេទទាំងផ្នែកចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធ។ ដោយឡែក ចំពោះក្របខ័ណ្ឌ ចំណាយ ថវិកា ឆ្នាំ២០១៧ វិញគឺនឹងបន្តតម្រង់ផ្តោតទៅលើការបង្កើនគុណភាពនៃសេវាធារណៈ និងគាំទ្រដល់ចលនកា នៃការកែទម្រង់ស៊ីជម្រៅលើវិស័យសំខាន់ៗ ជាពិសេសការបន្តដំឡើង ប្រាក់បៀវត្សជូនមន្រ្តីរាជការ ដើម្បីឈានសម្រេចគោលដៅបៀវត្ស អប្បរមាច្រើនជាង ១លានរៀលនៅឆ្នាំ២០១៨ ព្រមទាំងបង្កើនការវិនិយោគ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន៕




ប្រភព៖FRESH NEWS

No comments:

Post a Comment