Friday, July 01, 2016

ផ្សព្វផ្សាយសេចក្តីណែនាំលេខ០០៩ របស់អគ្គស្នងការនគរបាលជាតិ ស្តីពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

ខេត្តព្រះសីហនុ៖​ កាលពីព្រឹកថ្ងៃទី៣០​ ខែមិថុនា​ ឆ្នាំ​២០១៦​ នៅស្នងការដ្ឋាននគរ​បាលខេត្តព្រះសីហនុ​ប្រជុំ​ផ្សព្វផ្សាយ​សេចក្ដី​ណែនាំ​លេខ​០០៩​ របស់អគ្គស្នងការនគរ​បាលជាតិ​ និងសេចក្ដី​អំពាវនាវលេខ​០២៥​ គ​.ស​.ច.គ​ និងផែន​ការ​ស្តីពីការ​រឹត​បន្តឹង​ច្បាប់ចរា​ចរណ៍​ផ្លូវគោក ​របស់​គ.ស.ច.គ​ ដោយមានការចូលរួមពីលោកវរសេនីយឯក​ អ៊ី សុខា​ ស្នងការរង​ ទទួល​បន្ទុកប្រធាន ការិយាល័យកណ្តាលសណ្តាប់ធ្នាប់​ នៃស្នងការដ្ឋាននគរបាលខេត្តព្រះ​សីហនុ​។​
លោក​ អ៊ី ​ សុខា​ បានឱ្យដឹងថា​ តាមសេចក្តីណែនាំលេខ​ ០០៩​ ស​.ណ.ន​ ក្នុងការរឹតបន្តឹងអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោក​ថ្ងៃទី០១​ ខែមករា​ ឆ្នាំ​២០១៦​ មកដល់បច្ចុ​ប្បន្ន​ ទទួលបានលទ្ធផលវិជ្ជមានគួរកត់​សម្គាល់​ រួមចំណែកកាត់​បន្ថយគ្រោះថ្នាក់ចរាចរ​ កាត់​បន្ថយ​ អ្នកស្លាប់​ និងរងរបួស​ និងធ្វើ​ឱ្យប្រជា​ពលរដ្ឋ​ចូល​រួម​គោរព​ប្រតិ​បត្តិច្បាប់កាន់តែមានប្រសិទ្ធភាព​។​ ទន្ទឹម​នឹងកត្តាអវិជ្ជ​មានបង្កឱ្យ​មានគ្រោះថ្នាក់ចរា​ចរ ផ្លូវគោកបណ្តាល ត្រូវបន្តយកចិត្តទុកដាក់​ កែលម្អវិធានការ​ ក្នុងការរឹតបន្តឹង​ច្បាប់​ឱ្យបានសម​ស្រប​ សំដៅបង្ការ​ និងទប់​ស្កាត់គ្រោះ​ថ្នាក់​ និងបទល្មើសចរាចរណ៍ផ្លូវគោកដូចជា​ បើកបរខ្ជីខ្ជារ​ ឬធ្វេស​ប្រហែស​ ជាន់គំ​នូស​ផ្លូវ​ គ្នានកុងទ័រល្បឿន​ កុមារអាយុ​ក្រោម១០​ឆ្នាំ​អង្គុយកៅអីមុខ​ គ្មានសញ្ញាសម្គាល់រថយន្ត​។​
ដើម្បីអនុវត្តន៍វិធានការណ៍ពិន័យ អន្តរកាលចំពោះករណីល្មើស​ មិនពាក់មួកសុវត្ថិភាព​ ឬមិនដាក់ខ្សែត្រឹមត្រូវ​ មិនពាក់ខ្សែក្រវាត់​ ផ្លាកលេខខុសលក្ខណៈដើម​ គ្មានកញ្ចក់មើលក្រោយ​ ឬបំពាក់កញ្ចក់មិនត្រឹម​ត្រូវ​ ដឹកលើស​ចំ​ណុះ​ លើសល្បឿនកំណត់​ កង់សឹក​រេចរឹល ប្រើប័ណ្ណបើកបរហួសសុ​ពល​ភាព​ ឬមិនត្រឹមត្រូវតាមប្រភេទ យានយន្ត​ មិនផ្ទេរកម្មសិទ្ធិលើសពី​៩០ថ្ងៃ​ បើកបរមានជាតិស្រវឹង ឈប់ជាន់​គំនូសទទឹងផ្លូវ​សម្រាប់ថ្មើរជើង​ មិនគោរពភ្លើងសញ្ញា​ ផ្លាកសញ្ញា​ និងសញ្ញា​បញ្ជារបស់នគរបាល​ ប្រើប្រាស់​ទូរស័ព្ទ​ពេលបើកបរ​ និងបញ្ហា ផ្សេងៗមួយចំនួនទៀត​។​
លោក​ អ៊ី​ សុខា​ បានបន្តថា ការប្រជុំផ្សព្វផ្សាយ​ណែនាំ​លេខ ០០៩​ និងសេចក្តីអំពាវនាវ លេខ​ ០២៥​គ​.ស​.ច.គ​ មានគោលបំ​ណងបង្ការ​ និងទប់ស្កាត់គ្រោះ​ថ្នាក់ចរាចរ​ផ្លូវគោក​ចំពោះ​កម្មករ​ កម្មការិនី​។​ គណៈកម្មាធិ​ការជាតិ​ សុវត្ថិភាពចរាចរណ៍ផ្លូវគោក​ សហការជាមួយក្រុម​ការ​ងារ​ ប​.ស​.ស​ អាជ្ញាធរ​មូលដ្ឋាន​ និយោជក​ សហជីព​ បានបង្កើន​ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់កម្មករ​ កម្មការិនី​ និងអ្នកបើកបររថយន្ត​ ដឹកកម្មករ នៅតាមរោងចក្រ​ សហគ្រាស​ និងចុះធ្វើការអប់រំធ្វើការប្រឡងផ្តល់ប័ណ្ណបើក​បរដល់អ្នកបើកបរ​។​
សមត្ថកិច្ចចរាចរផ្លូវ​គោក​ខិត​ខំធ្វើការត្រួតពិនិត្យ​អប់​រំនៅតាម​ ផ្លូវ​ សំដៅកែតម្រូវទាន់​ពេលវេលានូវករណីល្មើស ក្នុងការដឹកជញ្ជូនកម្មករ​ កម្មការិនី​ ចូល​រួម​គោរព​ប្រតិបត្តិច្បាប់​ ធា​នាសុវត្ថិភាពក្នុងការដឹកជញ្ជូន​កម្មករ​ កាន់តែប្រ​សើរឡើងជាលំដាប់​ ។​
គប្បីកាត់បន្ថយជាអតិបរិមា​ នូវហានិភ័យគ្រោះថ្នាក់​ អ្នកបើកបរ​ត្រូវមានប័ណ្ណសម្គាល់យានយន្ត​ ផ្លាកលេខ​ និងវិញ្ញាបនបត្រត្រួត​ពិនិត្យលក្ខណៈបច្ចេកទេស​មាន​សុពលភាព​ សុវត្ថិភាព​ ពិសេស​កង់​ ភ្លើង​ ហ្វ្រាំង​ ចង្កូត​  ។​ល​។​ ដូច្នេះ​ អ្នកបើកបរមានការយល់​ដឹង​ និងចូលរួមអនុវត្តន៍តាមការ​ អំពាវនាវ​ ផ្តល់គុណប្រយោជន៍​ ក្នុងការ រក្សាសុវត្ថិភាពជូនកម្មករ ​កម្មការិនី​ ជាកម្លាំងផលិតកម្មដ៏សំខាន់​ ចៀសផុត​ពីគ្រោះ​ថ្នាក់​ចរាចរណ៍ផ្លូវគោក នៅទូទាំង​ប្រទេស​ពិសេស​ខេត្តព្រះសីហនុ​៕ ​




No comments:

Post a Comment