Tuesday, June 07, 2016

រដ្ឋសភាជាតិ ចេញសេចក្តីថ្លែងការណ៍ ទាត់ចោលការ​ចោទប្រកាន់ថា ស្ថាប័នជាតិមួយនេះធ្វើ​សកម្មភាពរំលោភ​លើអភ័យឯកសិទ្ធិសភា

នៅ​ប៉ុន្មាន​នាទី​មុន​នេះ រដ្ឋសភា​ជាតិ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដោយ​ទាត់ចោល​នូវ​ការ​លើកឡើង​ថា ស្ថាប័ន​ជាតិមួយនេះធ្វើ​សកម្មភាព​រំ​លោភលើអភ័យ​ឯកសិទ្ធិ​សភា និង​បានបដិសេធ​ចោល​ទាំង​ស្រុង​នូវ​ការ​លើក​ឡើង​មិន​ត្រឹម​ត្រូវ​នេះ​។
សេចក្តី​ថ្លែង​ការណ៍​របស់​អ្នកនាំ​ពាក្យ​រដ្ឋសភា​ ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ បាន​លើក​ឡើង​ថា ការ​ចោទ​ប្រកាន់​ថា ស្ថាប័ន​ជាតិ​មួយ​ចំ​នួន​ បាន​​និង​កំ​ពុង​ធ្វើ​សកម្មភាព​រំ​លោភ​លើ​អភ័យ​ឯកសិទ្ធិ​សភា​របស់​អ្នក​តំ​ណាង​រាស្ត្រ​ និង​សមាជិក​ព្រឹទ្ធ​សភានោះ​​ ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ បាន​បញ្ជាក់​ច្បាស់ហើយ​ថា ករណី​ទាំង​អស់​ខាង​លើ​នេះ​ គឺជា​ការប្រព្រឹត្តរបស់​បុគ្គល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ជាក់​ស្តែង ដែល​តុលាការ​បាន​និង​កំ​ពុង​ដោះ​ស្រាយ​សំ​ណុំ​រឿង​នីមួយៗ​ទៅ​តាម​នីតិវិធី​ និង​ច្បាប់​ជា​ធរមាន ហើយ​បាន​រាយការណ៍​មក​រដ្ឋ​សភា​ ដើម្បី​រដ្ឋសភា​សម្រេច​តាម​បទបញ្ញត្តិ​ច្បាប់។
សេចក្តី​ថ្លែង​ការណ៍​បាន​បញ្ជាក់​ថា ករណី​ សម រង្ស៊ី ជា​រឿង​បុគ្គលដែល​បាន​ប្រព្រឹត្ត​បទ​បរិហារកេរ្តិ៍​បុគ្គល​មួយ​ទៀត​។ ចំ​ណែកករណី​ ឯកឧត្តម ហុង សុខហួរ  ឯកឧត្តម អ៊ុំ សំ​អាន​​ ពាក់​ព័ន្ធ​​នឹង​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ជាក់​ស្តែង​ចំ​នួន​៣ គឺ​ បទ​ក្លែង​ឯកសារ​សាធារណៈ បទ​ប្រើ​ប្រាស់​ឯកសារ​ក្លែង និង​បទ​ញុះ​ញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរធ្ងន់ធ្ងរ​ដល់​សន្តិ​សុខសង្គម​ ដែល​មាន​ចែង​ក្នុង​មាត្រា​ ៦២៩ មាត្រា ៦៣០ និង​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ។ ដោយ​ឡែក​ករណី​ឯកឧត្តម​ កឹម សុខា គឺ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្តែង ដែល​មាន​ចែង​ក្នុង​មាត្រា​៥៣៨ នៃក្រម​ព្រហ្ម​ទណ្ឌ​ « បទ​បដិសេធក្នុង​ការ​ចូល​ខ្លួន​ »។

រដ្ឋសភាជាតិ​នៅ​បាន​បញ្ជាក់​ក្នុងសេចក្តី​ថ្លែង​ការណ៍​ដោយ​សង្កត់​ធ្ងន់​ថា ជាង​បួន​នីតិកាល​កន្លង​មកនេះ រដ្ឋ​សភា​អនុវត្តការងារ​របស់​ខ្លួន​យ៉ាង​ត្រឹម​ត្រូវ​តាម​រដ្ឋ​ធម្មនុញ្ញ បទ​បញ្ជាផ្ទៃ​ក្នុង​នៃ​រដ្ឋ​សភា​ និង​ច្បាប់​ជា​ធរមាន​ ជា​ពិសេស​ច្បាប់​ស្តី​ពី​លក្ខន្តិកៈតំ​ណាង​រាស្ត្រ​ ដោយ​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​កិច្ច​ការពារអភ័យ​ឯកសិទ្ធិ​សភា ពុំស្ថិត​ក្រោម​ការបង្គាប់​បញ្ជា ឬ​ក្រោម​ការ​គាប​សង្កត់ ឬ​ក្រោម​ឥទ្ធិ​ពល​របស់​ស្ថាប័ន​ណា​មួយ​ឡើយ ហើយ​រដ្ឋ​សភា​ក៏ពុំ​អាច​ការពារ​អភ័យ​ឯកសិទ្ធិ​សភា​របស់​តំ​ណាង​រាស្ត្រ​ដែល​ប្រព្រឹត្ត​បំ​ពាន​ច្បាប់​ជា​ធរមាន​បាន​ឡើយ​៕



No comments:

Post a Comment