Wednesday, May 04, 2016

NGO Forum ស្នើសុំឲ្យមានកិច្ចសហការល្អជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ របស់រដ្ឋសភា លើការងារថវិកាជាតិ

អង្គការវេទិកានៃអង្គ​ការមិនមែនរដ្ឋា​ភិបាល​ស្ដីពី​កម្ពុជា ហៅកាត់ថា NGO Forum បានស្នើសុំឲ្យមានកិច្ចសហការល្អ រវាងអង្គការខ្លួន ជាមួយ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ របស់រដ្ឋសភា ដោយក្នុងនោះ NGO Forum បានស្នើសុំឲ្យមានការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក​ជុំវិញបញ្ហា​សេដ្ឋកិច្ច ហិរញ្ញវត្ថុរបស់ជាតិ។ ការ​ស្នើសុំបានធ្វើឡើងនៅ​ពេលដែល ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនា​គារ និងសវនកម្មនៃរដ្ឋសភា អនុញ្ញាតឲ្យក្រុមការងារថវិកា របស់ NGO Forum ដឹកនាំដោយលោក តឹក     វណ្ណា​រ៉ា ជួប​ពិភាក្សាការងារ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។
នៅក្នុងកិច្ចប្រជុំនេះ លោក តឹក វណ្ណារ៉ា ដែលជានាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានលើកឡើងនូវសំណើចំនួនបួន ដល់គណៈកម្មការ។ សំណើទំាងនោះរួមមាន សុំឲ្យមានផ្លាស់ប្តូរព័ត៌មានគ្នា រវាង​អង្គការសង្គមស៊ីវិល​ជាមួយ​គណៈកម្មការជំនាញរដ្ឋសភា។ សុំឲ្យ គណៈកម្មការ​​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ធំៗ របស់អង្គការសង្គម​ស៊ីវិលដែលរៀបចំឡើង ហើយសុំ​ជួបប្រជុំជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ជា​ទៀង ទាត់​អោយបាន២ដង​ក្នុង១ឆ្នាំ និង​​ស្នើសុំអោយមានការចូលរួមពី អង្គការសង្គមស៊ីវិលសម្រាប់​​​​កិច្ច​ប្រជុំធំៗ ​របស់​គណៈកម្មការ​រៀបចំឡើង ដែលពាក់ព័ន្ធ ទៅនឹងច្បាប់ថវិកាជាតិ។
លោក តឹក វណ្ណារ៉ា បានគូសបញ្ជាក់ថា ​ក្រុមការងារថវិកា របស់អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) ​បានរៀបចំឡើង​តាំងពី​ឆ្នាំ២០០៦ មកម្ល៉េះ។ គម្រោងនេះបានធ្វើការងារផ្តោតលើកិច្ចការមួយចំនួន ដូចជាការកសាងសមត្ថភាពអង្គការ​សង្គម​ស៊ីវិលដែលពាក់ព័ន្ធទៅនឹង​ថវិកា និង​ចំណូល​​រវាងរដ្ឋាភិបាល និងអង្គការជាដៃ​គូ​។ ការងារទាក់ទងទៅនឹងគោលនយោបាយ​ថវិកា​ជាមួយ​ក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ និង​ការរួមចំណែកទាក់ទងទៅនឹងច្បាប់ថវិកា ជាពិសេសច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំនីមួយៗ​ របស់រាជរដ្ឋាភិបាល។
លោក តឹក វណ្ណារ៉ា បានមានប្រសាសន៍បន្តថា ក្រុមការងារថវិកា របស់ NGO Forum  មាន​សមាជិក ជាអង្គការជាតិ ​និងអន្តរជាតិ ចំនួន៨។ ក្រុមការងារ នេះ បានធ្វើការរួមគ្នាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​កម្ពុជា ក្នុងការធ្វើឲ្យមានតម្លាភាព​ថវិកា​រដ្ឋ។
ឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប បានឯកភាពទៅនឹងសំណើដែលបានលើកឡើង ព្រមទំាង​បានថ្លែងកោតសរ​សើរនិងវាយតំលៃខ្ពស់ ​ចំពោះអង្គ​ការ​មិនមែនរដ្ឋាភិបាល ​ដែលរយៈពេលកន្លងមកបាន​សំដែង​នូវការជឿ​ជាក់​ និង​ទុកចិត្ត​ទៅ​លើ​ស្ថាប័ននីតិប្បញ្ញត្តិ ​ក៏​ដូចជានីតិប្រតិបត្តិ។ ឯកឧត្តមបណ្ឌិតរដ្ឋ បានលើកឡើងថា ការចូលរួមរបស់​អង្គការមិនមែនរដ្ឋាភិបាល គឺជាផ្នែកមួយ​យ៉ាង​សំខាន់ ដែលបានជួយដល់រាជរដ្ឋា​ភិបាល   ​កម្ពុជា ​ក៏ដូច​ជា​ស្ថាប័ននីតិប្បញ្ញត្តិ​ ផងដែរ។

ទាក់ទងនឹងបញ្ហាថវិកាជាតិ ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប បានគូសបញ្ជាក់ថា នៅថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ២០១៦ ខាងមុខ ​គណៈ​កម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា នឹងធ្វើសិក្ខាសាលាថ្នាក់ជាតិ​ ស្តីអំពី​ការកសាង​ក្របខ័ណ្ឌម៉ាក្រូ​សេដ្ឋកិច្ច ដើម្បីប្រមូលព័ត៌មាន សម្រាប់រៀបចំ ផែនការថវិកា​សម្រាប់​ឆ្នាំ​២០១៧ និងដើម្បីសិក្សាស្រាវជ្រាវទៅលើការងារ​ទាំងឡាយ ​ដែល​រាជរដ្ឋាភិបាលកម្ពុជា​កំពុង​រៀបចំក្របខ័ណ្ឌកសាងម៉ាក្រូ សេដ្ឋកិច្ចរបស់ជាតិ ក្នុងការរៀបចំ​កសាងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់​គ្រប់គ្រងឆ្នាំ២០១៧។ ឯកឧត្តមបណ្ឌិតរដ្ឋ​ ក៏បានអញ្ជើញ​អង្គការ ​NGO Forum និងសមាជិកទាំងអស់​ចូលរួម​ក្នុងកម្មវិធីសិក្ខាសាលា នោះដែរ ៕






No comments:

Post a Comment