Wednesday, May 04, 2016

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបន្តយុទ្ធនាការចែកចាយទឹកទូទាំងប្រទេស រួមទាំងការ ជីកស្រះ និងអណ្តូងឲ្យបានច្រើនថែមទៀត

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងផេក
របស់សម្តេច ដែលមានឈ្មោះថា   Samdech  Hun Sen ,  Cambodian Prime Minister   ដោយ
សម្តេចបានអំពាវនាវ និងបញ្ជាក់បន្ថែមអំពីដំណើរការក្តៅគគុកនៃយុទ្ធនាការចែកចាយទឹកជូនប្រជាពលរដ្ឋ  ​ដែលកំពុងខ្វះទឹកទទួលទាន  ​គឺត្រូវបន្តធ្វើនៅទូទាំងប្រទេស ​​ រួមទាំងការ
ជីកអណ្តូងថ្មី ស្តារអណ្តូងចាស់ ជីកស្រះថ្មី ស្តារស្រះចាស់ និងជីកប្រឡាយថ្មី ស្តារប្រឡាយចាស់ ដើម្បីប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់រដូវកាល។ ចំពោះទីតាំងដែលមានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយ គឺយកទីតាំងនោះសម្រាប់ចែកចាយបន្តទៅតាមផ្ទះឬទីកន្លែងណាដែលខ្វះទឹកប្រើប្រាស់ដូចជាសាលារៀនជាដើម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះការជីកអណ្តូង និងស្រះគឺជីកអោយជ្រៅជាងដង្ហើមទឹក ហើយសូមបន្តជីកស្រះ និងអណ្តូងអោយបានច្រើនថែមទៀត។ បើមានប្រជាពលរដ្ឋបាក់រលំផ្ទះគឺត្រូវដោះស្រាយ ជួយជួសជុលសាងសង់ឡើងវិញអោយបានលឿនជាបន្ទាន់ ដើម្បីបងប្អូនមានជម្រកស្នាក់នៅឡើងវិញ។ ការផ្លាស់ប្តូរបម្រែបម្រួលធាតុអាកាសពិភពលោក គឺធ្វើអោយមានគ្រោះធម្មជាតិកើតឡើងលើពិភពលោក។ នេះជាគ្រោះធម្មជាតិដែលមិនធ្លាប់កើតឡើងជាង១០០ ឆ្នាំមកនេះ មិនថាតែកម្ពុជាទេ គឺកើតឡើងនៅលើពិភពលោកតែម្តងដែលយើងត្រូវរួមគ្នាដោះស្រាយ។

សម្តេចតេជោ ហ៊ុន សែន ក៏សូមបញ្ជាក់បន្ថែមសារជាថ្មីដោយសូមឲ្យក្រសួងផ្អាកការប្រជុំនៅភ្នំពេញ គឺត្រូវចុះទៅតាមខេត្តដើម្បីជួយប្រជាពលរដ្ឋកំពុងត្រូវការទឹក ជាពិសេសអភិបាលខេត្តត្រូវតែស្ថិតប្រចាំការនៅក្នុងខេត្ត។ តែបើមានកិច្ចប្រជុំចាំបាច់គឺអភិបាលរងឬក្រុមប្រឹក្សាខេត្តអាចមកចូលរួមប្រជុំនៅភ្នំពេញបាន។ បញ្ហាអត់ទឹកនេះគឺមិនមែនតូចតាចធម្មតានោះទេ តែវាជាគ្រោះមហន្តរាយដ៏ធំមួយដែលត្រូវប្រមូលផ្តុំកម្លាំងដើម្បីដោះស្រាយ។

សម្តេចតេជោ ហ៊ុន សែន ក៏សូមអរគុណសារជាថ្មីដល់ក្រុមហ៊ុនឯកជន សប្បុរសជនទាំងឡាយ និងអាជ្ញាធរ កាកបាទក្រហម ព្រមទាំងយុវជនស្ម័គ្រចិត្តដែលបាន និងកំពុងយកចិត្តទុកដាក់ជួយផ្តល់ទឹក   ​​ ជីកនិងស្តារស្រះ   ​​​ ​អណ្តូង ​​  ​​ ​​និងជួសជុលផ្ទះសម្បែងជូន

ប្រជាពលរដ្ឋ៕





No comments:

Post a Comment