សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
បានចេញមកបញ្ជាក់ថា ការប្រកាសបង្ហាញ កាលបរិច្ឆេទមុនពេលច្បាប់កំណត់នេះ ដើម្បីសម្រួលឲ្យគ្រប់ភាគីពាក់ព័ន្ធ
មានពេលវេលាគ្រប់គ្រាន់ ក្នុងការត្រៀមលក្ខណៈសម្បត្តិទទួលយកការបោះឆ្នោតមួយនេះ។
សម្តេចនាយករដ្ឋមន្រ្តី ក៏រំពឹងថា នឹងគ្មានការអត្ថាធិប្បាយណាមួយឲ្យលើសពីអ្វី
ដែលសម្តេចបានលើកឡើងនេះឡើយ ជុំវិញការប្រកាសកាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតជ្រើសរើស
ក្រុមប្រឹក្សាឃុំ-សង្កាត់នេះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូចនេះ នៅក្នុងឱកាស
អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី២៥
ខែឧសភា ឆ្នាំ២០១៦នេះ។
សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា
ការសម្រេចប្រកាសកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតនេះ ដើម្បីផ្តល់ពេលវេលាដល់គ្រប់ភាគីពាក់ព័ន្ធ
រួមមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
គណបក្សនយោបាយ ក៏ដូចជាប្រជាពលរដ្ឋត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា
សម្រាប់រៀបចំការបោះឆ្នោតឲ្យប្រព្រឹត្តទៅដោយភាពល្អប្រសើរ។ សម្តេចតេជោ ហ៊ុន
សែន ក៏បានបញ្ជាក់បន្ថែមថាការប្រកាសបង្ហាញកាលបរិច្ឆេទនេះ ក៏អាចជួយឱ្យក្រសួងមហាផ្ទៃខិតខំពន្លឿន
ការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិ ខ្មែរជូនប្រជាពលរដ្ឋ ដែលនៅសេសសល់ប្រមាណ ២លាននាក់ទៀត។
សម្តេចតេជោ បានបញ្ជាក់ផងដែរថា ការបង្ហាញកាលបរិច្ឆេទនេះ
ក៏ជួយឲ្យគណបក្សនយោបាយមានពេលវេលារៀបចំចាត់ចែងបេក្ខជន សម្រាប់ធ្វើក្រុមប្រឹក្សាឃុំ-សង្កាត់
ក៏ដូចជាបេក្ខជនត្រូវរៀបចំខ្លួន សម្រាប់ធ្វើជាមេឃុំ និងចៅសង្កាត់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យប្រជាពលរដ្ឋទៅធ្វើអត្តសញ្ញាណបណ្ណ និងទៅចុះបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ
ទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានធ្វើការអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធជាពិសេសគណបក្ស
នយោបាយបញ្ឈប់ការចោទប្រកាន់ផ្សេងៗដូចជាបញ្ហាបាត់ចំនួនអ្នកបោះឆ្នោត និងបញ្ហាទឹក
ខ្មៅជ្រលក់ដៃបន្ទាប់ពីបោះឆ្នោតហើយ ដែលធ្លាប់ត្រូវបានគណបក្សមួយចោទថាទឹកខ្មៅនោះ
អាចលុបវិញបានភ្លាមៗជាដើម៕
No comments:
Post a Comment