Monday, May 23, 2016

បទអត្ថាធិប្បាយ សូមកុំប្រែក្លាយជនដង្កូវសង្គមថា ជាកញ្ចក់

ក្នុង​ន័យ​លើកជើង​បក្ខពួក​ខ្លួន​ដែល​ជា​ក្រុម​តែ​មួយ លោក អេង ឆៃអ៊ាង តំណាង​រាស្ត្រ​​គណ​បក្ស​​សង្គ្រោះ​​ជាតិ​ បែរជាចាត់​ទុកជនល្មើស​មួយចំនួនដូច​ជា លោក អ៊ុំ សំអាន លោក អ៊ូរ វីរៈ និង​​មន្ត្រី​​សមាគម​អាដហុក រួម​ទាំង​លោក នី ចរិយា អគ្គ​លេខាធិការ​រង ​(គជប) ​ផង ថា​ជា “កញ្ចក់​” សំរាប់​ឆ្លុះ។
លោក អេង ឆៃអ៊ាង លើក​ឡើង​បែប​នេះ ហាក់​មាន​ចេតនាបំភ័ន្ត​មតិសាធារណៈ ធ្វើ​ឲ្យ​មាន​ការ​​យល់​ច្រឡំទៅនឹង​អភិក្រមរបស់​ប្រមុខ​រាជ​រដ្ឋាភិ​បាល ដែលបាន​ដាក់​ចេញ​ក្រោយ​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ គឺ​ “ឆ្លុះកញ្ចក់ ងូត​ទឹក ដុស​ក្អែល និង​ព្យាបាល”​។ អភិក្រម​នេះ ត្រូវ​​​បានប្រកាស ដាក់ឲ្យមន្ត្រីចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិអនុវត្ត គឺស្របទៅនឹងកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលអាណត្តិទី៥។

ជាក់​ស្តែងសមិទ្ធផល​ជាច្រើន​ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥នេះ សម្រេច​បាន​ដោយ​ប្រកាន់​​​​ខ្ជាប់​នូវអភិក្រម «ឆ្លុះ​កញ្ចក់ ងូត​ទឹក ដុស​ក្អែល និង​ព្យាបាល» មាន​ដូច​ជា ការ​កែទម្រង់​វិជ្ជាជីវៈគ្រូពេទ្យ​ក្នុង​វិស័យ​សុខាភិបាល ការ​កែទម្រង់​ប្រព័ន្ធ​អប់រំ​ក្នុង​វិស័យ​អប់រំ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ការ​កែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ ការ​កែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ការ​កែ​ទម្រង់​រដ្ឋបាល​សាធារណៈ ការ​កែ​ទម្រង់​កង​កម្លាំង​ប្រដាប់​អាវុធ កិច្ច​ការពារ​បរិស្ថាន ការ​បង្កើន​ប្រសិទ្ធភាព​នៃ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ ការ​កាត់​បន្ថយ​ភាពក្រីក្រ​ជូន​ពលរដ្ឋ និង​ការ​ធានា​បាន​នូវ​ស្ថិរភាព និង​ការ​អភិវឌ្ឍចំបញ្ហា​របស់​ប្រជា​ពលរដ្ឋ​ជា​ដើម។ល។

វា​ជា​រឿងដ៏​គួរ​ឲ្យ​អស់​សំណើចដែល​លោក អេង ឆៃអ៊ាង បាន​ចាត់​ទុក​ជន​ល្មើសដែល​បាន​ប្រព្រឹត្ត​បទបរិហាកេរ្តិ៍ បទ​ល្មើសសូក​ប៉ាន់សាក្សី ​សមគំនិត​សូក​ប៉ាន់​សាក្សី និង​បទ​ល្មើស​ជាក់​​ស្តែង​ក្នុង​ការ​ក្លែង​បន្លំ​ឯកសារ​សាធារណៈថា ជា​កញ្ចក់​សំរាប់​ឆ្លុះ​។ ផ្ទុយ​ទៅ​វិញ កញ្ចក់​ដែល​លោក អេង ឆៃអ៊ាង​ លើក​ឡើង​នេះ វា​បានឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​ក្អែល​យ៉ាង​ច្រើន​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលដុសមិន​ចេញ ឬពិបាកលាង​ឲ្យ​ជ្រះណាស់​ ដូច​​​​ករណី​ ​លោក សម រង្ស៊ី លោក កឹម សុខា និង​លោក អ៊ុំ សំអាន ជា​ដើម គឺ​សុទ្ធ​សឹង​តែ​ជាប់ពាក់​ព័ន្ធ​ទៅនឹង​ការប្រព្រឹត្ត​បទ​ល្មើស​ជា​ច្រើន រួម​នឹងការ​រុំ​ព័ទ្ធ​ទៅ​ដោយ​រឿង​អាស្រូវ​ស្នេហា​លួច​លាក់ និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ដើម។

ករណីលោក អ៊ុំ សំអាន តំណាងរាស្ត្រមណ្ឌលសៀមរាប បានប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយបានព្យាយាមក្លែងបន្លំឯកសារសាធារណៈ និងបង្ហោះព័ត៌មានភូតភរកុហកជាច្រើន ជាពិសេសការបំពុលព័ត៌មានថា រាជរដ្ឋាភិបាលបានប្រើប្រាស់ផែនទីក្លែងក្លាយ ក្នុងគោលបំណងញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ ក៏ដូចជាបង្កចលាចលនៅក្នុងសង្គម។

ករណីមន្ត្រីអាដ​ហុក និង​អគ្គលេខាធិការ​រង ​(គជប) ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ថ្មីៗនេះ គឺ​ដោយ​សារ​ពួក​គាត់​បាន​ព្យា​យាម​ប្រើ​ប្រាស់​សំ​ណូក​​ដើម្បី​ជំរុញឲ្យ​សាក្សី​ផ្តល់​សក្ខីកម្ម​ក្លែងក្លាយ ហើយ​អ្នក​ទាំង​អស់​នេះ ​ក៏​​បាន​សារ​ភាព​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​​រួច​ហើយ​ដែរ។ ​តាម​ចម្លើយ​សារ​ភាព​របស់​​មន្ត្រី​​អាដហុក និង​អគ្គលេខា​ធិការរង(គជប) គឺ​​ដោយ​សារ​ពួកគេផ្សំ គំនិត ចូលរួម​ជួយ​ការ​ពារ​​រឿង​អាស្រូវ​ពេស្យាកម្ម​របស់​ប្រធាន​ស្តីទី​គណ​បក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា។

ចំណែកករណីលោក អ៊ូរ វីរៈ អ្នកវិភាគនយោបាយរូបនេះ បានលាបពណ៌មកលើ​គណបក្ស​ប្រជាជន​កម្ពុជាថា រឿងដែលកើតមានឡើងចំពោះគណបក្សសង្គ្រោះជាតិ ជាពិសេស​​រឿងរ៉ាវស្នេហាលួចលាក់របស់លោក កឹម សុខា ជាមួយកញ្ញា ខុម ចាន់​តារ៉ាទី ឬស្រីមុំ និងស្រីក្មេងៗជាច្រើនទៀត សុទ្ធតែជាការរៀបចំរបស់គណបក្សប្រជាជនកម្ពុជា។ ការចោទប្រកាន់ដោយគ្មានភស្តុតាំង និងមូលដ្ឋានច្បាស់លាស់នេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា សម្រេចដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​សាលា​ដំបូងរាជធានីភ្នំពេញ ប្តឹង​លោក អ៊ូ វីរៈ ពី​បទ​បរិហាកេរ្តិ៍


កញ្ចក់​ គឺ​ដំណាង​ឲ្យ​ភាព​ថ្លា​ បរិសុទ្ធ រួច​ចុះ​ពួក​ជន​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ជា​មនុស្ស​ប្រភេទ​ណា? ពួក​គេ​ទាំង​អស់​នោះ គឺ​សុទ្ធ​សឹង​តែ​ពាក់​ព័ន្ធ​បទល្មើស ជា​ឈ្លើង​សង្គម បង្ក​ភាព​វឹក​វរ ចលាចល ប្រព្រឹត្ត​ក្បត់​សតិសម្បញ្ញៈកាន់​ជើង​ជន​ល្មើស មាន​ចេតនា​ចង់​ឲ្យ​សង្គម​ជាតិ​ច្របូក​​​​​ច្របល់។ តើ​ពួក​គេ​ស័ក្តិ​សម​ជា​កញ្ចក់​ដែរ​ឬទេ? តើ​ជារបាំង ឬជាកញ្ចក់សំរាប់​ការ​ពារ​រឿង​អាស្រូវ​ស្នេហាលួច​លាក់​របស់​ប្រធាន​ស្តីទីគណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ដែរ​ឬទេ?
ដោយ សុខ សុវណ្ណ

No comments:

Post a Comment