Thursday, February 25, 2016

ទស្សនវិភាគ៖ រាជរដ្ឋាភិបាលកម្ពុជា​កំពុងអនុវត្តកម្មវិធីនយោបាយ​របស់ខ្លួនស្រប តាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍ

ជាការឆ្លើយតបនឹងការវិភាគបែបលំអៀងរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្រ្វែល ដែលពុំមានគោលការណ៍ស្រាវជ្រាវច្បាស់លាស់ ដែលបានលើកឡើងថា រដ្ឋាភិបាល អនុវត្តកម្មវិធីនយោបាយមានសូចនាករមិនច្បាស់លាស់។
តាមការពិតរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បាននិង​កំពុង​អនុវត្តកម្មវិធីនយោបាយសម្រាប់​អាណត្តិទី៥ បានត្រឹមត្រូវជាទីបំផុតទៅតាមដំណាក់កាលជា ជំហ៊ានៗស្របតាមផែនការយុទ្ធសាស្រ្ត ដោយផ្អែកលើកត្តាធនធានមនុស្ស និងធនធានបច្ចេក​ទេស​ច្បាស់លាស់។ កម្មវិធីនយោបាយដែលរាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តក្នុងអាណត្តិទី ៥នេះរួមមាន៖ កំណើនសេដ្ឋកិច្ច៧ភាគរយ ការកាត់បន្ថយអត្រាភាពក្រីក្រ១ភាគរយរៀងរាល់ ឆ្នាំ ការបញ្ឈប់ដីសម្បទានសេដ្ឋកិច្ច ការបង្កើតគោលនយោបាយដឹកជញ្ជូន ការបង្កើនចំនួន ភ្ញៀវទេសចរបរទេសតាមគោលនយោបាយបើកចំហរជើងមេឃតាំងពីអាណត្តិទី២ ការបង្កើត​គោល​នយោបាយជាតិទាក់ទងនឹងការងារនិងអាជីព គោល​នយោបាយ​ទឹក​សម្រាប់​គ្រួសារ​នេសាទ ការចុះបញ្ជីដីធ្លី ការបង្កើតគោលនយោបាយជាតិស្តីពីលំនៅឋាន លទ្ធភាព​របស់​ពល​រដ្ឋ​ក្នុងការប្រើប្រាស់ទឹកស្អាត ការផ្គត់ផ្គង់អគ្គីសនីដល់ភូមិ ការសាង​សង់​សាលា​រៀន​ថ្នាក់​មធ្យម​សិក្សានៅគ្រប់ឃុំសង្កាត់ ការនាំចេញស្រូវអង្ករ១លានតោន ក្នុងឆ្នាំ២០១៥ ការរក្សា​គម្រប​ព្រៃឈើ ការអនុវត្តប្រាក់សោធនិវត្តន៍ក្នុងវិស័យឯកជន និងការកែលម្អផ្លូវតាមជនបទ។ កម្មវិធីនយោបាយទាំង១៦ខាងលើនេះ កំពុងត្រូវបាន និងកំពុងអនុវត្តជាជំហ៊ានៗស្រប​តាម​ផែន​ការយុទ្ធសាស្រ្ត ដោយផ្អែកលើកត្តាធនធានមនុស្ស និងធនធាន​បច្ចេក​​ទេស​។
យោងតាមទ្រឹស្តីនៃការគ្រប់គ្រងនៅក្នុងអង្គភាពអាជីវកម្មចែងថាការគ្រប់គ្រងត្រូវមានធាតុផ្សំ៤យ៉ាងរួមមានការ​​ធ្វើផែនការ ការរៀបចំរចនាសម្ព័ន្ធការងារ ការដឹកនាំ និង​ការ​តាម​ដាន​ជាដើម។ ដែលទាំងអស់នេះទាមទារការចូលរួមពីភាគីពាក់ព័ន្ធ​​​គ្រប់លំដាប់ថ្នាក់ដើម្បី​ឈាន​​ដល់ការគ្រប់គ្រងមានប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព។ ចំ​ណែកឯ​​​​​ការ​​គ្រប់គ្រង និង​ការ​អនុវត្ត​កម្មវិធីនយោបាយថ្នាក់ជាតិវិញ ដោយមិនចាំបាច់​គិត​ដល់​ការ​គ្រប់​គ្រង និង​ដឹកនាំ​ប្រទស​ជាតិ​ទាំងមូលផងទេ កាន់តែមាន​វិសាល​ភាព​ធំ​ធេង​​​ ដែលគេមិនអាចចេះ​​តែ​ធ្វើ​ការវិភាគ​បែប​លំអៀង និងមិនច្បាស់លាស់​របស់អង្គការ​ណា​មួយ​នោះ​​​ឡើយ។
ដោយឡែកការវិភាគ របស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល គឺជាការ​វិភាគ​ដែល​​ពុំមានមូលដ្ឋានច្បាស់លាស់ឡើយ គឺគ្រាន់តែជាការវិភាគបែបសើរៗមិនស៊ីជម្រៅ ដោយ គ្មានឧបករណ៍សម្រាប់វាស់វែងច្បាស់លាស់ពោលគឺផ្អែកលើទិន្នន័យចម្បង ដែលមានស្រាប់ពី អង្គការនានា ដែលជាទិន្នន័យចាស់ ហួសសម័យមិនអាចពឹងផ្អែកបាន។ ម្យ៉ាងវិញទៀត ការស្រាវជ្រាវ និងការស្ទង់មតិ ដោយជ្រើសរើសអ្នកចូលរួមចំនួនតែ ៧៩៧នាក់ធ្វើជាសំណាក ក្នុងការសិក្សាស្រាវជ្រាវ មិនអាចយកជាការបានឡើយ បើប្រៀបធៀបនឹងអត្រាប្រជាជន​កម្ពុជា។
យោងតាមលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានថ្លែង​បញ្ជាក់​យ៉ាងច្បាស់ថា រដ្ឋាភិបាលបានអនុម័តកម្មវិធីនយោបាយរបស់គណបក្សសម្រាប់អនុវត្ត គឺ មិន មានន័យថា ត្រូវតែបំពេញទាំងអស់នោះទេ គឺរាជរដ្ឋាភិបាលបាននិងកំពុងធ្វើការមួយ​ជំហ៊ាន​ម្តងៗ ស្របតាមផែនការយុទ្ធសាស្រ្ត និងកត្តាមួយចំនួន ដែលត្រូវផ្អែកលើធនធាន មនុស្ស និងធនធានបច្ចេកទេសដែលយើងមិនអាចបំពេញបានពេញ​លេញតាមគោល​បំណង​នោះ​ទេ។
ការលើកឡើងបែបនេះ គឺជាការត្រឹមត្រូវបំផុត ដែលយើងគួរយកមកត្រឹះរឹះពិចារណា មុនធ្វើការវិភាគបែបមិនច្បាស់លាស់ ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំណាមួយពីសំណាក់ ប្រជាពលរដ្ឋទូទៅ ដើម្បីបម្រើផលប្រយោជន៍មហិច្ឆិតានយោបាយរបស់ក្រុមខ្លួនតែប៉ុណ្ណោះ។





No comments:

Post a Comment