ក្រសួងមហាផ្ទៃ
បានប្រារព្ធសន្និបាតប្រចាំឆ្នាំ ដោយពិនិត្យមើលលើបញ្ហាប្រឈមនានា
និងទិសដៅសម្រាប់អនាគតទៅមុខទៀត ក្នុងផែនការរក្សាសន្តិសុខ
និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។
មហាសន្និបាតបានពិនិត្យបញ្ហាប្រឈមនានា
ចាប់តាំងពីករណីសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម…ចរាចរណ៍…
ករណីប្លន់ប្រដាប់អាវុធ… បញ្ហាគ្រឿងញៀន
។ល។ ក្នុងរយៈពេល ៣ថ្ងៃ
ដោយមានការចូលរួមពីមន្ត្រីនគរបាលទូទាំងប្រទេស ពីបណ្តារាជធានី
និងខេត្តទាំង២៥ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បង្ហាញកត្តាមួយ
ដែលជាប់ទាក់ទងនឹងបញ្ហាចរាចរណ៍ ដែលបានបង្កអោយមានមនុស្សស្លាប់
និងរបួសជារៀងរាល់ថ្ងៃ និងដែលសមត្ថកិច្ចមិនទាន់រកឃើញប្រសិទ្ធភាពដោះស្រាយបាន
នាពេលនេះ ។ បញ្ហាចម្បងនោះ គឺជាបញ្ហាល្បឿន ដែលបានចូលរួមចំណែក
៥០ភាគរយ នៃការធ្វើអោយមនុស្សស្លាប់ និងរងរបួស ។
កត្តាចរាចរណ៍ ត្រូវគេកត់សម្គាល់ថា មានចំនួនច្រើននៅក្នុង
ខែមករា ឆ្នាំ ២០១៦ ដោយក្នុងមួយខែដើមឆ្នាំនោះ មានមនុស្សស្លាប់ចំនួន
១៨២នាក់ ស្មើនឹងស្លាប់ប្រមាណ ៦នាក់/ក្នុងមួយថ្ងៃ… ចំណែកអ្នករងរបួសមាន៩៥១នាក់ ស្មើនឹងជាង
៣០នាក់/ក្នុងមួយថ្ងៃផងដែរ ។ នៅក្នុង ខែកុម្ភៈ នេះវិញ ក្នុងរយៈ ៩ថ្ងៃ
ដំបូងដែលរួមមានព្រឹត្តិការណ៍ចូលឆ្នាំចិន/វៀតណាម ផងដែរនោះ
មនុស្សស្លាប់ដោយចរាចរណ៍មានចំនួន ៨៣នាក់ និងមានអ្នករងរបួសសរុប
២៥៨នាក់ ផងដែរ ។ ប៉ុន្តែក្រោយរយៈពេល ៩ថ្ងៃនោះមក
ចំនួនមនុស្សដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍បានធ្លាក់ចុះវិញ ។
ក្នុងបញ្ហាដទៃទៀតក្រៅពីកត្តាចរាចរណ៍ សម្តេចក្រឡាហោម
បានមានប្រសាសន៍កត់សម្គាល់ថា បទល្មើសទូទាំងក្នុងប្រទេសមានការថយចុះ
៤ភាគរយ បើធៀបនឹងឆ្នាំមុន
បើទោះបីជាមានបទល្មើសឧក្រិដ្ឋមានការកើនបន្តិចបន្តួច
ប៉ុន្តែនគរបាលបានខិតខំបង្ក្រាបបទល្មើសបានរហូតដល់ ៨០ភាគរយ ។
សម្តេចក្រឡាហោមបានលើកពីកិច្ចប្រឹងប្រែង
ការបណ្តេញបរទេសខុសច្បាប់ដែលមានចំនួនជាង ៥ពាន់នាក់ មានចំនួន
៥០សញ្ជាតិ… ករណីអគ្គអត្តសញ្ញាណកម្ម
ដែលការធ្វើអត្តសញ្ញាណប័ណ្ណថ្មី ក្នុងចំណោម ១០លាននាក់
គឺនៅសេសសល់តែចំនួន ៣លាន ៦សែននាក់ នោះទេ ដែលគេរំពឹងថា
នឹងអាចរួចរាល់នៅមុនការបោះឆ្នោតអសកលឆ្នាំ ២០១៧ខាងមុខនេះ ៕
No comments:
Post a Comment