Monday, February 01, 2016

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការបំផ្លាញសន្តិភាពវាងាយស្រួល តែការកសាងសន្តិភាព និងថែរក្សាសន្តិភាពគឺជាកិច្ចការដ៏លំបាក

នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ Facebook Page របស់សម្តេច បានសរសេរសារមួយ និងបន្តបង្ហោះជាមួយរូបភាពជាច្រើនសន្លឹក ស្តីពីសកម្មភាពដែលសម្តេច អញ្ជើញទៅពិនិត្យសួនច្បារ និងហាត់ប្រាណជាមួយបងប្អូនប្រជាពលរដ្ឋ, ថតរូបជាមួយប្រជាពលរដ្ឋ និងបានពិសារនំបញ្ចុក និងផ្លែខ្នុរ និង បានពរចៅៗមួយចំនួនដោយក្តីស្រឡាញ់កាលពីពេលថ្មីៗនេះ។

នៅក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ការតស៊ូរបស់សម្តេច ដើម្បីរំដោះជាតិមាតុភូមិចេញពីរបប ប៉ុល ពត និងដឹកនាំកម្ពុជាស្វែងរកសុខសន្តិភាព ជាពិសេសគឺនយោបាយឈ្នះៗ បានធ្វើឱ្យកម្ពុជាមានសន្តិភាពទាំងស្រុង។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមទៀតថា ទោះជាជីវិតរបស់សម្តេច ពោរពេញដោយទុក្ខសោកស្ទើរស្លាប់ស្ទើររស់ តែពិតជាមានមោទនភាពដែលបានចូលរួមរំដោះប្រជាជនចេញពីរបប ប៉ុល ពត ដឹកនាំការស្វែងរកសន្តិភាព ជាពិសេសនយោបាយឈ្នះៗ ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពទាំងស្រុង ដែលផ្តល់ឱកាសសំរាប់ការអភិវឌ្ឍប្រទេស និយាយរួមនិងរាជធានីភ្នំពេញនិយាយដោយឡែក។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលតែងផ្តល់នូវការគាំទ្រ និងស្រឡាញ់រាប់អានចំពោះសម្តេច ហើយសម្តេចក៏បានសុំទោសបងប្អូនមួយចំនួន ដែលចង់ថតរូបជាមួយ តែមិនបានថតដោយមនុស្សច្រើនពេក។ សម្តេច ក៏បានអំពាវនាវ ដល់ជនរួមជាតិទាំងអស់ ឱ្យបន្តរួមដំណើរក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត៕





No comments:

Post a Comment