Monday, February 01, 2016

បណ្ឌិត ហ៊ុន ម៉ាណែត៖ តួនាទីរបស់កងទ័ព គឺការពារជាតិ ថែរក្សាសន្តិភាព និងលះបង់គ្រប់យ៉ាង ដើម្បីប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាចុងសប្តាហ៍កន្លងទៅនេះ បានអញ្ជើញជាវាគ្មិនកិត្តិយស នៅក្នុងសន្និបាតបញ្ញាវន្តពិភពលោក ដោយបានធ្វើបឋកថាស្តីពី «ការចូលរួមរបស់កងទ័ព នៅក្នុងការការពារជាតិ និងអភិវឌ្ឍសង្គម» ដែលលោកបានលើកឡើងថា ការកសាងជាតិ គឺសំដៅលើដំណើការកសាង ហេដ្ឋារចនាសម្ព័ន្ធ និងការកសាងអត្តសញ្ញាណជាតិ ដោយអំណាចរដ្ឋ ហើយជាការប្រមូលកម្លាំងជាធ្លុងមួយ ដើម្បីថែរក្សាស្ថេរភាពសង្គម ជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍប្រទេសឱ្យ មានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តួនាទីរបស់កងទ័ព គឺការពារជាតិ ថែរក្សាសន្តិភាព ចូលរួមអភិវឌ្ឍជាតិ និងលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋព្រោះថា សង្គ្រាមដែលបានសម្លាប់ជីវិតមនុស្ស ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភាពរងទុក្ខវេទនា របស់ប្រជាពរដ្ឋកម្ពុជា និងភាពអសន្តិសុខ ដែលកើតមាននៅក្នុងប្រទេសមួយចំនួន បានធ្វើឱ្យមនុស្សស្គាល់ ពីតម្លៃសន្តិភាពនៅកម្ពុជា។
បើតាមការបញ្ជាក់របស់លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័នអប់រំ IDP បានឱ្យដឹងថា គោលបំណងនៃការរៀបចំសន្និបាត បញ្ញាវន្តពិភពលោកលើកទី២នេះឡើង ក្នុងគោលបំណងប្រមូលផ្តុំវាគ្មិនសំខាន់ៗ បញ្ញាវន្តដែលបានបញ្ចប់ការសិក្សា នៅក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ នៅក្នុងការអភិវឌ្ឍសង្គមជាតិ។
សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលសន្និបាតបញ្ញាវន្តពិភពលោក ត្រូវបានរៀបចំឡើងដោយស្ថាប័នអប់រំ IDP នៅសណ្ឋាគារ Intercontinental រយៈពេលមួយថ្ងៃកន្លះ ដោយផ្តោតលើប្រធានបទចំនួន១២ ដែលធ្វើបឋកថា ដោយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល កម្ពុជា និងបទបង្ហាញពីសំណាក់វាគ្មិនសំខាន់ៗ ព្រមទាំងមានការចូលរួមពី តំណាងអង្គការសមាគមជាតិ អន្តរជាតិ ក្រុមហ៊ុន និង បញ្ញាវន្តជាតិ អន្តរជាតិប្រមាណ៥០០នាក់៕






No comments:

Post a Comment