Wednesday, December 02, 2015

វិភាគនយោបាយ, ពស់អសិរពិសត្រូវបានកាច់ចង្កូម!

វាពិត​ជា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរបំ​ផុត និង​អាច​បំ​ផ្លាញ​ខ្ទេចខ្ទីអស់ទាំង​ស្រុងនូវ​សមិទ្ធផល និង​ភាព​សុខសាន្ត​របស់​ពលរដ្ឋខ្មែរ ដែល​បាន​ស្តារ ​និង​​កំ​ពុង​អភិវឌ្ឍ​រីកចំ​រើន​មក​ដល់​សព្វ​ថ្ងៃ​ បន្ទាប់​ពី​កម្ពុជា​បាន​ហែល​ឆ្លង​នូវ​ទុក្ខ​វេទនា​ ដោយ​សារ​សង្គ្រាមពី​អតី​តកាល ដូចជា​ក្នុង​របបប្រល័យ​ពូជសាសន៍ ប៉ុល ពត​ជា​ដើម​ ប្រសិន​ណា​បើ​លោក សម រង្ស៊ី នៅ​តែត្រូវ​បាន​អនុញ្ញាតឲ្យ​ធ្វើ​សកម្មភាពដោយសេរី​និង​ប្រើនូវ​នយោបាយ​ទុចរិត ញុះ​ញង់​ អុចអាល​ បង្ក​ចលាចល​សង្គម​ទៀត​នោះ​។
វិធាន​ការ​ច្បាប់​ ដើម្បី​ធានាសុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សណ្តាប់ធ្នាប់​សង្គម និង​ការពារ​កិត្តិយស សេចក្តី​ថ្លៃ​ថ្នូ​របុគ្គលជា​ថ្នាក់​ដឹកនាំ​មួយ​ចំ​នួន​ គឺជា​ជម្រើស​ដ៏​ចាំ​បាច់​ និង​បន្ទាន់​បំ​ផុត​ដែល​ត្រូវ​បាន​គេមើល​ឃើញ​ថា ​ ​ស្ថាប័នតុលាការ​កំ​ពុង​បង្កើន​ល្បឿនក្នុង​ចេញ​ដីកាជា​បន្ត​បន្ទាប់​ ដែល​ជា​វិធានការ​ច្បាប់​ដ៏តឹង​រឹង ដែលសមត្ថកិច្ចនឹង​ត្រូវ​តែ​អនុវត្ត ​ទៅ​លើ​លោក សម រង្ស៊ី ក្នុង​នោះ​ក៏មាន​បណ្តឹង​ជា​លក្ខណៈឯកជនជាមួយ​លោក ហោ ណាំ​ហុង​ រួម​ជា​មួយ​បណ្តឹងពី​បទ​បរិហារ​កេរ្តិ៍​​ថ្មី​១ទៀត​ផង​ដែរ របស់​លោក ហេង សំ​រិន​ ប្រធាន​រដ្ឋ​សភា​ ។ វិធាន​ការ​នេះ​អាច​ត្រូវ​បាន​គិតថា ជា​យុទ្ធ​នាការ​បោសសម្អាត​មេក្លោង​ដែលជា​ឈ្លើង​សង្គម​ និង​ជាឆ្នូន​ភ្លើងអាច​នឹង​នាំ​ឲ្យ​មាន​សង្គ្រាម​ស៊ី​វិល​កើត​ឡើង​​បាន​។
លោកនាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ធ្លាប់បាន​បញ្ជូន​សារតាម​រយៈ Facebook page ផ្ទាល់​ខ្លួន​របស់​លោក​ កាលពី​អំ​ឡុង​ខែ​តុលា ឆ្នាំ​២០១៥​កន្លង​ទៅ ដោយ​ដាក់​ចំ​ណង​ជើង​ថា « នយោបាយ​ដ៏​គ្រោះ​​ថ្នាក់ »​ សម្រាប់​ការ​វិភាគ​ចែក​រំ​លែក​ការយល់​ដឹង​ដល់​ប្រជា​ពលរដ្ឋ​ ដើម្បី​ធ្វើ​ការ​ពិចារណា​ ជៀស​វាងការ​ចាញ់​​បោក​ពី​អ្នក​នយោបាយដែល​មាន​មហិច្ឆតា​ស្វែង​រក​អំ​ណាច​ ។
លោក ហ៊ុន សែន បំ​ភ្លឺតាម​រយៈសារដ៏​មាន​សារៈសំ​ខាន់​នោះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្នក​នយោបាយ​​ប្រជា​ភិថុត​មួយ​រូប ដែល​ជា​ប្រធាន​គណបក្ស​ប្រឆាំង បច្ចុប្បន្ន​ក្លាយ​ជា​ទណ្ឌិត​និរទេស​ខ្លួន​ បន្ទាប់ ពី​បុគ្គល​រូប​នោះ បាន​បញ្ចេញ​នូវ​សារ​ជា​ច្រើន​តាម​រយៈវេទិកាសាធារណៈជា​មួយ​ក្រុម​អ្នក​គាំ​ទ្រ​ខ្លួន​ និង​តាម​រយៈFacebook  ដោយ​ប្រើ​ពាក្យ​បោកបញ្ឆោត​ចំ​នួន​៣ករណី គឺ​ការ​បង្ហោះសារបំពុលប្រជា​ពលរដ្ឋ​​អំពីថា ទី១‑ បើ​បក្សគេឈ្នះ​ឆ្នោត ពួក​គេនឹង​បង្កើត​តុលាការកាត់​ទោសអ្នក​រក​ស៊ី​ ដែល​គេ​ចោទ​ថា ជា​អ្នក​រក​ស៊ី​ខុសច្បាប់ ដែល​ភាសា​នេះ​ ជា​ការ​ជាន់​ដានប្រវត្តិសាស្ត្រ​ដ៏​ជូរចត់ នាំ​ឲ្យ​មានការ​ផ្លាស់​ប្តូររបប ក្នុង​នោះ ដូចជានៅសម័យ​ប៉ុល ពត បាន​​កាត់​ទោសប្រហារជី​វិត​មនុស្សអស់​រាប់​លាន​នាក់​ ដោយ​ការ​ចោទ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ថាជា​ជន​ក្បត់។ យ៉ាង​ណា​មិញ បើ​លោក សម រង្ស៊ី យក​ទ្រឹស្តី​នេះ​មក​អនុវត្ត​តាម​រយៈការបង្កើត​តុលាការ​ថ្មី កាត់ទោស​អ្នក​រក​ស៊ី​ខុសច្បាប់ នោះ​មនុស្ស​មួយ​ចំ​នួន​នឹង​ត្រូវ​ប្រឈមការដែល​គេដើរចង្អុលមុខ ចោទ​ថា ជា​ឈ្មួញ​ទុចរិត រក​ស៊ី​ខុសច្បាប់ តាម​ចិត្ត​គេនឹក​ឃើញ និង​តាម​គំ​នុំ​ផ្ទាល់​ខ្លួន​។ សំ​នួរ​ដែល​ត្រូវ​ចោទ​សួរ​នោះ តើ​ប្រព័ន្ធ​តុលាការ​ដែល​មាន​ស្រាប់​ ច្បាប់​ដែល​មាន​ស្រាប់ នឹង​ត្រូវ​រំ​លាយ​ចោល​ បង្កើត​តុលាការ​ថ្មី និង​ច្បាប់​ថ្មី​ ឬ​យ៉ាង​ណា​?។ របៀប​នេះហើយ​ដែល​មិន​ខុសអ្វី​ពី​របបប៉ុល ពតនោះឡើយ​។ ទី២‑ លោក សម រង្ស៊ី ក៏ធ្លាប់​បាន​បន្ទាប​បន្ថោក​សញ្ញាបត្រ​ស្រុក​ខ្មែរថា គ្មាន​តម្លៃ​។ ភាសានេះ គឺ​ជា​ការ​ប្រមាថមើល​ងាយដ៏​យ៉ាង​ធ្ងន់​ធ្ងរ​ ចំ​ពោះ​​តម្លៃ​របស់​សិស្ស និស្សិត​ លោក​គ្រូ​អ្នក​គ្រូ និង​ពល​រដ្ឋ​កម្ពុជា​ខ្លួន​ឯងដែល​មាន​សញ្ញាបត្រនៅ​ស្រុក​ខ្មែរ សុទ្ធ​តែ​អត់​តម្លៃ​ ។ ដូច្នេះ បើ​បក្សគេជាប់​ឆ្នោត​នោះ និង​បង្ក​ភាព​ចលាចលនៅ​ក្នុង​សង្គម​ជាក់​ជាពុំ​ខាន ដោយ​សារមនុស្ស​ជា​ច្រើន​នឹង​អត់​ការងារ​ធ្វើ ឬ​ក៏​ត្រូវ​គេបាន​បញ្ឈប់​ពី​ការ​ងារ​ដោយ​សារ​តែ​គ្មាន​សញ្ញា​បត្រមក​ពី​បរទេស​។ ចំ​នុច​ទី៣‑ មេបក្ស​ប្រឆាំង​ក៏​ធ្លាប់​បាន​ សន្យាបោកប្រាស់​ បើបក្ស​គេឈ្នះ​ឆ្នោត មន្ត្រី​រាជ​ការ កង​កម្លាំង​ប្រដាប់​អាវុធ​ នឹងរក្សាទុកតំ​ណែង​ដដែល​ មិន​ដក​ចេញ​ទេ។ ភាសានេះ មិន​ខុសអ្វី​ពី​ចុះ​ទឹក​ក្រពើ​ ឡើង​លើ​ខ្លា គឺ​បាន​ប៉ះ​ពាល់​ដល់​ទឹក​ចិត្ត​ទាំងមន្ត្រី​ចាស់​ និង​អ្នក​ដែល​ឡើង​មក​ថ្មី គឺ​ពិបាក​នឹងកើត​មាន​បានដូចការ​សន្យាបោប្រាស់​នោះ​ទេ ដោយ​សារតែ​ « បើរក្សា​អ្នក​ចាស់ វាប៉ះ​អ្នក​ថ្មី ដែល​បានចំ​ណាយ​ទ្រព្យ​ធន និងចូលរួម​តស៊ូ​កន្លង​មក​ជា​មួយ​បក្ស​ខ្លួន ប៉ុន្តែមិន​បាន​ទទួល​តំ​ណែង»​ ហើយ​បើ​យក​អ្នក​ថ្មីបញ្ជូលឲ្យ​ធ្វើ​ការ វា​នឹង​ប៉ះ​អ្នក​ចាស់ ពី​ព្រោះ​តែ​ខ្លួន​បាន​សន្យា។ នេះ​ជា​នយោបាយ​បែប​ជនពុល​ក្តួច ឬ​ក៏ការចង់​ងាក​មក​ឲ្យ​ពលរដ្ឋ​ខ្មែរស៊ី​បាយ​នឹង​ត្រឡោក ដូច​សម័យ​ប៉ុល ពត ដែល​ខុសពីសម័យបច្ចុប្បន្ន ដែល​កំ​ពុង​​ស្ថិត​ក្នុង​បច្ចេក​វិទ្យា​ដ៏​ទំ​នើប​ និង​ទាន់​សម័យ​​។ ភាសាទាំង​៣ ចំ​ណុចនេះ វា​គ្រាន់​តែ​ជា​នយោបាយ​ប្រជា​ភិថុតរបស់​លោក សម រង្ស៊ី ដែល​និយាយចេញ​មក​ដោយ​ខ្វះ​ការ​ពិចារណា​តែ​ប៉ុណ្ណោះ​។
បើ​ទោះ​ជា​ទទួល​រងនូវ​ការ​ឆ្លើយ​តប​ទៅ​វិញ​ដ៏​សម​ហេតុ​ផលរបស់​លោក ហ៊ុន សែន ប៉ុណ្ណឹង​ទៅ​ហើយ ក៏​ឥរិយាបថរឹង​រូសរបស់​លោក សម រង្ស៊ី មិន​ព្រម​កែ​ប្រែ​ និង​ដក​ថយ​ឡើយ គឺ​គាត់​ខំ​ដើរទៅ​មុខទាំង​ងងឹត​ងងុល​ គ្មាន​សតិសម្បជញ្ញៈអ្វី​បន្តិច​សោះ​ ដើម្បី​តែ​គោល​ដៅ​បំ​ផ្លាញ​តែ​មួយ​គត់ នៅ​ពេល​ដែល​ការ​បរាជ័យ​កំ​ពុង​តែ​ជាន់​កែង​គាត់​ជាប់​រហូត​។
គេបាន​ពិនិត្យ​ឃើញ​ថា ដោយ​ឈរលើ​ស្មារតី​ ផ្សះ​ផ្សាបង្រួប​បង្រួម​ជាតិ ឯកភាព​ផ្ទៃ​ក្នុងខ្មែរតែ​មួយ​ លោក ហ៊ុន សែន បាន​ផ្តល់​នូវភាព​អនុគ្រោះ​ម្តង​ហើយ​ម្តងទៀតដល់​លោក សម រង្ស៊ី​ រហូត​មាន​ពេល​ខ្លះ​ លោក ហ៊ុន សែន គាត់​បាន​សុខចិត្ត​សម្រប​ខ្លួន ផ្តល់​ឱកាសជជែក​គ្នា​ជា​មួយមនុស្ស​ប្រភេទ ពស់វែក ដ៏មាន​ពិស និង​កាចសាហាវ ​។ តែ​ពេល​វេលាជា​ច្រើន លោក ហ៊ុន សែន ក៏បាន​រងគ្រោះ​ដោយ​សារ តែ​ឥទ្ធិ​ពលចំ​ហាយពិស ព្រួសចេញ​ពីពស់​អសិរពិសនោះ​ផង​ដែរ។
សម្តី​ដែល​ប្រៀប​ដូចជាថ្នាំ​ពុល ឬ​ការ​ព្រួសពិស ចេញ​ពី​​ពស់អសិរពិសនោះ គឺ​ការវាយ​ប្រហារដោយ​ប្រើ​ពាក្យដ៏​អសុរោះ ចោទ​មក​លើ​លោក ហ៊ុន សែន ថា ដឹកនាំផ្តាច់​ការ បើ​ចង់​ចាប់​ចោរត្រូវ​ខិត​ឲ្យ​ជិត​កៀកចោរ ការ​ប្រដូច​លោក ហ៊ុន សែន ទៅ​នឹង​ហ្កាដាហ្វី​  ឬ​ប្រដូច​ទៅ​នឹង​ពួក​ហ្វាស៊ីសនៅប្រទេស​អ៊ី​តាលី និង​ឌឺដង ដោយ​ពាក្យ​គឃ្លើន ​​​ជា​មួយ​នឹង​ការ​ព្រមានមក​ដៃ​គូសន្ទនារបស់​ខ្លួន អំពី​ជោគ​វាសនា​ដែលលោក សម រង្ស៊ី គិត​ថា លោក ហ៊ុន សែន នឹង​ប្រឈម​មុខចំ​ពោះ​តុលាការ​កាត់​ទោស​ឧក្រិដ្ឋ​ជា​ដើម​។
ទាំង​អស់​នេះហើយ គឺ​ជា​ដើមចម​ ដែល​បង្ខំ​ឲ្យលោក ហ៊ុន សែន ត្រូវ​តែ​បញ្ឈប់​ការ​យោគ​យល់​ លែងអនុគ្រោះ​ចំ​ពោះ​សត្រូវ​ ដោយ​បារម្ភ​អំ​ពី​គ្រោះ​ថ្នាក់​ដែល​កើត​ចេញ​ពី​ការ​ព្យាបាទត្រឡប់​វិញ​ ដែល​គ្រោះ​ថ្នាក់​នោះមិន​ត្រឹម​តែ​មាន​ផល​វិបាក​ចំ​ពោះ​តែ​លោក ហ៊ុន សែន ប៉ុណ្ណោះ​ទេ គឺ​នឹង​នាំ​ឲ្យ​ខ្ទេចខ្ទី​ដល់សង្គម​ជាតិ​ខ្មែរទាំង​មូល​ ដោយ​សារ​តែ​ពស់​អសិរពិសនេះ ចិញ្ចឹម​ចិត្ត​អុក​ឡុក រំ​ខានភាព​សុខសាន្ត​របស់​ពលរដ្ឋ​កម្ពុជាឥត​ស្រាក​ស្រាន្ត​។
ល្បិច​មួយ​ក្នុង​ចំ​ណោម​កលល្បិចទុចរិត​ជា​ច្រើន​របស់​លោក សម  រង្ស៊ី ដែល​ត្រូវ​បាន​លោក ហ៊ុន សែន លាត​ត្រដាង គឺលោក ហ៊ុន សែន ធ្លាប់​បាន​ឆ្លើយ​តប​ទៅ​លោក សម ​រង្ស៊ី​វិញនៅ​ពេល​ការ​ចោទ​អំពី​បញ្ហា​ប្រើ​ប្រាស់​ផែន​ទី​ ត្រូវ​បានមេ​បក្សប្រឆាំង​ប៉ុនប៉ង​ចោទ​មក​លើ​រាជ​រដ្ឋាភិបាល​ ដោយ​ទៅ​ទិញ​ផែន​ទី​នៅ​តាម​ផ្សារតម្លៃ​១៦៨ដុល្លារ​មក​បង្ហោះផ្សាយក្នុង​ Facebook ផ្ទាល់​ខ្លួនបំ​ពុល​សាធារណ​មតិ​។​ ពាក្យមួយឃ្លា​របស់​លោក ហ៊ុន សែន បាន​ឆ្លើយ​តប​​ថា « ផែន​ទី​ត្រឹម​ត្រូវ​របស់​ឯកឧត្តម​ សាហាវ​ជាង​សត្វ​អសិរពឹសទៅ​ទៀត ព្រោះ​ផែន​ទី​នេះ មិន​ត្រឹម​តែបោកប្រាស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ តែ​ផែន​ទី​នេះ បាន​ធ្វើ​ឲ្យ​សហការី​ឯកឧត្តម ខ្លះ​ជាប់​គុក និង​ខ្លះ​ទៀត​កំ​ពុង​រត់​គេចខ្លួន​»។
ជា​មួយ​គ្នា​នេះ លោក ហ៊ុន សែន​ ក៏បានសង្កត់​ធ្ងន់​ថា នឹង​ចូល​រួម​កំ​ដរ សម រង្ស៊ី នូវ​គ្រប់​ទម្រង់​លេង និង​គ្រប់​កាលៈទេសៈ គ្រប់​រដូវ​កាល និង​គ្រប់​រស់​ជាតិ ( ក្តៅ ត្រជាក់ ផ្អែម ល្វីង ជូរចត់) ។ល។
នៅ​ពេល​នេះ ដៃ​គូដែល​ធ្លាប់​បាន​តតាំង និង​ភាគី​ម្ខាង​ទៀតដែល​ធ្លាប់​តែពើង​ខ្លួនប្រៀប​ដូចជា សត្វ​អសិរពិស ឥឡូវ​ ពស់​អសិរពិសនោះ ត្រូវ​បាន​កាច់​ចង្កូម​ហើយ ហើយ​ប្រជា​ពលរដ្ឋ​កម្ពុជានឹង​មិន​មាន​ការ​ភ័យ​ព្រួយ​អំពី​ ការ​តាម​យាយី​ អុក​ឡុក​រំ​ខានដល់​សន្តិសុខរបស់​ខ្លួន​ទៀត​ឡើយ។ ទណ្ឌិត​រូប​នោះ មិនមែន​ជា​ជម្រើសល្អសម្រាប់​ដឹកនាំ​ប្រទេស​ឡើយ គាត់​បាន​ត្រឹម​តែ​ជា​អ្នក​ទោស ពនេចរ ដែល​រត់​គេចពី​សំ​ណាញ់​ច្បាប់ និង​ដីកាចាប់​ខ្លួនរបស់​សមត្ថកិច្ចពាក់​ព័ន្ធ​ក្នុង​បទល្មើសបរិហារកេរ្តិ៍  និង​ញុះ​ញង់​ឲ្យ​មាន​ការ​រើសអើង ការ​បង្ហោះ​ផ្សាយឯកសារ​ក្លែងក្លាយ​ បូក​រួម​ជា​មួយ​នឹង​សំ​ណុំ​រឿង​ថ្មីបន្ថែម​មួយ​ចំ​នួន​ទៀត​។
ដើម្បី​លើក​កំ​ពស់​តម្លៃ​នីតិរដ្ឋ​ រាជ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន អាច​នឹង​សុខចិត្ត​កាត់​សាច់​ស្អុយ​មួយ​ចំ​ណែក​ឲ្យ​បរទេស​ និង​សុខចិត្ត​ស៊ូ​ទ្រាំនូវ​ការ​រិះគន់​វាយ​ប្រហារពី​សហគមន៍អន្តរជាតិ​មួយ​ចំ​នួន​ដែល​កំ​ពុង​កាន់​ជើង​ជន​ល្មើស និង​ការ​ព្រមាន​ដាក់​ទណ្ឌ​កម្ម​នានាមកប្រទេសរបស់​គាត់។​ ប៉ុន្តែ បញ្ហា​​របស់​ទណ្ឌិតនីរទេសខ្លួន​រូប​នោះ គឺអាច​នឹង​មិន​មាន​ជោគ​វាសនា​ល្អ ដូច​កាល​មុន​ពេល​បោះ​ឆ្នោត​​ជាតិឆ្នាំ​២០១៣ ដូចអ្វី​ដែល​លោក ហ៊ុន សែន ធ្លាប់​បាន​​អនុគ្រោះ​ម្តង​ជាពីរដង​នោះ​ទេ។
ផ្ទុយ​ទៅ​វិញ​ ជោគ​វាសនា​របស់​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ បាន​និង​កំ​ពុង​ស្ថិត​នៅ​ចំ​ណុចគ្រោះ​ថ្នាក់ សម​ដូច​ហោរាសាស្ត្រ​ល្បី​ឈ្មោះមួយ​រូប​នៅប្រទេស​ថៃ លោក ភិនយ៉ូ ភុង​ចារ៉ើន​ បាន​ទស្សន៍ថា បក្ស​សង្គ្រោះ​ជាតិ​កំ​ពុង​ជួប​វិបត្តិធ្ងន់​ធ្ងរ​ ដូច ពស់ដាច់​ក្បាល និង​ដាច់​ដង​ខ្លួន ហើយ​ការ​ទស្សន៍​ទាយ​នេះ ក៏ត្រូវ​បាន​ទទួល​ស្គាល់ការពិត​ដោយ​លោក អេង ឆៃអ៊ាង​ មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា គណបក្ស​របស់គាត់បច្ចុប្បន្ន​ ​បាននិងកំ​ពុង​ជួបគ្រោះ​ ដូច​រទេះ​ភ្លើងដាច់​ក្បាល​ យ៉ាង​ពិត​ប្រាកដមែន​៕

No comments:

Post a Comment