ថ្លែងក្នុងពិធីប្រកាសសមាសភាព សមាគមមិត្តភាពកម្ពុជា-ថៃ ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីនិងជាប្រធានសមាគមមិត្តភាពកម្ពុជា-ថៃ បានមានប្រសាន៍ថា៖ ការបង្កើតឲ្យមានសមាគមនេះឡើងគឺដើម្បីចូលរួមចំណែក
ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរិតចំណងមិត្តភាពជាមួយរាជរដ្ឋាភិបាលថៃ
ឲ្យកាន់មានភាពល្អថែមទៀតលើគ្រប់វិស័យ ពិសេសលើការងារទំនាក់ទំនងផ្សព្វផ្សាយដល់ធុរកិច្ច
ក្រុមសហគមវិនិយោគ ដល់ពាណិជ្ជកររបស់ប្រទេសថៃ ឲ្យបានយល់អំពីសក្ដានុពល និងការលានុវត្តភាពដ៏ធំធេងរបស់ប្រទេសកម្ពុជា
សំរាប់មកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ដើម្បីជាប្រយោជន៍ដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋប្រទេសទាំង២
ផងដែរ។
ម៉្យាងវិញទៀតការបង្កើតសមាគមមិត្តភាពកម្ពុជា-ថៃ នេះដែរ ក៍ជាការរួមចំណែកមួយដ៏សំខាន់
សំរាប់ធ្វើកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជនលើការងារវិនិយោគទុនប្រទេសទាំងពីរ ក៍ដូចជាការជួយបង្កើននូវការទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរទៅមុខឲ្យកាន់តែល្អប្រសើរថែមទៀត
។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
បានមានប្រសាសន៍បន្ថែមថា៖ ក្រៅពីការជួយជំរុញលើផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ
ការបង្កើតឲ្យមានសមាគមនេះ គឺស្របពេលដែលប្រទេសទាំងពីរ កម្ពុជា-ថៃ
ប្រារព្ធខួបលើកទី៦៥ឆ្នាំ នៃការទំនាក់ទំនងការទូតជាមួយគ្នា ដែលសម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមពិធី
ដោយតបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្ដីថៃ នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១៥ ដើម្បីជាការបញ្ជាក់នូវការទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អក្នុងនាមប្រទេសជិតខាង
ក៍ដូចជា ការបង្កលក្ខណៈអំណោយផលកាន់តែខ្លាំងបន្ថែមទៀត សំរាប់ការធ្វើវិនិយោគ និងធុរៈកិច្ច
សហគ្រាស ក្រុមហ៊ុនកម្ពុជា-ថៃ មានឱកាសជួបពិភាក្សា បង្កភាពងាយស្រួលលើការងារផ្លាស់ប្ដូរ
ពាណិជ្ជកម្មគ្នាទៅវិញទៅមក ព្រោះថាការទំនាក់ទំនងការទូត និងវិស័យពាណិជ្ជកម្មអន្ដរជាតិ
គឺជាធាតុពីរ ដែលមិនអាចកាត់ផ្ដាច់គ្នាបានឡើយ។
ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្ដី
ក៍បានជំរុញដល់សមាគមមិត្តភាពកម្ពុជា-ថៃ ត្រូវយកចិត្តទុកដាក់បង្កើនការធ្វើពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត
ព្រោះកន្លងមកការផ្លាស់ប្ដូរទំនិញនៅមានកំរិតនៅឡើយ ក្នុងនោះកម្ពុជា បាននាំចេញទំនិញទៅកាន់ប្រទេសថៃក្នុងទំហំទឹកប្រាក់ប្រមាណជា៥រយលានដុល្លារអាមេរិក
ហើយភាគីថៃបាននាំចូលនូវទំនិញមកកាន់កម្ពុជាវិញមានទំហំទឹកប្រាក់ប្រមាណជា
៥ពាន់លានដុល្លារអាមេរិក ប៉ុណ្ណោះ៕
អត្ថបទ៖ សាវឿន
No comments:
Post a Comment