Tuesday, December 22, 2015

បង្គោលព្រំដែនលេខ ២៧៥ រវាងកម្ពុជា និងវៀតណាម នឹងសម្ពោធជាផ្លូវការ ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៥

បង្គោលព្រំដែនលេខ ២៧៥ រវាងកម្ពុជា និងប្រទេសវៀតណាម  នឹងដាក់សម្ពោធ​​ជាផ្លូវការនៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៥ ខាងមុខក្រោមអធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​សម្តេចអគ្គមហា​សេនា​បតី​​តេជោ ហ៊ុន សែន​ ​នាយករដ្ឋ​មន្រ្តី នៃព្រះរាជាណា​ចក្រកម្ពុជា។
          ដើម្បីត្រៀមរៀបចំពិធីនោះ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តតាកែវបានបើកកិច្ចប្រជុំ​ធ្វើ​ការ​ផ្សព្វផ្សាយ ​អំពីការ​សម្ពោធ​​​បង្គោលព្រំដែនលេខ ២៧៥ រវាងកម្ពុជា និង​ប្រទេស​វៀតណាម នៅខេត្ត​តាកែវ​ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ស៊ូ ភិរិន្ទ ប្រធាន​​​សេនាធិការក្រុម​ការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តតាកែវ តំណាង​ដ៏ខ្ពង់​ខ្ពស់ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ប្រធានក្រុមការងារ​ថ្នាក់​ជាតិចុះជួយខេត្តតាកែវ ព្រមទាំង​មន្រ្តី​ពាក់​​ព័ន្ធ​ជាច្រើនរូបទៀត នៅឃុំភ្នំឌិន ស្រុកគីរីវង់ ខេត្តតាកែវ ។
ឯកឧត្តម ស៊ូ ភិរិន្ទ  បានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះធ្វើឡើងដើម្បីអោយ​ក្រុម​ការងារ​យ​ក​ទៅ​ធ្វើ​ការ​​ផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានដឹងអំពីការសម្ពោធបង្គោលព្រំដែនលេខ ​២៧៥ របស់​កម្ពុជា​ជាមួយ​​នឹង វៀតណាម អោយមានព្រំសីមាពិត​ប្រាកដ​ស្របច្បាប់​តាម​អ្វី​ដែល​​​មាន​ចែងសេចក្តីសម្រេចក្នុងអង្គការសហ​ប្រជា​ជាតិ ហើយ​ក៏ជាប្រវត្តិ​សាស្រ្ត​នឹងជា​នយោបាយ​របស់​ជាតិយើង​ទុក​តំណរអោយយុវវ័យជំនាន់ក្រោយបានដឹងបានលឺ បានយល់ និងការពារបូរណៈភាពជាតិទឹកដីចាប់ពីពេលនេះតទៅ ដើម្បី​​​អោយព្រំសីមា​ពិតប្រាក​​ដ​ទុក​អោយ​កូនចៅជំនាន់ក្រោយ។

ឯកឧត្តមបានបន្តទៀតថា ពិធីសម្ពោធបង្គោលព្រំដែននេះ​គឺ​សំដៅដល់ការ​កំណត់​ព្រំដែន​ឲ្យបានច្បាស់លាស់ និងជំរុញដល់​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​នេះ អោយ​ទៅជា​ការ​ដោះ​ដូរ សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រជាជនទាំង២    កម្ពុជា-វៀតណាម​ប្រកបដោយសន្តិភាព។​  ជា​មួយនឹង​ការដាក់សម្ពោធបង្គោលព្រំដែនលេខ ២៧៥ នៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ​ខាងមុខ​​តាម​រយៈកិច្ចសម្ភាសន៍​ប្រជាពលរដ្ឋ មានសេចក្តីសប្បាយរីករាយ និង​គាំទ្រ​យ៉ាង​ពឹង​ទំហឹង​ចំពោះ​​ការដឹកនាំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាលក្នុងការដាក់សម្ពោធបង្គោលព្រំដែននេះ៕

No comments:

Post a Comment