Monday, November 16, 2015

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាសម្តែងនូវសមានចិត្តក្រៀមក្រំ ចំពោះជនរងគ្រោះដោយអំពើភេរវកម្មក្នុងពេលថ្មីៗនេះ

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធប្រជាពលរដ្ឋបារាំង និងក្រុមគ្រួសារជនរងគ្រោះទាំងអស់ ដែលបានស្លាប់ដោយសារ អំពើវាយប្រហារដ៏ឃោរឃៅបំផុតរបស់ភេរវករ នៅទីក្រុងប៉ារីសប្រទេសបារាំង កាលពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៥ នៅស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅចំពោះមុខ លោក ហ្សង់-ក្លូដពាំបឺហ្វ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានសម្តែងក្តីរន្ធត់ កត់ស្លុតឥតឧបមា ក្រោមពីទទួល បានព័ត៌មាន មហា រន្ធត់នេះ។
នៅក្នុងឱកាសនោះផងដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏បានថ្កោលទោស យ៉ាងខ្លាំងក្លាបំផុត ចំពោះការវាយប្រហារដ៏ឃោរឃៅ និងអមនុស្សធម៌បំផុតបង្កដោយក្រុមភេរវករ។ សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានថ្លែង និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយប្រជាពលរដ្ឋបារាំង និងក្រុមគ្រួសារជនរងគ្រោះទាំងអស់ ដោយអំពើវាយប្រហារ ដ៏ឃោរឃៅបំផុតនេះ ដែលបានធ្វើឱ្យមនុស្សបាត់បង់ជីវិត និងរបួសជាច្រើនរយនាក់ទៀត៕





No comments:

Post a Comment