Monday, November 16, 2015

បទវិភាគ៖​ ដំបៅមិនឈឺ យកឈើរុក

ដោយលោក សុវណ្ណ រាជ្យនគរ
សភាពការណ៍​នយោបាយ​នៅកម្ពុជា ​ហាក់បាននិង​កំពុងឡើង​កំដៅយ៉ាង​ខ្លាំង និង​ឆាប់រហ័ស​ដែល​ជា​កត្តា​ព្រួយ​បារម្ភរបស់​អ្នកវិនិយោគ​ទុន ពាណិជ្ជករ​ អ្នករកស៊ីទ​ទួលទានគ្រប់​វិស័យ និង​ប្រជាពលរដ្ឋ​ខ្មែរទូទៅ ​ជាពិសេស ក្នុង​រយៈ​ពេលប៉ុន្មាន​ថ្ងៃចុងក្រោយ​នេះ។
តាមពិត​ទៅមានរឿង​រ៉ាវនយោបាយ​ធំៗពីរដែល​បានកើត​ឡើង ដែល​អ្នកសង្កេត​បញ្ហាសង្គម​យល់ថា ​នាំ​ឱ្យ​​កម្តៅនយោបាយ​កើនឡើងនោះ គឺ​ទីមួយ​ ការចោទប្រ​កាន់លោកនាយក​រដ្ឋមន្ត្រី ហ៊ុ​ន សែន ​ថាជាជន​ផ្តាច់ការ​ ពួកហ្វាស៊ីស ​(fascist) និង​ទីពីរ ការធ្វើ​សន្និ​សីទ​កា​សែត​របស់​លោក សម រង្ស៊ី​ និងលោក ​កឹម សុខា នៅ​ទីក្រុង​ តូក្យូ ប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី១០ ​ខែវិច្ឆិកា ឆ្នាំ​២០១៥​ កន្លង​ទៅនេះ។

ទីមួយ៖​ រឿងរ៉ាវចោទ​ប្រកាន់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថាជាជនផ្តាច់ការ ​ដូចហ្គាដាហ្វី ឬពួកហ្វា​ស៊ីស ត្រូវ​បាន​លោក សម​ រង្ស៊ី លើកឡើង​មិនបានប៉ុន្មាន​ថ្ងៃផងបន្ទាប់ពី​ការពិសា​រអាហារ​ពេលល្ងាច ជា​លក្ខណៈ​មហា​គ្រួសារ រវាង​គ្រួសារលោក​ ហ៊ុន សែន​ និងគ្រួសារលោក​ សម រង្ស៊ី។ ករណីនេះ​ លោក ហ៊ុន​ សែន ធ្លាប់​បាន​ទាម​ទារ​ឱ្យមាន​ការ​បក​ស្រាយ​ឱ្យ​បាន​ច្បាស់​លាស់ ក៏ប៉ុន្តែ​​ មិន​ត្រឹម​គ្មាន​ការ​ឆ្លើយ​តប​ណា​មួយ​ពីលោក សម រង្ស៊ី ឬ​គណបក្សសង្គ្រោះជាតិនោះទេ តែថែមទាំ​ងថ្លែងចោទប្រកាន់​លោក ​ហ៊ុន សែន​ បន្ថែម​ទៀត នៅ​ក្នុង​ពិធី​ជួប​ជុំ​អ្នក​គាំទ្ររបស់​ខ្លួនមួយ នាថ្ងៃទី២៧​ ខែតុលា​ ឆ្នាំ២០១៥ នៅ​ប្រទេស​បារាំង​ ថា មេដឹកនាំ​​​បែប​ពួក​ហ្វា​ស៊ីស​។

រីឯទីពីរ៖រឿងរ៉ាវដែលបាន​កើតឡើងដោយ​សារតែការធ្វើ​សន្និសីទកា​សែតរបស់លោក​ សម រង្ស៊ី ​និងលោក​ កឹម សុខា​ នៅទីក្រុងតូក្យូ​ ប្រទេស​​​ជប៉ុន ថ្ងៃទី១០​ ខែវិច្ឆិកា ​ឆ្នាំ២០១៥ ក្នុង​គោល​ដៅ​កេង​ចំណេញ​នយោ​បាយ​យ៉ាង​តិច ៥​ចំណុចគឺ គោល​ដៅទី១៖ ​បន្តបំប៉ោងប្រាប់​បរទេសអំពីរឿងរ៉ាវទី១ ធំ ខាងលើនេះផង។ គោល​ដៅ​ទី២៖ កេង​ចំណេញ​នយោ​បាយ​​ពី​ការ​យល់​ឃើញ​របស់​មហា​ជន​ក្នុង​ស្រុក ​ចំពោះ​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ភូមា​ដែល​​​គណ​បក្ស​លោក​ស្រី អ៊ុង​សាន ស៊ូជី បាន​ឈ្នះ​ឆ្នោត​យ៉ាង​លើស​លប់ គោលដៅទី៣៖ មេដឹកនាំបក្សប្រឆាំង ចង់ញុះ និង​ជំរុញ​ទឹក​ចិត្ត​ប្រជា​ពល​រដ្ឋ ក៏ដូច​ជា​អ្នក​គាំទ្រ​របស់​ខ្លួន ឱ្យ​ធ្វើ​សកម្មភាព​គ្រប់​បែបយ៉ាង​ដើម្បី​យក​ជ័យ​ជំនះ ឱ្យ​ខាង​តែ​បាន​នៅ​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៧ និងឆ្នាំ២០១៨ ខាងមុខ គោលដៅទី៤៖ ចោទ​ប្រកាន់​រាជ​រដ្ឋា​ភិបាល ថាមានចេតនាបង្កើតលេសមិនឱ្យមានការបោះឆ្នោតនៅ​ឆ្នាំ​២០១៨ ខាង​មុខ និងគោលដៅ​ទី៥៖ ការ​ប្រើ​សង្គ្រាម​​ពាក្យ​សំដី ដូច​ជា​ការ​បោះ​ឆ្នោត​កន្លង​ទៅ​ត្រូវ​បាន​គេ​លួច​បន្លំ ការដឹកនាំគ្រប់គ្រងបែបផ្តាច់ការ ហ្វា​ស៊ីស ការ​ទាម​ទារ​ឱ្យ​​ផ្ទេរ​អំណាច​​​ដោយ​សន្តិ​វិធី​នៅ​ឆ្នាំ​២០១៨ ជាដើម ដើម្បីបំបាក់គូប្រជែង ដោយ​មិន​បាច់​ធ្វើ​សកម្មភាព។

ដោយសារ​តែការលើក​ឡើងរបស់លោក​ សម រង្ស៊ី​ យ៉ាងដូច្នេះហើយ ​ទើបធ្វើឱ្យលោក​ ហ៊ុន សែន មិន​អាច​​​​​ទ្រាំ​នឹងការចោទ​ប្រកាន់ទាំងនេះ​ ហើយសរសេរ​ឆ្លើយតប វាយ​បក​ទាំង​​យប់ម៉ោង២ និង១៤​ នាទី​រំលង​អាធ្រាត​ ឈាន​ចូលថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០១៥ តាមផេក​ហ្វេសប៊ុក​ផ្លូវការរបស់លោក ​ដោយ​ផ្តើម​​ចេញ​​ពី​ការ​ប្រៀប​​​ធៀប​​ស្ថាន​ការណ៍​នយោបាយ សេដ្ឋកិច្ច ​សង្គម របស់​ប្រទេសភូមា​ និងកម្ពុជា ​វីរៈភាព និង​ចរិត​លក្ខណៈ​របស់​លោក​ស្រី អ៊ុងសាន​ ស៊ូជី និងលោក សម​ រង្ស៊ី​ និងភាពផ្សេង​គ្នារវាងឪពុក​លោកស្រី​ អ៊ុងសាន​ ស៊ូជី ដែល​ជាវីរៈ​ជន​រំដោះ​ជាតិភូមាពីអា​ណានិគម​ និងករណី​រឿង​រ៉ាវ​របស់​លោក សម ​សារី ឪពុក​របស់លោក សម​ រង្ស៊ី ដែល​ក្នុង​​សម័យសង្គមរាស្ត្រ​និយមរបស់​សម្តេចឪ ព្រះ​បរមរតនកោដ្ឋ ​បានចោទ​ប្រកាន់​ថា​ជា​ជន​ក្បត់​ជាតិ​នៅ​ពេល​នោះ​​។

ប៉ុណ្ណឹងហើយ​លោក សម​ រង្ស៊ី នៅមិន​ទាន់អស់ចិត្ត​ ក៏បន្តឆ្លងឆ្លើយ​ ដឺដងចាក់សាំង​លើភ្លើង តាម​ផេក​ហ្វេស​ប៊ុក​របស់លោក​នៅថ្ងៃទី១៣​ ខែវិច្ឆិកានេះ​ ដោយ​លើកឡើងថា “លោក​នឹងការពារ​កូនលោក​ ហ៊ុន សែន​ បើ​ថ្ងៃ​ណា​មួយលោក​ ហ៊ុន សែន ​មានរឿងនៅតុលាការ ចោទ​ប្រកាន់ពីបទ​ល្មើសអ្វីមួយនោះ”។​

ទោះបីជាយ៉ាង​ណាក៏ដោយ​ ក៏អ្នកវិភាគ​នៅតែចាត់ទុកថា​ អាចប្រើប្រាស់​វប្បធម៌សន្ទនា ដែលលោក​ សម រង្ស៊ី​ តែងតែចាត់​ទុកជាមធ្យោបាយ​ផ្សះផ្សាររក​ដំណោះស្រាយ​នោះ ឱ្យសភាពការណ៍​វិលត្រឡប់មក​ធម្មតា​វិញ​បាន ពីព្រោះ​គេមើលឃើញថា ​លោក ហ៊ុន​ សែន តែងតែ​ស្វាគមន៍នូវរាល់​ដំណោះស្រាយ​រវាងខ្មែរ​ និងខ្មែរជានិច្ច។​

ក៏ប៉ុន្តែចៃដន្យ ការ​សើរើស្នើសុំ​របស់លោក ​ការ សាវុត្ថ​ មេធាវីតំណាង​ដោយអាណត្តិ​ឱ្យលោក ហោ​ ណាំ​ហុង នៅថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៥​ ឱ្យអនុវត្តសាល​ដីកាស្ថាព​រលេខ១៧​ ក្រ៥.ប ចុះថ្ងៃទី១២​ ខែមីនា ​ឆ្នាំ​២០១៣​ របស់សាលាឧទ្ធរណ៍​ ពាក់ព័ន្ធនឹងរឿង​បរិហាកេរ្តិ៍ជា​ធារណៈ និង​ការញុះញង់​ឱ្យមានការ​រើសអើង​ ដែល​ជា​រឿងឯកជនរវាលោក​ សម រង្ស៊ី ​និងលោក​ ហោ ណាំហុង នោះមក​ បានធ្វើឱ្យលោក​ សម​ រង្ស៊ី យល់ថា​ ជា​វិធានការរបស់រាជ​រដ្ឋាភិបាល ហើយ​និយាយបិទ​ផ្លូវខ្លួនឯង​ នៅ​ថ្ងៃ​ទី១៤ ខែវិច្ឆិកានេះ ថា “ជោគ​ជ័យ​ដ៏ត្រចះ​ត្រចង់ និងជា​ប្រវត្តិសាស្ត្រ​របស់ចលនា​ប្រជា​ធិបតេយ្យ​ប្រឆាំង​​អំណាច​ផ្តាច់ការ ក្នុង​ការ​បោះ​ឆ្នោតថ្មីៗនេះ នៅ​ប្រទេស​​ភូមា បណ្តាលឲ្យមានភាពតក់ស្លុត និងស្លន់ស្លោ ដល់​​អ្នក​​ដឹក​នាំ​​ផ្តាច់​​ការ​។ ហើយចរន្ត​នយោ​បាយ​នេះ ធ្វើ​ឲ្យ​របប​ផ្តាច់​ការលើពិភពលោក​​ដួល​​រលំ​​ម្តង​​មួយៗ នឹងឈាន​មកដល់ប្រទេស​កម្ពុជាដែរ ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះៗ”​។​ អ្នក​វិភាគ​​យល់ថា លោក សម រង្ស៊ី មិនគួរប្រើភា​សានេះ លើក​ឡើងនៅពេលនេះ​ឡើយ ពីព្រោះ​វា​គ្មាន​លក្ខណៈ​​​ស្ថាបនា​​ទាល់តែសោះ​ គឺបានត្រឹមតែ​ការបង្កអស្ថេរភាព​នយោបាយ និង​ការ​ភ័យ​ខ្លាច​ដល់​ប្រជា​ពល​រដ្ឋ​ប៉ុណ្ណោះ។

ជារួមគេសង្កេត​ឃើញថា​ ការឡើងកំដៅ​នយោបាយនៅ​កម្ពុជាចុងក្រោយនេះ​ គឺ​ឡើង​កំដៅ​តែ​ខាង​បក្ស​ប្រឆាំង កើតឡើងដោយ​មេបក្សប្រឆាំង​ គឺកើត​ចេញ​ពី​ការ​ប្រើ​សង្គ្រាមវោហារ​សាស្រ្ត ដើម្បី​ទាញ​យក​ស​មាន​ចិត្ត អ្នក​​គាំទ្ររបស់ខ្លួន​ ជាពិសេស​ លោក សម​ រង្ស៊ី ដោយមិន​គិតខិតខំរក​ដំណោះស្រាយ​តាមសន្តិវិធី​ នៅពេល​ដែល​ទ្វារ​នៅតែបើក​ចំហរនោះ​ ជាងនេះទៅ​ទៀត បែរខំ​ដុតកម្តៅឱ្យ​កាន់តែក្តៅ​ ឬបង្កើតបញ្ហា ​នៅពេលដែល​គ្មានបញ្ហា ​ដូចពាក្យចាស់ថា​ “ដំបៅមិនឈឺ យកឈើរុក”​។ មិនតែប៉ុណ្ណោះ​ មិនត្រឹមតែ​មិនអាចជួយ​រួមចំណែក​កសាងជាតិ​ និងអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​នោះទេ​ សូម្បីអ្នកគាំទ្រ​របស់ខ្លួន ​និងអ្នកកំពុងជាប់ឃុំ​ ក៏ត្រូវខកចិត្ត​យ៉ាងខ្លាំងដែរ​៕


No comments:

Post a Comment