Thursday, September 03, 2015

ផែនទីបោនខ្នាត១/១០០ .០០០ ពីបារាំងទាំង២៦ផ្ទាំង ផ្ទៀងផ្ទាត់ជាមួយផែនទីផ្លូវការរបស់រាជរដ្ឋាភិបាល មានខ្សែបន្ទាត់ព្រំដែនដូចគ្នាបេះបិទ

ការផ្ទៀងផ្ទាត់​ផែនទីកម្ពុជា ​បោន ខ្នាត១​ លើ ១០០.០០០ ​ដែលផ្តល់ជូន​ដោយរដ្ឋាភិបាល​បារាំង ​និងផែនទី​របស់រាជរដ្ឋាភិបាល​ដែលកំពុង​ប្រើប្រាស់នា​ពេលបច្ចុប្បន្ន​ទាំង២៦ផ្ទាំង បាន​បញ្ចប់ហើយ​នៅម៉ោង ​១១៖៣០នាទី ​ព្រឹកថ្ងៃទី០៣ ​ខែកញ្ញានេះ ​ជាលទ្ធផល​បង្ហាញថា ខ្សែបន្ទាត់​ព្រំដែនកម្ពុជា​ នៅលើផែនទី​ខ្មែរផ្តល់​ជូនដោយបារាំង​ និងផែនទី​របស់រាជ​រដ្ឋាភិបាល​ គឺដូចគ្នាបេះបិទ​ នេះបើតាម​ការបញ្ជាក់របស់ ​ឯកឧត្តម​ទេរដ្ឋមន្ត្រី ​វ៉ា គឹមហុង ប្រធានគណៈកម្មា​ធិការព្រំដែន​ចម្រុះកម្ពុជា​នៅពេលបញ្ចប់ការ​ផ្ទៀងផ្ទាត់ ​នៅវិមាន​សន្តិភាព។​

ការផ្ទៀង​ផ្ទាត់ផែនទីនេះ​ ក្រុមការងារ​បច្ចេកទេស​ព្រំដែនរបស់ឯកឧត្តម​ វ៉ា គឹមហុង ​គេបានប្រើ​វិធីសាស្រ្តដោយ​យកផែនទីទាំង​ពីរដាក់ត្រួត​លើគ្នា ​ហើយឆ្លុះជាកាល់ ​ដើម្បីមើលខ្សែ​បន្ទាត់ព្រំដែន។​ ការផ្ទៀងផ្ទាត់​ត្រូវបានធ្វើ​ឡើងម្តងមួយ​ផ្ទាំងៗ តាមវី​ធីដូចៗគ្នា ​រហូតគ្រប់​ទាំង ២៦ផ្ទាំង​។

ការផ្ទៀង​ផ្ទាត់ក្រោមក្រ​សែខ្សែភ្នែកមន្រ្តី​កម្ពុជាមកពី​គ្រប់ភាគីពាក់ព័ន្ធ​ បូករួមទាំង​តំណាងគណបក្ស​នយោបាយប្រឆាំង​ ក៏ដូចជាអ្នក​ព័ត៌មានជាសា​ក្សីជាច្រើននាក់​ផងនោះ បានរក​ឃើញខ្សែបន្ទាត់​ព្រំដែន ​នៅលើផែនទីផ្ត​ល់ជូនដោយបារាំង​ អតីតម្ចាស់​អាណានិគមកម្ពុជា ​និងផែនទី ​របស់រាជរដ្ឋាភិបាល​ប្រើសម្រាប់បោះបង្គោល​ព្រំដែន ជាមួយ​វៀតណាម ​គឺដូចគ្នាបេះបិទ។​

ឯកឧត្តម ​ វ៉ា គឹមហុង ​ប្រធានគណៈកម្មាធិការ​ព្រំដែនចម្រុះកម្ពុជា ​បានបញ្ជាក់ថា ​ផែនទីបោន​ ខ្នាត ១ លើ១០០.​ ០០០ ដែលផ្តល់​ដោយបារាំងនេះ ​មានចំនួនតែ ​២៥ផ្ទាំង បោះពុម្ព​ដោយក្រុមភូមិសាស្រ្ត​ឥណ្ឌូនចិន​ ចន្លោះឆ្នាំ១៩ ៥១​-១៩៥៣​ ហើយមួយផ្ទាំង​ទៀតបារាំង​រកមិនឃើញ​នោះទេ  ប៉ុន្ត​ ផែនទីមួយផ្ទាំង​ ដែលរកមិ​នឃើញនេះ ​បារាំង បានផ្តល់​ជំនួសដោយ ​ផែនទី ​UTM ខ្នាត ១ លើ ​១០០.០០០​ ដែលមាន​ខ្សែព្រំដែនក៏ដូច​គ្នាដែរ។​

នៅពេល​ផ្ទៀងផ្ទាត់ ​បង្ហាញថា ​ខេត្តរបស់កម្ពុជា ​ដែលមានព្រំដែន​ជាប់ប្រទេសវៀត​ណាមរួមមាន៖​ កណ្តាល ​ស្វាយរៀង ​ព្រៃវែង កំពត ​តាកែវ កំពង់ចាម ​ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី​ និង រតនគិរី ​គឺមានខ្សែព្រំ​ដែនច្បាស់លាស់ ​និងដូចគ្នារវាង​ផែនទីបានមកពីបារាំង ​ផ្ទៀងផ្ទាត់ជាមួយផែ​នទីផ្លូវការ ​ស្របច្បាប់រ​បស់កម្ពុជា។​

លោកបណ្ឌិត​ សុខ ទូច​ ប្រធានក្រុម​ស្រាវជ្រាវព្រំដែនកម្ពុជា ​នៃរាជ្យបណ្ឌិត្យ​សភាកម្ពុជា ក្រោយ​ពីពិនិត្យកា​រផ្ទៀងផ្ទាត់ផែនទី​នាព្រឹកនេះ ​បានផ្តល់កិច្ចស​ម្ភាសន៍ដល់​អ្នកសារព័ត៌មាន ​ដោយធ្វើកា​រអំពាវនាវ​ ឲ្យខ្មែរមានការ​ឯកភាពជាតិ​ទៅលើបញ្ហាផែ​នទី និងបញ្ចប់ការ​ចោទប្រកាន់​គ្នាក្នុងសំណុំរឿងផែនទីនេះ។​ លោកបណ្ឌិត ​សុខ ទូច ​បានអំពាវនាវ​យ៉ាងដូច្នេះ «​ត្រូវតែបញ្ចប់​បញ្ហាផែនទី​គ្រប់និន្នាកា​រនយោបាយ ​យើងត្រូវតែមាន​ឯកភាពជាតិ​ ទៅលើផែនទី​ក្នុងការកំណត់​ព្រំដែនប្រទេសយើង»​។

អ្នកនាំពាក្យ​ទីស្តីការគណៈ​រដ្ឋមន្រ្តី ​ឯកឧត្តម ​ផៃ ស៊ីផាន ​បានថ្លែងផង​ដែរថា ការផ្ទៀង​ផ្ទាត់នេះ​ ដើម្បីធនាតម្លាភាព ​បញ្ជាក់ឲ្យបាន​ហ្មត់ចត់ ត្រឹមត្រូវ​ពិតប្រាកដ​ ក្នុងកិច្ចទទួលខុ​សត្រូវខ្ពស់​របស់រាជរដ្ឋាភិ​បាលកម្ពុជា ​ក្នុងការបោះ ​បង្គោលព្រំដែន​រវាងព្រះរាជាណាច​ក្រកម្ពុជា ​និងវៀតណាម​ និង  បញ្ចប់នូ​វការញុះញង់ ​ដោយគ្មានការទ​ទួលខុសត្រូវ​ បង្កើតស្មារតី​ជាតិនិយមជ្រុល​ ធ្វើឲ្យមានការ​បែកបាក់ជាតិ។​

ឯកឧត្តម ​ផៃ ស៊ីផាន​ បានបញ្ជាក់​ទៀតថា ​ការផ្ទៀងផ្ទាត់នេះ ​ក៏ដើម្បីបញ្ជាក់​ពីការប្តេជ្ញាចិត្ត​របស់រាជ​រដ្ឋាភិបាល ​ក្នុង ការកសាង​ខ្សែបន្ទាត់ព្រំដែន​ច្បាស់លាស់ ​ប្រកបដោយសន្តិភាព​ មិត្តភាព​ សហប្រតិបត្តិការ​ និង ការអភិវឌ្ឍន៍ជា ​មួយប្រទេស​ជិតខាង​។

សូមបញ្ជាក់ថា ​កាលពីថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៥កន្លងទៅ​ថ្មីៗនេះ ​អង្គការសហ​ប្រជាជាតិ​ ក៏បានផ្តល់ផែនទី ​UTM ខ្នាត ​១ លើ ១០០.០០០ ​ចំនួន១៨ ផ្ទាំង ​មកឲ្យរាជ​រដ្ឋាភិបាលក​ម្ពុជា ដើម្បីធ្វើការ​ផ្ទៀងផ្ទាត់ជាមួយ​ផែនទីរបស់រា​ជរដ្ឋាភិបាល​ផងដែរ ​ដែលការផ្ទៀងផ្ទាត់ ​ក៏បានរកឃើញថា ​ខ្សែបន្ទាត់ព្រំដែន​នៅលើផែនទី​ប្រើដោយរាជ​រដ្ឋាភិបាលកម្ពុជា ​និង ផែនទី ​UTM ​របស់ខ្មែរ​យកទៅប្រគល់​ជូនអង្គការ​សហប្រជាជាតិ​ឆ្នាំ១៩៦៤ ​គឺដូចគ្នា។​

តាមរយ:ការ​ផ្ទៀងផ្ទាត់ផែន​ទីពីបារាំង​ ជាមួយផែនទីរ​បស់រាជរដ្ឋាភិបាលកំ​ពុងប្រើប្រាស់ ផែនទីបោន ​ខ្នាត១លើ១០០ពាន់ដូចគ្នានេះ គឺ​ជាការយកគោ​មកផ្ទៀងផ្ទាត់​ជាមួយគោ គឺជាលទ្ធផល​នៅតែជាគោ ​គឺសូមគណបក្សប្រឆាំ​ងបញ្ឈប់ទៅការ​យកបញ្ហាព្រំដែន​ បញ្ហាផែនទី​ ដែលពួក​ខ្លួនចេះតែចោទ ​ប៉ុន្តែ គ្មានជំនាញព្រំ​ដែនអ្វីបន្តិច​ទាល់តែសោះ ម​កកេងចំណេញន​យោបាយត​ទៅទៀត។​







No comments:

Post a Comment