Thursday, September 03, 2015

ឯកឧត្តម ហោ ណាំហុង ទទូចឲ្យគណបក្សនយោបាយ បញ្ឈប់ការយកបញ្ហាផែនទី និងទឹកដី មកកេងចំណេញនយោបាយទៀត

មានប្រសាសន៍​នៅក្នុងពិធី​ប្រគល់ ​ទទួល ​និងផ្ទៀងផ្ទាត់​ផែនទី ​ពីស្ថានទូត​បារាំង នៅភ្នំពេញ ​នាវិមានសន្តិភាព​ ថ្ងៃទី ០៣​ ខែកញ្ញា ឆ្នាំ​២០១៥នេះ​ ឯកឧត្តមឧប​នាយករដ្ឋ​មន្ត្រី ហោ ​ណាំហុង ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ និងសហប្រតិបត្តិ​ការអន្តរជាតិ​ និងជាប្រធាន​គណៈកម្មាការចំពោះកិច្ច​សម្រាប់សម្រប​សម្រួលការ​ងារទទួល​ ប្រគល់ ​និងផ្ទៀងផ្ទាត់​ផែនទីបានមានប្រសាសន៍ថា​ «កន្លងមកមាន​គណបក្សនយោ​បាយខ្លះ ​លើកឡើងរឿង​ផែនទី ថាចេះចុះ!​ តើពួកគាត់ហ្នឹង​មានស្គាល់អ្វី​ហៅថា ផែនទី​ Bonne ១/១០០​.០០០អត់?​ រឺគ្រាន់តែចេះតែថាទេ?​ ចាប់ពីពេល​យើងផ្ទៀងផ្ទាត់នេះសូ​មឈប់យករឿង​ព្រំដែន និង​ផែនទី ​ទៅធ្វើនយោបាយដើ​ម្បីកេងចំណេញ​សំរាប់បក្សខ្លួនទៅ ​ហើយសូមធ្វើន​យោបាយឲ្យមានសុច្ច​រិតភាពផង»​។

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រីបន្តថា ​«កន្លងមកគេ​ប្រើពាក្យចាក់ក្រឡេក​ ការពិតជាកា​រវ៉ៃប្រហារយើង (​រាជរដ្ឋាភិបាល)​ យ៉ាងខ្លាំង។ ​អ្នកខ្លះថា ​បើដឹងថាផែនទី​រាជរដ្ឋាភិបាល ​ត្រឹមត្រូវហើយ ចំាំបាច់​ផ្ទៀងផ្ទាត់ធ្វើអី?​ ជាការពិតយើងធ្វើ​ការផ្ទៀងផ្ទាត់​ ព្រោះចង់ឲ្យ​អ្នកនយោបាយខ្លះភ្លឺភ្នែក​, យើងប្រើផែន​ទីផ្លូវការហើយ ​យើងប្រើទាំងច្បាប់​អន្តរជាតិ ​និងច្បាប់ជាតិទៀត»​។

ឯកឧត្តម​ឧបនាយ​ករដ្ឋមន្ត្រី ​ហោ ណាំហុង ​បន្ថែមថា ​«មានអ្នកតំណាង​រាស្ត្រខ្លះ ធ្វើការបញ្ជារាជរដ្ឋា​ភិបាលឲ្យរកផែនទី ​ដែលបោះពុម្ភនៅ​ឆ្នាំ១៩៦៤ ​ឲ្យឃើញ!​ តើអ្នកនោះជាស្អី? ​ម៉េចមកបញ្ជារាជរដ្ឋាភិ​បាលចឹង? ​ពួកគេមាន​ភាពព្រហើនកំរិតណា? ​រាជរដ្ឋាភិបាល​មិនអាចរត់តាមការ​ញុះញង់របស់​បក្សប្រឆាំង ​ហើយយើងមិន​អាចយកផែនទី​ទិញតាមផ្សារ​ត្រីមកផ្ទៀងផ្ទាត់ទេ ​គឺយើងប្រើផែន​ទីផ្លូវការ ​គឺសុទ្ធតែមានត្រាត្រឹ​មត្រូវ។ ហេតុអ្វីមិ​នធ្វើការឃោសនា​តាមកម្មវិធី​នយោបាយរបស់ខ្លួន​ឲ្យប្រជាជនទៅ»។​

គួរបញ្ជាក់ថា​ ឯកឧត្តមភារ​ធារីស្ថានទូត​បារាំងប្រចាំកម្ពុជា ​នៅក្នុងពិធី​ប្រគល់ ទទួល ​និងផ្ទៀងផ្ទាត់ផែនទី​ ពីស្ថានទូត​បារាំងនៅភ្នំ​ពេញ ជូនរាជ​រដ្ឋាភិបាលកម្ពុជាដើ​ម្បីផ្ទៀងផ្ទាត់​នៅថ្ងៃនេះ បានមានប្រ​សាសន៍ថា នៅ​ក្នុងលិខិតរបស់​ឯកឧត្តម​ Francois HOLLANDE ប្រធានាធិប​តីនៃសាធារណរដ្ឋ​បារាំង ​បានបញ្ជាក់ថា ​ការសំរេចផ្តល់ផែ​នទីដល់រាជ​រដ្ឋាភិបាលកម្ពុជានៅ​ពេលនេះ ​គឺផ្អែកលើការប្តេ​ជ្ញាចិត្តរបស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលបាន​បញ្ជាក់ក្នុងលិខិត​របស់សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រីថា ​កម្ពុជាមាន​ការប្តេជ្ញាចិត្តដ៏មោះ​មុតឥតងាក​រេក្នុងការអនុវត្ត​គោលនយោបាយ​របស់ខ្លួន ​សំដៅកសាង​ខ្សែបន្ទាត់ព្រំដែនមួ​យច្បាស់លាស់ ​ប្រកបដោយសន្តិភាព​ មិត្តភាព ​សហប្រតិបត្តិការ ​និងអភិវឌ្ឍជាមួយ​ប្រទេសជិតខាង។ ​ស្របតាម​ស្មារតីនេះ ​រាជរដ្ឋាភិបាល​បារាំងសំរេច​ផ្តល់ឯកសារផែនទី​ Bonne​ ខ្នាត ១/១០០.​០០០ ដល់កម្ពុជា​ ដែលជាផែន​ទីថតចម្លង​ពីផែនទីដើម បោះពុម្ភ​ដោយក្រុមភូមិសាស្ត្រឥ​ណ្ឌូចិន។​


បន្ទាប់ពីទទួល​ផែនទី ពីភារធារី​ស្ថានទូតបារាំង​នៅភ្នំពេញ ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ​ណាំហុង ​បានបញ្ជាក់ថា ​ផែនទីទាំងអស់​គឺមានចំនួន​២៦សន្លឹកគ្រប់ចំ​នួន ហើយមានបោះ​ត្រាស្ថានទូត​បារាំងទាំង​ផ្អែកខាងមុខ​ និងខ្នង។ ​បន្ទាប់ពីភាគី​ទាំងពីរ គឺកម្ពុជា ​-បារាំង បានចុះហត្ថ​លេខាប្រគល់ ​និងទទួលរួច​មក ឯកឧត្តម​ទេសរដ្ឋមន្ត្រី ​វ៉ា គឹមហុង ​ប្រធានគណៈកម្មាធិការ​ព្រំដែនចម្រុះកម្ពុជា ​បានធ្វើការផ្ទៀ​ងផ្ទាត់១ផ្ទាំងម្តងៗ ​ដែលក្នុងចំណោម២៦ផ្ទាំង​ មាន១ផ្ទាំង​ជាផែនទី ​UTM ខ្នាត១/១០០​.០០០។ ​ការផ្តល់ជូន​ផែនទី UTM ​១ផ្ទាំងនេះព្រោះបារាំង​រកផែនទី​ Bonne ​១/១០០.០០០ ​មួយផ្ទាំងនោះមិន​ឃើញ ទើបបារាំ​ងឲ្យ UTM​​ មួយមកជំនួស។​ ចំពោះវិធីសាស្ត្រ​ផ្ទៀងផ្ទាត់គឺ​ប្រើវិធីសាស្ត្របុរាណ ​ដោយយកក្រដាសកាល់ ​មកកាល់​លើផែនទីដើម​របស់កម្ពុជា ​រួចយកក្រដាស​កាល់ដោយមាន​ស្នាមកាល់ខ្សែព្រំដែន​ និងខានលេខា​នោះមកត្រួត​ពីលើផែនទី ​ដែលបារាំងផ្ត​ល់ឲ្យ។ ជា​លទ្ធផលនៃការផ្ទៀងផ្ទាត់​នេះគឺដូចគ្នា​បេះបិទ៕​




No comments:

Post a Comment