Friday, September 04, 2015

បណ្ឌិត សុខ ទូច៖ ការផ្ទៀងផ្ទាត់ផែនទីដែលផ្តល់ដោយបារាំង ជាសក្ខីភាពប្រវត្តិសាស្រ្ត ហើយជំរុញឱ្យអ្នកនយោបាយឈប់ខ្វែងគំនិតគ្នារឿងផែនទី

លោក​បណ្ឌិ​ត សុខ ទូច ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​ព្រំដែន​កម្ពុជា នៃ​រាជ​បណ្ឌិត្យ​សភា បាន​ប្រកាស​ថា លទ្ធផល​នៃ​ការ​ផ្ទៀត​ផ្ទាត់​រវាង​ផែន​ទី បោន​២៦​ផ្ទាំង មក​ពី​ប្រទេស​បារាំង និង​ផែន​ទីរាជ​រដ្ឋា​ភិបាល​ប្រើ​ប្រាស់សព្វ​ថ្ងៃ ឃើញ​ថា​ដូច​គ្នាទាំង​ស្រុង នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ គឺ​ជា​សក្ខី​ភាព​ជា​ប្រវ​ត្តិសាស្រ្ត សម្រា​ប់ប្រទេស​កម្ពុជា ហើយ​ជំរុញ​ឱ្យអ្នក​នយោ​បាយ បញ្ឈប់​ការ​ខ្វែង​គំនិតគ្នា​រឿង​ផែនទី​តទៅ​ទៀត នេះ​បើតាម​សេចក្តី​ថ្លែងការណ៍ របស់លោក​បណ្ឌិត ដែលចេញផ្សាយនៅ​រសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥កន្លងទៅ។

សេចក្តីថ្លែងការណ៍របស់ លោកបណ្ឌិត សុខ ទូច បានឲ្យដឹងថា៖ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ២០១៥ តប​តាម​ការអញ្ជើញ​របស់​គណៈ​កម្មការ​ ចំពោះ​កិច្ច​សម្រប​សម្រួល​ការងា​រប្រគល់ ទទួល និងផ្ទៀង​ផ្ទាត់​ផែន​ទី ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​ដឹក​នាំដោយ​លោកបណ្ឌិត​ សុខ ទូច និង​សហការី​ចំនួន ៣រូប បាន​ចូល​រួម និង​តាម​ដាន​យ៉ាង​យក​ចិត្តទុក​ដាក់ ចំពោះ​ដំណើរ​ការផ្ទៀង​ផ្ទាត់​ផែនទី​ ដែល​ផ្តល់​ដោយរដ្ឋា​ភិបាល​នៃសាធារ​ណរដ្ឋ​បារាំង ដែល​ជា​ផែន​ទីផលិត​ដោយ​ក្រុម​ភូមិ​សាស្រ្ត​ឥណ្ឌូចិន ​(Service Geographique de l’Indochine) និង​តម្តល់​ទុក​នៅវិទ្យា​ស្ថាន​ជាតិ​ភូមិ​សាស្រ្ត ​(IGN) នៃ​ប្រទេស​បារាំង តាមរយៈ​ស្ថាន​ទូត​បារាំង​នៅរាជ​ធានី​ភ្នំពេញ ជា​មួយ​និង​ផែនទី​ផ្លូវ​ការ​និងស្រប​ច្បាប់ ដែល​រាជ​រដ្ឋា​ភិបាល​កំពុងប្រើប្រាស់ ​ក្នុង​ការ​បោះ​បង្គោល​ខណ្ឌ​សីមា​ព្រំដែន​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម។

ក្រុមស្រាវ​ជ្រាវ​ព្រំដែន​កម្ពុជា នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា សូម​ធ្វើការ​កត់​សម្គាល់​ដូចត​ទៅ៖ ១. ការផ្ទៀង​ផ្ទាត់​ផែនទីដែលបាន​ប្រព្រឹត្ត​ទៅកាល​ពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ជាសក្ខី​ភាព​ដ៏សំខាន់​បំផុត​ជាប្រវត្តិសាស្រ្ត ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ពី​ព្រោះប្រទេស​បារាំង គឺ​ជាប្រទេស​អាណានិគម​នៃប្រទេស​ទាំងបី កម្ពុជា ឡាវ និងវៀតណាម។ ២. ប្រទេស​បារាំង​ក្នុង​ឋានៈជាប្រទេស​អាណា​និគម គឺ​ជាអ្នក​វាស់វែង និង​កំណត់​ព្រំដែន​ប្រទេសកម្ពុជា​ជាមួយ​ប្រទេសជិ​តខាង ដែល​ក្នុង​នោះ ព្រំដែន​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ថៃ កំណត់ដោយ​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។ ដោយ​ឡែក​ព្រំដែន​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ឡាវ និងប្រទេស​វៀតណាម គឺបារាំង​វាស់វែង និង​គូស​ផែនទី​ព្រំដែន​ប្រទេសដោយ​មិន​បានសាក​សួរប្រទេសសាមី​នោះទេ ប៉ុន្តែ​ប្រទេសទាំង​បីចាំ​បាច់ត្រូ​វទទួល​យក។ ៣. ការ​យក​ផែនទីពី​ប្រភព​ផ្សេងៗមកផ្ទៀ​ងផ្ទាត់ជាមួយ​ផែនទី​ផ្លូវការ និ​ងស្រប​ច្បាប់ ដែល​រាជ​រដ្ឋា​ភិបាល​ប្រើប្រាស់ ​ក្នុង​ការ​បោះបង្គោល​ខណ្ឌ​សីមា​ព្រំដែនប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​វៀត​ណាម ក៏មាន​សារៈ​សំខាន់ ប៉ុន្តែ​ផែនទី​ដែល​ផ្តល់​ដោយ​រដ្ឋា​ភិបាល​នៃសាធារ​ណរដ្ឋ​បារាំង គឺមាន​អត្ថ​ន័យជាសារ​វន្តជាង​ផែនទី​នានា ​ដែល​យើង​យក​មកផ្ទៀង​ផ្ទាត់​កន្លង​មក ពីព្រោះផែន​ទី​នេះ ជា​ផែន​ទីដើម ដែល​ត្រឹមត្រូ​វទាំង​ទិដ្ឋភាព​បច្ចេក​ទេស និ​ងទិដ្ឋ​ភាពមរតក​ប្រវត្តិ​សាស្រ្ត ពីព្រោះ​បារាំង​ជាអតីត​ប្រទេស​អាណា​និគមនៃប្រទេស​កម្ពុជា និង​ប្រទេស​វៀត​ណាម។ ៤. យើង​ខ្ញុំ​សូមសំណូម​ពរ​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​គ្រប់​និន្នា​ការ​នយោ​បាយ ឈប់​ខ្វែង​គំនិត​គ្នាលើ​បញ្ហា​ផែន​ទីត​ទៅ​ទៀត ត្រូវ​តែមាន​ឯក​ភាព​ជាតិ ពី​ព្រោះ​ផែន​ទីដែល​ផ្តល់​ដោយ​រដ្ឋា​ភិបាល​នៃ​សាធារ​ណរដ្ឋ​បារាំង គឺ​មាន​លក្ខណៈច្បាស់​លាស់​គ្រប់​ជ្រុង​ជ្រោយ​លើគ្រប់​ទិដ្ឋភាព និង​ដូច​គ្នាទាំ​ងស្រុង​ទៅ និង​ផែន​ទីផ្លូ​វការ និង​ស្រប​ច្បាប់ ដែល​រាជ​រដ្ឋា​ភិបាល​ប្រើប្រាស់​ សម្រាប់​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន ​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម​៕


No comments:

Post a Comment