Monday, September 28, 2015

គណៈកម្មការមហាផ្ទៃ ការពារជាតិ និងសន្តិសុខ នៃរដ្ឋសភា កម្ពុជា-ទ្បាវ-វៀតណាម ជួបប្រជុំនៅប្រទេសទ្បាវដើម្បីគំាទ្រនិងជំរុញការអភិវឌ្ឍតំបន់ត្រីកោណ

ប្រធានគណៈកម្មការ​មហាផ្ទៃ ​ការពារជាតិ​ និងសន្តិសុខ នៃ​​រដ្ឋសភា ​ប្រទេសកម្ពុជា ​ឡាវ និង ​វៀតណាម ​បានជួបប្រជុំគ្នា ​នៅថ្ងៃទី២៨​ ខែកញ្ញា ​ឆ្នាំ២០១៥​ នៅសណ្ឋាគារ​ ចំប៉ា​សាក់ហ្រ្គែន ​ក្នុងខេត្តចំប៉ាសាក់​ ប្រទេសឡាវ ​ដើម្បីជំរុញ ​និងគំាទ្រ ​ដល់គម្រោង​អភិវឌ្ឍ​ តំបន់ត្រីកោណ ​អភិវឌ្ឍន៍​ (CLV)​ ដែលរដ្ឋាភិបាល ​ប្រទេសកម្ពុជា ​ឡាវ និង​ វៀតណាម ​បានបង្កើតរួមគ្នា។ ​កិច្ចប្រជុំនេះ ​បានប្រារព្ធ​ពិធីបើក ​ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ​របស់ ​ឯកឧត្ត​ម​បណ្ឌិត​ សាយសុំផន​ ភុំវិហាន​ អនុប្រធាន​សភាជាតិ​ នៃសាធារណ​រដ្ឋប្រជាធិបតេយ្យ​ប្រជាមានិតឡាវ​។

ប្រធានគណៈកម្មកា​រជំនាញរដ្ឋសភាទំា​ងបីប្រទេស ​ដែលទទួលបន្ទុក​វិស័យមហាផ្ទៃ ​ការពារ​ជាតិ សន្តិសុខ ​បានលើកឡើងថា ​កិច្ចប្រជុំនេះជា​ការលើកស្ទួយ ​តួនាទី ​ភារកិច្ច ​ក្នុងការពិនិត្យ ​តាមដាន ​និងគំាទ្រ ​របស់រដ្ឋសភា ​ទៅដល់គម្រោង​អភិវឌ្ឍតំបន់​ត្រីកោណអភិវឌ្ឍន៍​ ដែលរដ្ឋាភិ     បាល​ប្រទេសទំាងបី​ កម្ពុជា ឡាវ ​និងវៀតណាម ​បាននឹងកំពុង​ អនុវត្តរួមគ្នា។​

មានប្រសាសន៍​ក្នុងឱកាសបើក​កិច្ចប្រជុំ ​ឯកឧត្តម វីឡៃ​ ដួងម៉ានី ​ប្រធានគណៈកម្មា​ធិការការពារ​ប្រទេស​ និងសន្តិ​សុខ រដ្ឋសភា​ឡាវ បានចាត់​ទុកជំនួប ​នាពេលនេះ ថា​ មានសារៈសំខាន់ ​ក្នុងការពង្រឹង​ពង្រីកកិច្ចសហ​ប្រតិបត្តិការ​ រវាងប្រទេសទំាងបី​ ឲ្យកាន់តែល្អ​ន្ថែមទៀត ​ដើម្បីជំរុញល្បឿន ​នៃការអភិវឌ្ឍ ​ក្នុងតំបន់​ត្រីកោណ ​បានសម្រេចតាម ​ផែនកា​រ។

ឯកឧត្តម​បានសង្កត់​ធ្ងន់ថា ​កិច្ចការការពារ​សន្តិសុខ ​សុវត្ថិភាព ​សណ្តាប់ធ្នាប់ ​ក្នុងតំបន់ត្រីកោណ​អភិវឌ្ឍន៏(CLV)​ ឲ្យបានល្អ ​ជាផ្នែកសំខាន់​ដើម្បីឈានដល់ ​ការសម្រេច ​តាមផែនកា​រទំាង​ឡាយ ​ដែលបានដាក់ចេញ។​
ចំណែក ​ឯកឧត្តម​ ង្វៀន គីមខ័រ​​​ ប្រធានគណៈកម្មាធិការ​សន្តិសុខ ​និងការពារ​ប្រទេសនៃរដ្ឋសភា​វៀតណាមវិញ​ បានចាត់ទុ​កថាតំបន់ត្រីកោណអ​ភិវឌ្ឍន៍ ​ជាទីតាំង ​ដ៏មានសក្តានុពល សម្រាប់​ប្រទេសទាំងបី​ ទាំងផ្នែកនយោបាយ ​សេដ្ឋកិច្ច ​បរិស្ថានធម្មជាតិ​ និងសន្តិសុខ។​

ឯកឧត្តម​បានបញ្ជាក់ថា ​រដ្ឋសភាប្រទេស​វៀតណាម ​បានគំាទ្រយ៉ាងពេ​ញទំហឹង​ចំពោះផែន​ការអភិវឌ្ឍន៍តំ​បន់ត្រីកោណ ​និងត្រៀមជជែក​ផ្លាស់ប្តូរ​ បទពិសោធន៍​ នៅក្នុងកិច្ច ​ប្រជុំពេលនេះ ​ដើម្បីធ្វើយ៉ាងណា ​ឲ្យសកម្មភាព​អភិវឌ្ឍន៍តំបន់​ត្រីកោណ មាន​ដំណើរទៅ​មុខ ដោយរលូន​។

ក្នុងកិច្ច​ប្រជុំនេះ ​ឯកឧត្តម​ ហ៊ុន ណេង ​ប្រធានគណៈក​ម្មការមហាផ្ទៃ ​ការពារជាតិ ​និងមុខងារសាធារណៈ​នៃរដ្ឋសភាកម្ពុជា​ បានមាន​ប្រសាសន៍​ លើកឡើងថា ​រដ្ឋសភាកម្ពុជា ​បានចុះអនុស្សារណៈយោ​គយល់គ្នា ​ស្តីពីកិច្ចសហ​ប្រតិបត្តិការគ្នា ​ជាមួយរដ្ឋសភា​ប្រទេសឡាវ និងបាន​ចុះកិច្ចព្រម​ព្រៀងស្តីពី ​សហប្រតិបត្តិការ​ គ្នាជាមួយ​រដ្ឋវៀតណាម ដែល​កិច្ចព្រមព្រៀង​ និងអនុស្សារណៈនេះ ​ជាក្របខណ្ឌ័ច្បា​ប់ដ៏សំខាន់​ ក្នុងការបង្កើន​កិច្ចសហប្រតិ​បត្តិការ​ ការយល់ដឹង​ពីគ្នាទៅវិញ​​ទៅ​មក នៃ​ស្ថាប័ន​​នីតិប្ប​ញ្ញត្តិទាំងបីប្រទេស ​ក្នុងការជំរុញ ​និងគំាទ្រកា​រអភិវឌ្ឍ​តំបន់កោណដ៏មាន​សក្តានុពល។​

ប៉ុន្តែ​ ឯកឧត្តមបាន​លើកឡើងថា ​ទោះបីរហូតមកដ​ល់ពេលនេះ ​កិច្ចសហប្រតិបត្តិការ​ រវាងប្រទេស​ទាំងបី​ ពិសេសរវាង​រដ្ឋសភាប្រទេសទំា​ងបី បានទទួល​លទ្ធ​ផលវិជ្ជមាន ​ជាច្រើន យ៉ាងណាក្តី ​ក៏នៅមាន​បញ្ហាប្រឈមមួ​យចំនួនទៀត ​ដែលតម្រូវ​ឲ្យ ប្រទេសកម្ពុជា ​វៀតណាម​ និងឡាវ​ បង្កើនកិច្ច ​សហប្រតិបត្តិការ​រួមគ្នា ដំណោះស្រាយ ​បញ្ហា សេសសល់​ទៀត។

​ឯកឧត្តម​ ហ៊ុន ណេង​ បានលើកពីប​ញ្ហាប្រឈម ​ដល់ការអភិវឌ្ឍ​នៅក្នុងតំបន់​ត្រីកោណអភិវឌ្ឍន៍ ​រួមមានការ​គម្លាតឆ្ងាយពីគ្នា ​នូវជីវភាពរស់នៅរបស់ ​ប្រជាពលរដ្ឋ ​ការកសាង ​ហេដ្ឋារចនា​សម្ព័ន្ធជនបទ​ នៃប្រទេសទំាងបី​ ដូចជាការផ្គត់​ផ្គង់ទឹកស្អាត​ អគ្គិសនី ​ជាដើមនោះ មានភាព​មិនស្មើគ្នា។ ​លើសពីនេះ​ទៀត បទឧក្រិដ្ឋ​ឆ្លងដែន ​ដូចការជួញ​ដូរគ្រឿង​ញៀន ការជួញដូរស្រ្តី ​និងកុមារ​ ការរត់ពន្ធឆ្លងដែន ​បទល្មើសព្រៃឈើ ​ការជួញដូរអាវុធ​ជាតិផ្ទុះ ​និងអំពើភេរវកម្ម​ នៅតែមាន​។

ទោះយ៉ាងណា ​ឯកឧត្តម ​ហ៊ុន ណេង ​បានវាយតម្លៃខ្ពស់​ចំពោះកិច្ចប្រជុំពេល​នេះ ដោយបានចាត់​ទុកថា ​បានប្រារព្ធ​ធ្វើឡើងស្របទៅ​នឹង ចក្ខុវិស័យ​របស់ អាស៊ាន ​ដែលកំពុង ឈាន​ទៅសម្រេចឲ្យបា​ននូវ ​ សមាហរណកម្ម​សេដ្ឋកិច្ច ​នៅចុងឆ្នាំ២០១៥នេះ។​

ឯកឧត្ត​មបណ្ឌិត ​សាយសុំផន​ ភុំវិហាន ​បានមានប្រសាសន៍ថា ​សក្ខីភាពនៃ​កិច្ចសហប្រតិបត្តិការ​ រវាងប្រទេសកម្ពុជា ​វៀតណាម ​និងឡាវ ដ៏ល្អ ​និងស្អិតរមួត​ បានឆ្លុះបញ្ចាំង តាមរយៈកិ​ច្ចប្រជុំនៅពេ​លនេះ។ ​ឯកឧត្តមបាន​លើកឡើងថា ​កិច្ចប្រជុំនេះ ​បានបង្ហាញ​ពីស្មារតីអនុវត្ត​កិច្ចព្រមព្រៀង ​ស្តីពីកិច្ចសហប្រតិ​បត្តិការ រ​វាងប្រទេសទាំងបី ​ក្នុងការ ​ពង្រឹងពង្រីកចំណង​មិត្តភាព ​សាមគ្គីភាព ​និងកិច្ចសហប្រតិ​បត្តិការ ​លើគ្រប់វិស័យសំ​ដៅរួមចំណែក​ លើកកម្ពស់​ដល់ការអភិវឌ្ឍន៍​ ប្រកបដោយចីរភាព​ សម្រាប់ប្រជាពលរដ្ឋ​ រស់នៅតំបន់ត្រីកោ​ណអភិវឌ្ឍន៍។​

ឯកឧត្តម​អនុប្រធាន​រដ្ឋសភាជាតិទ្បាវ ​បានមាន​ប្រសាសន៍បន្តថា ​ស្ថាប័ននីតិប្បញ្ញ​ត្តិនៃប្រទេសទាំងបី ​បាន​គាំទ្រ និងលើក​ទឹកចិត្តដល់រ​ដ្ឋាភិបាលនៃប្រទេស ​រៀងៗខ្លួន ​ក្នុងការអនុវត្ត​ និងសម្រេច​ឲ្យបាននូវ​សេចក្តីប្រាថ្នា ​ក្នុងការប្រែក្លាយ​តំបន់ត្រីកោណ ​ឲ្យទៅជាមជ្ឈមណ្ឌល​ ដែលមាន​កំណើនសេដ្ឋកិច្ច ​និងវិបុលភាព។     
សូមបញ្ជាក់ថា ​រដ្ឋាភិបាល​ប្រទេសកម្ពុជា​ ឡាវ និងវៀតណាម ​បានបង្កើត​ តំបន់អភិវឌ្ឍន៍​ត្រីកោណកម្ពុជា ​វៀតណាម ​និងឡាវ​ (CLV) ​នៅក្នុងខេត្តចំ​នួន១៣ ​ក្នុងនោះ ប្រទេស ​កម្ពុជាមានខេត្ត​ចំនួន៤ ​គឺ ខេត្តស្ទឹងត្រែង ​រតនគីរី​ មណ្ឌលគីរី​ និងខេត្តក្រចេះ។ ​ប្រទេសឡាវ​មានចំនួន៤ខេត្ត ​និងប្រទេសវៀត​ណាម មានខេត្ត​ចំនួន៥ ។ ​នេះជាលើកទី២ ​ហើយដែលគណៈកម្មការ​ ឬគណៈកម្មាធិការ​ រដ្ឋសភាប្រទេស​ទំាងបី ​ដែលទទួលបន្ទុក​វិស័យសន្តិសុខ ការពា​រជាតិ ​បានជួបប្រជុំ​គ្នាដើម្បីគំាទ្រ ​និងជំរុញការ​អភិវឌ្ឍន៍​ តំបន់ត្រីកោណអភិវឌ្ឍន៍​ របស់រដ្ឋាភិបាលខ្លួន ​ឲ្យដំណើរការ​ទៅមុខបានលឿន ​ដើម្បីជាប្រយោជន៍​ដល់ ប្រជាជន​និងប្រទេសទំាងបី៕​
អត្ថបទនិង​រូបភាពពីនាយកដ្ឋានព័​ត៌មានរដ្ឋសភា




No comments:

Post a Comment