Tuesday, September 08, 2015

កម្ពុជា​​ស្នើ​ចិនបន្ត​ជួយ​ក្នុងការ​ជួស​ជុល​ និងអ​ភិរក្ស ប្រាសាទ​​បេងមា​លា នៅខេត្ត សៀ​​មរាប

នៅថ្ងៃទី ០៧ ​ខែកញ្ញា ឆ្នាំ២០១៥នេះ ​នៅក្នុងជំនួបពិភាក្សា​រវាង​ ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ ឯកឧត្តម Li Xiaojie ​អនុរដ្ឋមន្ត្រី​ក្រសួងវប្បធម៌​នៃសាធារណរដ្ឋ​ប្រជាមានិតចិន​ នៅទីស្នាក់ការអាជ្ញាធរ​ជាតិ​អប្សរា​ ខេត្តសៀមរាប​ ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន​ បានស្នើឲ្យភាគីចិន ​ទទួលយក​គម្រោងជួសជុល​ និង​អភិរក្សប្រាសាទ​បេងមាលា​ ដែលស្ថិត​នៅក្នុងតំបន់អង្គរ ​ខេត្តសៀមរាប។ ​ការស្នើឲ្យភាគីចិន​ ពិនិត្យ​ និងទទួលយកការ​ជួសជុលអភិរក្ស​ប្រាសាទបេងមាលានេះ ​គឺជា​លើកទី៣ហើយ​ បន្ទាប់ពីក្រុមជំនាញការ​បច្ចេកទេសវប្បធម៌ចិន ​ធ្លាប់បានជួយកម្ពុជាក្នុងការជួសជុល ​និងអភិរក្សប្រាសាទ​ចៅសាយ​ និងបច្ចុប្បន្នចិន​កំពុងធ្វើការជួសជុល ​និងអភិរក្ស​ប្រាសាទតាកែវ ​ដែលសុទ្ធតែ​ជាក្រុមប្រាសាទ​ក្នុងតំបន់អង្គរ​ ខេត្តសៀមរាប។
នៅក្នុងជំនួប​ពិភាក្សានេះ​ កម្ពុជាទទួល​បានលទ្ធផល​ និងផ្លែផ្កា​យ៉ាងខ្លាំង  ​ដោយក្នុង​នោះភាគីចិន ​ដែលមាន ​ឯកឧត្តម Li Xiaojie ​ជាតំណាង​បានបង្ហាញ​នូវតំរុយថា ​បន្ទាប់ពីបញ្ចប់ការជួសជុលនិងអភិរក្ស​ប្រាសាទតាកែវ​ រួចរាល់នៅចុងឆ្នាំ​២០១៨ខាងមុខនេះ ​ចិននិងពិនិត្យ​មើលហើយ​នឹងអាចឈានទៅ​ជួសជុលអភិរក្ស​ប្រាសាទបេងមាលា​បន្តទៀត។
ឯកឧត្តមបណ្ឌិត​សភាចារ្យ​ សុខ អាន​ បានមាន​ប្រាសាសន៍ថា​ «កម្ពុជាមានសង្ឃឹមថា ​ភាគី​ចិននឹងបន្តជួយក្នុង​គំរោងទីបីនេះ​បន្តទៀត ​ដោយសារកម្ពុជា​បានបង្កើតនូវ ​ICC អង្គរ និង ​ICCព្រះវិហារ  ​ដើម្បីធ្វើកិច្ច​ការងារជួសជុល ​អភិរក្ស ​និងអភិវឌ្ឍន៍​ ហើយកាលពីថ្ងៃ ទី០៦ ខែកញ្ញាឆ្នាំ២០១៥​ ម្សិលមិញនេះ ​យើងបានប្រជុំ​បច្ចេកទេសលើក​ទី១ ICC ព្រះវិហារ​ប្រកបដោយ​ជោគ​ជ័យដែលមាន​ការ​ចូលរួមពីសហ​ប្រធានឥណ្ឌា ​នឹងចិន»។
ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ​បានបន្តថា​ ក្រោមការដឹកនាំ​របស់រាជរដ្ឋាភិបាល​បច្ចុប្បន្នដែលមាន ​សម្តេចតេជោ ហ៊ុន សែន ​ជានាយករដ្ឋមន្ត្រី ​កម្ពុជា​ទទួលបានជោគជ័យច្រើនណាស់លើកគ្រប់វិស័យ ​ហើយនៅក្នុងផ្នែក​បេតិកភណ្ឌវប្បធម៌​ គឺមានការចូលរួមពី​សហគមន៍​អន្តរជាតិ​ជាច្រើន។ ​ឯកឧត្តមឧប​នាយករដ្ឋមន្ត្រី ​ក៏បានលើកឡើង​ពីជោគជ័យ​របស់ ICC អង្គរ​ ដែលមានការ​ចូលរួមពី​អង្គការធំៗជាង​២០អង្គការ ​ក្នុងការអភិរក្ស ​និងជួសជុលប្រាសាទឡើងវិញ ​ហើយនៅក្នុងនោះ​មានជាង៦០គម្រោង​ ហើយកន្លងមកនេះ​ថវិកា​ដែលបានទទួល​សម្រាប់​ការងារ ICC អង្គរ ​មិនតិច​ជាង៥០០​លានដុល្លារ​ ដែលកម្ពុជាបានចំណាយថវិកាទាំងនោះ​ប្រកបដោយតម្លាភាព​ត្រឹមត្រូវតាមរយៈ​គណៈកម្មាការ ​ICC អង្គរនេះ​។
គួរបញ្ជា​ក់ថា តាមប្រាសា​សន៍របស់ ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន  គឺនៅ​ពេលខាងមុខនេះ ​ឯកឧត្តម គឹម សេតារា​ ប្រធានអាជ្ញាធរជាតិ​ព្រះវិហារ នឹងរៀបចំ​នូវពង្រាវ​កិច្ចព្រមព្រៀងមួយ ​ដើម្បីចុះហត្ថ​លេខាជា​មួយក្រសួងវប្បធម៌​សាធារណ​រដ្ឋប្រជា​មានិតចិន ​ដើម្បីបង្ហាញថា​ទំនាក់ទំនង​រវាងចិន-កម្ពុជា​ កាន់តែមានភាព​ស្និតស្នាល​ផ្នែកបេតិក​ភណ្ឌវប្បធម៌​បន្ថែមទៀត៕



No comments:

Post a Comment