Tuesday, September 08, 2015

ម៉ៈទិឆុន ចុងសប្តាហ៍ ហោរាសាស្ត្រល្បីនៅស្រុកថៃ ទស្សន៍ទាយជាថ្មីអំពី ជោគវាសនារបស់គណបក្សសង្គ្រោះជាតិ ថា « ជួបគ្រោះធំ បាក់ឆ្អឹងខ្នង! »

សារព័ត៌មាន​មៈទិឆុន ឆ្នាំទី៣៨ លេខ១៣៦០០២ ចេញ​ផ្សាយ​នៅថ្ងៃ​សុក្រ ​សប្តាហ៍​ទី១ ក្នុងខែ​កញ្ញា ឆ្នាំ​២០១៥​ ពុទ្ធស័ករាជ ២៥៥៩​ បានឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី និង​លោក​កឹម សុខា កំ​ពុង​ស្ថិត​ក្នុង​សភា​ព​ដួល​ដាំក្បាលចុះ និង​ដាច់សសៃជើងទាំង​អស់ ​ គឺជួប​គ្រោះធំ « បាក់ឆ្អឹងខ្នង » ទៅ​មុខលែងរួច​ ថយ​ក្រោយ​មិន​កើត ហេតុនេះ​ហើយទើប​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ ខំ​ប្រឹងតាម​គ្រប់​មធ្យោបាយ​ និង​ប្រើ​គ្រប់​យុទ្ធ​វិធី ទាំង​ត្រដរ​ខ្យល ស្រវាក្រោក​ងើប​ៗ ហើយ​ដួលទៅ​វិញ​ យ៉ាង​​​​ត្រដាប​​​ត្រដួស​បំ​ផុត​ ​និង​ទាំងភ័យ​ព្រលឹង​ចុង​សក់​ ដើម្បី​បន្ត​​ដឹក​នាំ​​គណបក្ស​រប​ស់​​ខ្លួន ដែល​កំ​ពុង​ស្ថិត​នៅ​ក្នុង​សភាព​បាត់​បង់ម្ចាស់​ការ ។

ខាងលើ​នេះ​ គឺ​ជា​សម្តី​នៃ​ការ​ទស្សន៍​ទាយ​ដ៏​ខ្លាំង​ក្លា​ និង​ប្រកប​ដោយ​ភាព​ម៉ឺង​ម៉ាត់របស់ហោរាសាស្ត្រ​​ ​ដ៏​ល្បី​​ឈ្មោះ​មួយ​រូបនៅ​ប្រទេស​ថៃ ដែលត្រូវបាន​អ្នក​នយោបាយ​ និង​​អ្នក​ជំ​នួញជា​ច្រើន​នាក់​​ស្ញើច​សរសើរ និង​ប្រសិទ្ធិ​នាមឲ្យ​​ថា ជា​ហោរាមាត់​ទិព្វ ​គឺ​លោក  ភិនយ៉ូ ភុងចារ៉ឺន ដែលមាន​អាយុប្រមាណ​៥០ឆ្នាំ​ ឆ្លើយទៅ​កាន់​ស្ត្រី​ម្នាក់​​ដែល​ទំ​នង​ជា​ធ្លាប់​ចេញ​ចូល​ប្រទេស​ថៃ​ញឹក​ញាប់​ និង​បានបង្ហាញ​នូវអត្តៈ​ចរិត​ប្រឆាំងជា​មួយ​ការ​ដឹកនាំ​​នៃ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ពី​ភ្នាក់ងារ​​នៃក្រុម​បណ្តាញ​ព័ត៌មានសេរី ​ផ្តល់ជូន​សារព័ត៌មាន​ ម៉ៈទិឆុន​ ។

ក្នុងភាពរហ័សរហួន​ និង​សំ​ឡេងខ្លាំងៗ ​ច្បាស់​ៗ ប៉ុន្តែមាន​ទឹក​មុខញញឹម​ស្រស់​ស្រាយ លោក ភិន​យ៉ូ​ ភុង​ចារ៉ឺន បាន​និយាយទៅ​កាន់​មនុស្សប្រមាណ​ពី​៥   ៧នាក់​ ជា​ជន​ជាតិ​ខ្មែរ តាម​រយៈការបកប្រែពីយុវ​ជន​​​ជំ​ទង់​១រូប ទំ​នងជា​​និស្សិតកម្ពុជា​ដែល​កំ​ពុង​សិក្សានៅ​ប្រទេសថៃ​ ខណៈដែល​មាន​មនុស្ស​ជា​ច្រើន​​នាក់​ផ្សេង​ទៀត​​កំ​ពុង​រង់​ចាំ​នៅ​រាន​ខាង​ក្រៅ​ ក្នុង​បរិវេណផ្ទះដ៏​ស្កឹម​ស្កៃមួយរបស់​លោក ភិនយ៉ូ ​ក្នុង​ទី​ក្រុង​បាងកក ។
លោក​ ភិន​យ៉ូ បាន​បញ្ជាក់​ថា គណ​បក្ស​​ប្រឆាំង​នៅ​កម្ពុជា​ ខុសពី​គណបក្ស​ប្រឆាំង​នៅ​ស្រុក​ថៃ​ និង​ក៏​មិន​អាច​ធ្វើ​ដូច​ស្រុក​ថៃ​បាន​ឡើយ នូវ​គោល​បំ​ណង​ប៉ុនប៉ង​កាន់​កាប់​អំ​ណាច​ដ៏​ឆាប់​រហ័ស តាមវិធី​ធ្វើ​រដ្ឋ​ប្រហារ​ផ្តួល​រំ​លំ​រដ្ឋា​ភិបាល​ និង​តាម​គ្រប់​មធ្យោ​បាយ​ទុចរិតផ្សេង​ៗទៀត ក៏ដូចជាការ​យក​បញ្ហា​ព្រំ​ដែន​ដើម្បី​កេង​ចំ​ណេញ​​នយោបាយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​គាំ​ង​គ្រប់​ច្រកទាំង​អស់​ ​ពេល​វេលាមិន​​អំ​ណោយ​ផល​​ដូច​ក្នុងពេល​យុទ្ធ​នា​ការ​ឃោសនាបោះ​ឆ្នោត​​ឆ្នាំ​២០១៣​កន្លង​ទៅនោះ​ទេ។
ស្ត្រីជនជាតិខ្មែរ​​តំ​ណាង​គណបក្ស​សង្គ្រោះ​ជាតិរូប​នោះ ហាក់ដូចជាខឹង​សម្បា បាន​ចោទ​សួរ​ទៅ​លោក ភិនយ៉ូ ដោយ​បាន​រំ​លឹកអំ​ពីការប្រមូល​ផ្តុំ​កម្លាំង​គាំ​ទ្រពី​មហាជន ជាពិសេស ក្រុម​យុវជន​ក្នុង​រាជ​ធានី​​ភ្នំ​ពេញ​​កាល​ពី​ពេល​កន្លងមក​ថា មានហ្វូងមនុស្ស​ជាច្រើន​ម៉ឺន​នាក់មិនសុខចិត្តនឹង​លទ្ធផលនៃការ​បោះ​ឆ្នោត ដោយ​ចោទ​​ថា មាន​ការ​កិបកេង​បន្លំ​ជា​ដើម​ ។ ការ​លើក​បញ្ហា​នេះឡើង អាចជា​អ្វី​ដែល​ស្ត្រី​រូប​​នោះ ចង់​បញ្ជាក់​ថា បក្ស​ប្រឆាំង​នៅ​តែ​ខ្លាំង​ និង​អាចសង្ឃឹមថា ​ផ្តួល​រំ​លំ​រដ្ឋាភិបាល​បាន​នៅ​ពេល​ណា​មួយ​ បើពួក​គេមាន​ឱកាស និង​កម្លាំង​គ្រប់​គ្រាន់ ។

លោក ភិន​យ៉ូ ​ បាន​និយាយ​ថា ពេល​វេលានេះ អាក្រក់​បំ​ផុត​សម្រាប់​គណបក្ស​​ប្រឆាំង​របស់​លោក សម រង្ស៊ី ដូចអ្នក​លេងអុកអញ្ចឹង គឺ​ ​ « អស់​ផ្លូវ​ អស់​ក្រឡាដើរ ទាល់ច្រក និង​គេព័ទ្ធ​ជិត​ » ហើយមាន​តែ​​វិធីម៉្យាងគត់ គឺបោះទូក បោះសេះ ឲ្យសត្រូវ​ស៊ី ដើម្បី​ការពារខ្លួន​តែ​ប៉ុណ្ណោះ។
លោក ភិនយ៉ូ បាន​មាន​ប្រសាសន៍​បន្តថា « ​ល្បែង​អុក » គឺដូច​គ្នា​នឹង​សកម្មភាព​របស់​អ្នក​នយោបាយ​ដែរ សំ​ខាន់​ត្រង់​គំ​និត​ដឹកនាំ​ ការ​សម្រេច​ចិត្ត​ច្បាស់លាស់​ បាន​លឿន រហ័ស និង​ចេះ​ប្រើប្រាស់​ឱកាស  ជា​ពិសេសបំ​ផុត​នោះ​ គឺភាព​ឈ្លាសវៃ ក្នុង​ផ្លូវ​ដើរពី​មួយ​ជំ​ហាន​ទៅ​មួយ​ជំ​ហាន។ ប៉ុន្តែ លោក ភិន​យ៉ូ ថ្លែង​បញ្ជាក់​ថា ទាំង​លោក សម រង្ស៊ី ទាំង​លោក កឹម សុខា គ្មាន​ផែន​ការយុទ្ធសាស្ត្រ​ដឹកនាំ​ច្បាស់​លាស់ និង​ថ្នាក់​ដឹកនាំ​មួយ​ចំ​នួន​ទៀតដែល​ជា​កម្លាំង​ស្នូល​ក្នុង​គណបក្ស​ប្រឆាំងត្រូវ​បាន​គេវាយបំ​បាក់ឆ្អឹងខ្នង ​ហើយ​ក្នុង​នោះសំ​បូរដោយមនុស្សអសមត្ថភាព ពួក​គេ​ចូល​ចិត្ត​ធ្វើ​អ្វី​ៗតាម​តែគំ​និត​ឯកជន​រៀង​ខ្លួន ផ្ទុយ​ទៅ​វិញ​​បែរ​ជា​លេច​ធ្លោរ​នូវ​ការ​គិត​តែ​ពី​ផល​ប្រយោជន៍​ លាភសក្ការៈ មុខតំ​ណែង និង​​ការ​អែប​អប​ រុក​គួន​គ្នា​ទៅ​វិញ​ទៅ​មក​។ ក្រៅ​ពី​នេះ ពួក​គេច្រើន​តែ​មាន​អំ​នួតក្អេង​ក្អាង អាង​មេរៀង​ៗខ្លួន​នៅ​ក្នុងគណបក្ស​ដែល​ចែក​ជា​ច្រើនក្រុម​​ គ្មាន​មេ​កើយ​ច្បាស់​លាស់ ហើយ​អ្វី​ដែល​ជា​គ្រោះ​ថ្នាក់​បំ​ផុត​នោះ​ ក្នុង​ដំ​ណាក់​កាល​ចុង​ក្រោយ​នេះ គឺ​ផ្ទៃ​ក្នុង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា បាន​ និង​កំ​ពុង​​រង្គោះ​រង្គើពេញ​បន្ទុក​ ដោយ​សារ​បុគ្គល​ជា​​អ្នកដឹកនាំរួម​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិមិន​មានចិត្ត​ស្មោះ​​ត្រង់​ចំ​ពោះ​ប្រទេស​ជាតិ និងក្បត់​​ប្រជា​ជន​ខ្លួន​ឯង ចូល​ចិត្តប្រថុយ​តែជាមួយ​នឹង « ល្បែងយក​កទៅ​លអន្ទាក់​ »

លោក ភិនយ៉ូ និយាយបន្ថែម​ដោយ​សម្តី​ខ្លាំង​ៗទៀត​ថា ទាំង​លោក សម រង្ស៊ី និង​លោកអនុប្រធាន​ កឹម សុខា មើលស្រាល​លើ​សមត្ថភាព​ដ៏​ខ្លាំងក្លា ​ប្រកប​ដោយ​​ថាម​ពល​​ និង​ភាព​ប៉ិន​ប្រសប់​របស់​លោក ហ៊ុន សែន ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​។ មាន​ពេល​ខ្លះ​ ពួក​គាត់ (សម រង្ស៊ី   កឹម សុខា) ​ចង់​ប្រើ​ស្នៀត​ បំ​ភ័ន្ត​ បំ​ភ្លើស​ ដោយ​លើក​យកបញ្ហា​ជាច្រើនមកបន្លំ និង​ផ្លាស់​ប្តូរ​ស្នៀតពីមួយ​ទៅ​មួយ ប៉ុន្តែ ​លោក​ ហ៊ុន សែន​ ងាយ​នឹង​មើល​ឃើញ​ពី​ការ​បង្វែរសាច់​រឿង​នោះ និង​ដឹង​ពីចំ​ណុចខ្សោយរបស់​ពួកគេ ក៏វ៉ៃបំ​បាក់​បាន​មុន​ បាន​ធ្វើ​ឲ្យ​​ថ្នាក់​ដឹក​នាំគណ​បក្ស​ប្រឆាំង​ គ្មាន​អ្វី​ក្រៅ​ពី​ទទួល​រង​នូវ​ភាព​បរាជ័យ​ផ្ទួន​ៗ ងើប​​មុខមិន​រួច​។
ហោរាដ៏ល្បី​រូប​នេះ បាន​បញ្ជាក់​ថា « ជំ​ហាន​របស់​លោក ហ៊ុន សែន​ ដែលកំ​ពុង​ដឹកនាំ គឺជាជំហាន​គីង្គក់ ប៉ុន្តែ ពី​មួយ​ជំ​ហាន​ទៅ​មួយ​ជំ​ហាន​ គឺលោក​ប្រើ​ទម្ងន់​​ដំ​រី​ ។ លោក ភិនយ៉ូ ភុងចារ៉ឺន បាន​ដាស់​តឿនដល់​គណបក្ស​សង្គ្រោះ​ជាតិ​តាម​រយៈស្ត្រី​ដែល​បាន​មកទស្សន៍​ទាយ​ថា សូម​សម្លឹង​មើល​បញ្ហា​ជុំ​វិញ​ខ្លួន តើ​មាន​អ្វី​ខ្លះបាន​កើត​ឡើងនៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ និង​ផ្តាំ​ថា សូម​កុំនាំ​គ្នាផ្គើន និង​យក​ដៃ​ទៅ​ចាប់​ភ្លើង​ ប្រយ័ត្ន​រលាក ឬ​ក៏អាចមាន​ទុក្ខដាក់​ខ្លួន​កាន់​ខ្លាំង​ជាង​នេះ។ លោក​បន្ត​ថា ភាព​បរាជ័យ​ទាំង​អស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​កើត​ចេញ​ពី​សកម្មភាព​ផ្ទាល់​របស់ពួក​គេម្នាក់​ៗ ដែល​បំ​ពាន​លើ​ភាព​ស្មោះ​ត្រង់ គ្មាន​សច្ចធម៌ ​ និងបំ​ពានគោល​ការណ៍​ច្បាប់ បន្ថែម​ពី​លើ​គុណ​វិបត្តិ​ជា​ច្រើន​ដែល​អ្នកតំ​ណាង​រាស្ត្រ​មួយ​ចំ​នួនបាន​ប្រព្រឹត្ត​ចំ​ពោះ​ជាតិ គឺ​ប្រាស់​ចាក​ពី​ការ​ពិត​ទាំង​ស្រុង ។

លោក ភិន​យ៉ូ បាន​សង្កត់​ធ្ងន់​ថា « ការ​បរាជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បញ្ចប់​ត្រឹម​ហ្នឹង​ទេ គឺ​នៅ​ក្នុង​ពេល​ឆាប់​ៗខាង​មុខ​ ចរន្ត​នៃ​ការ​ផ្តាច់​ខ្លួនដើរចេញ​ពី​បក្ស​បានកើត​ឡើង​ជា​បន្ត​បន្ទាប់​ទៀត ដែល​ប្រៀប​ដូចទឹក​បាក់​ទំ​នប់»។​ លោក ភិន​យ៉ូ បាន​និយាយចំ​ៗថា ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ដូច​អ្វី​ដែល​រូប​គាត់​បាន​ទស្សន៍​ទាយ​កាល​ពី​ចុង​ឆ្នាំ​២០១៤​កន្លង​ទៅ​ប្រាកដមែន គឺចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ​២០​១៥​​មក​ម្ល៉េះ គណបក្សប្រឆាំង​​មួយ​នេះ​ កំ​ពុង​ស្ថិត​ក្នុង​ស្ថានភាព​ជួប​គ្រោះ​ធំ​ ​ប្រៀបដូច​ « ពស់​ដាច់​ក្បាល និង​ដាច់​ដង​ខ្លួន​» ដូច្នេះ អ្វី​ដែល​ជា​ការ​ពិត​នៅ​ពេល​នេះ គឺ​១០០​ភាគ​រយ គឺ​គ្មាន​អ្វី​ជា​អាថ៌កំ​បាំង​​ទៀត​ទេ ។

បក្ស​ប្រឆាំង​ត្រូវ​តែ​ទទួល​ស្គាល់​ការ​ពិតថា  សព្វ​ថ្ងៃ​កំ​ពុង​រស់​នៅ​ដូចពស់ដាច់​ក្បាល ដាច់ដង​ខ្លួន​ និង​​កន្ទុយ​។ ក្នុង​បក្ស​គឺ​ដូចសត្វ​ឥត​មេបា មេបក្ស និង​តំ​ណាង​រាស្ត្រ​មួយ​ចំ​នួន​ នាំ​គ្នា​រត់ទៅ​ក្រៅ​ប្រទេស សកម្ម​ជន​​របស់​ខ្លួន​កំ​ពុង​ជាប់​ឃុំ ជួប​អាសន្នគ្មាន​អ្នក​ជួយ​សង្គ្រោះ​។ ក្នុង​បញ្ហា​ប្រឈម​បែប​នេះ មេបក្សខិត​ខំ​បង្វែរសភាព​ការ​ណ៍ ខំ​សំ​ដែង​ធ្វើ​ដូចជាគ្មាន​រឿង​អ្វី​កើត​ឡើង និង​ខិតខំ​រិះ​រក​វិធី​លុប​លាង​កំ​ហុស ដើម្បី​កសាង​គុណ​សម្បត្តិទាំងបំ​ភ័ន្ត​ភ្នែក​គេ​ ប្រើស្នៀតថ្មីៗ​ ប៉ុនប៉ង​ដាក់គំ​នាបលើ​លោក ហ៊ុន សែន ប៉ុន្តែ អំ​ពើ​បោកប្រាស់​បាន​អស់​លក្ខណ៍​ដោយសារ​ត្រូវ​បាន​លោក​ហ៊ុន សែន​ ដឹងច្បាស់​ និងមិន​អាច​អនុគ្រោះ​តទៅ​ទៀត​បាន ក៏​សង្កត់​កថែម​ ។

លោក ភិនយ៉ូ បានបញ្ជាក់​ថានៅ​ពេល​នេះ បក្សប្រឆាំងស្ទើរតែអស់​សន្លឹក​បៀរលេង​​ទៅ​ហើយ​ ហើយ​នឹង​អាច​ជួបគ្រោះ​ខ្លាំង​ជាង​នេះ​លើ​បញ្ហាជា​ច្រើន​ទៀត​ បើ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ នៅតែ​បន្ត​ប៉ុនប៉ង​លេង​ល្បែង​អសីលធម៌ ក្នុង​ការដាក់គំ​នាប​លើ​បក្សម្ខាងទៀត ឬ​ក៏​ប្រើឧបាយកល​ភូត​កុហក ដើម្បី​​កេង​ចំ​ណេញ​ប្រជា​ប្រិយ៍ភាព​ដ៏​ជ្រុល​ហួសហេតុនោះ។ ម៉្យាង​វិញ​ទៀត ​ម៉ោង​នេះ វប្បធម៌​និយាយគ្នា​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ត្រូវ​បាន​លោក ភិន​យ៉ូ អះ​អាងថា ផ្លូវ​នោះកំ​ពុង​ជួប​ឧបសគ្គ ហើយល្បែង​មិន​ស្មោះ​ត្រង់​នឹង​គ្នានេះ បាន​ស្លាប់​បាត់​ទៅ​ហើយ ដោយ​សារ​ការ​លាក់​កំ​បិត​ពី​ក្រោយ​ខ្នង​របស់​មេបក្ស​សង្គ្រោះ​ជាតិ​។ សម្តី​របស់​ សម រង្ស៊ី និង​លោក​ កឹម សុខា នៅ​ពេល​នេះសាប​ដូចទឹកត្រពាំង​ ស្អុយ​ដូចគំ​រុង ​ នឹង​មិន​មាន​តម្លៃអ្វីចំពោះ​លោក ហ៊ុន សែន ដូចពី​មុន​ទៀត​ឡើយ ។​

លោក ភិនយ៉ូ បាន​និយាយថា បក្សប្រឆាំងមិន​ត្រូវយក​ភាព​ទុច្ចរិត​របស់​ខ្លួន​ ទៅ​បោកប្រាស់​ដៃគូម្ខាង​ទៀត ដែល​គេកំ​ពុង​មាន​ប្រៀប​នោះ​ទេ ហើយ​បានសង្កត់​ធ្ងន់​ថា អ្នក​នយោបាយ​ មិន​មែន​ជា​អ្នក​ទេស​ចរណ៍​ឡើយ ហើយ​ក៏​ពុំ​គប្បីកាឡៃ​ប្រវត្តិសាស្ត្រ គុំគួន ញុះ​ញង់​អុចអាល បង្ក​ជម្លោះ ដើម្បី​កេង​ចំ​ណេញ​​នយោ​បាយ​​ប្រជា​ភិថុត​របស់​បក្ខពួក​ និង​ក្រុម​ខ្លួន​ ​នោះ​ដែរ។​

សូម​រំ​លឹក​ថា លោក ភិនយ៉ូ ភុងចារ៉ឺន ​បច្ចុប្បន្ន​ គឺ​ជា​នាយក​សមាគមហោរាសាស្ត្រ​អន្តរជាតិ​ នៃ​រាជាណា​ចក្រថៃ ។ កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤ លោកក៏​ធ្លាប់​បាន​ទស្សន៍​អំពី​ជោគ​វាសនារបស់​គណបក្ស​ប្រឆាំង​ម្តង​មកហើយ ដោយ​និយាយថា នៅ​ដើមឆ្នាំ​២០១៥ ឬ​យ៉ាង​យូរ​បំ​ផុត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជួប​គ្រោះ​ធំ ប្រៀប​ដូច ពស់​ដាច់​ក្បាល និង​ដាច់​ដង​ខ្លួន​ ហើយ​ថានឹង​កើត​មាន​​វិបត្តិបែក​បាក់​​ផ្ទៃក្នុង​ អាប់​អួរ ច្របូក​ច្របល់ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាង​ធ្ងន់​ធ្ងរ​៕

ប្រែសម្រួល​ចេញ​ពី​ សារព័ត៌មានភាសាថៃ​ ម៉ៈទិឆុន  ​

No comments:

Post a Comment