Saturday, August 15, 2015

ឯកឧត្តម នេត សាវឿន៖ ការចាប់ខ្លួនឯកឧត្តម ហុង សុខហួរ ធ្វើឡើងក្នុងក្របខ័ណ្ឌ នៃបទល្មើសជាក់ស្តែង

ផ្អែកតាមលិខិតផ្លូវការ​ របស់អគ្គស្នងការ​នគរបាលជាតិ​ នៃក្រសួងមហាផ្ទៃ​ ចុះថ្ងៃទី ១៥ ខែ​សីហា ឆ្នាំ២០១៥នេះ​ បានបញ្ជាក់ថា​ ការឃាត់ខ្លួនឯកឧត្តម​ ហុង សុខហួរ ​ធ្វើឡើងក្នុង​ក្របខ័ណ្ឌនៃបទ​ល្មើសជាក់ស្តែង ​ស្របតាមក្រមនីតិវីធីព្រហ្មទណ្ឌ ​នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាម​រដ្ឋធម្មនុញនៃ​ព្រះរាជាណាចក្រកម្ពុជា​ត្រង់មាត្រា១០៤ថ្មី​ និងច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធ​សភាត្រង់មាត្រា១២។​
បន្ទាប់ពីមានការចាប់ខ្លួន ​ឯកឧត្តម ហុង ​សុខហួរ​ សមាជិកព្រឹទ្ធសភា​របស់គណបក្ស​សង្គ្រោះជាតិ ​នៅព្រឹកថ្ងៃទី១៥ ​ខែសីហា ​ឆ្នាំ២០១៥នេះ​ ពីសំណាក់កម្លាំង​នគរបាលជាតិ ឯកឧត្តមនាយឧត្តម​សេនីយ៍​នេត សាវឿន ​អគ្គស្នងការនគរ​បាលជាតិ ​បានផ្ញើលិខិតផ្លូវការ​មួយច្បាប់​ ដោយរៀបរាប់អំពីការ​ចាប់ឃាត់ខ្លួន​ ឯកឧត្តម ហុង សុខហួរ​ ជូនឯកឧត្តម នៃ ប៉េណា ប្រធានស្តីទី​ព្រឹទ្ធសភានៃកម្ពុជា។
ក្នុងលិខិតនោះ ​បានសរសេររៀបរាប់ថា ​អគ្គស្នងការដ្ឋាននគរ​បាលជាតិ​ នាព្រឹកថ្ងៃទី១៥ ​ខែសីហា ឆ្នាំ២០១៥ ​វេលាម៉ោង០៦និង០៥នាទី ​នៅផ្ទះលេខ២០១១​ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ​ខណ្ឌសែនសុខ ​រាជធានីភ្នំពេញ​ កងកម្លាំងនគរបាល​បានធ្វើការឃាត់ខ្លួន​ឯកឧត្តម ហុង សុខហួរ ​សមាជិកព្រឹទ្ធសភា​ មកកាន់ស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ។
អង្គហេតុនៃការឃាត់ខ្លួន ​គឺកាលពីថ្ងៃទី១២ ​ខែសីហា ​ឆ្នាំ២០១៥​ នៅក្នុងគេហទំព័រ ​Facebook របស់ ​ឯកឧត្តម សម រង្ស៊ី ​បានបង្ហោះផ្សព្វផ្សាយ​នូវវីដេអូឃ្លីបមួយមាន​រយៈពេល១១នាទី ​ហើយវីដេអូឃ្លីបនេះ ​បានបន្តផ្សព្វផ្សាយរហួត​ដល់ព្រឹកថ្ងៃទី១៣ ​ខែសីហា ឆ្នាំ២០១៥។  ​នៅក្នុងវីដេអូឃ្លីបនេះ ​ឯកឧត្តម ហុង សុខហួរ ​បានធ្វើការបកស្រាយ​អះអាងអំពីខ្លឹមសារប្រការ៤​ នៃសន្ធិសញ្ញា ​ឆ្នាំ១៩៧៩ ថា ​សម្តេចពញ្ញាចក្រី ​ហេង សំរិន ដែលជា​ប្រមុខរដ្ឋបានចុះហត្ថលេខា ​ជាមួប្រមុខរដ្ឋ​របស់ប្រទេសវៀតណាម ​នៅថ្ងៃទី១៨ ​ខែកុម្ភៈ ឆ្នាំ១៩៧៩ ថា​ ប្រទេសទាំងពីរ​ឯកភាពគ្នារំលាយ​ព្រំដែនរដ្ឋទាំងពីរ​ ព្រមទាំបានលើកអត្ថបទនៃសន្ធិសញ្ញានេះ​ដាក់បញ្ចូលក្នុងវីដេអូ​ឃ្លីបនេះទៀត។​ ឃ្លីបវីដេអូនេះ​បានបង្ហាញខ្លឹមសារ​ប្រការ៤​ នៃសន្ធិសញ្ញា​ដោយមាន​គូសគំនូសពណ៌​លឿងពីលើថា ​ភាគីទាំងពីរសុខចិត្តដោះស្រាយតាមកិច្ចចរចារ​ដោយសន្តិវិធី​នូវទំនាស់ជាយថាហេតុ​ ក្នុងទំនាក់ទំនងទ្វេភាគី​របស់ខ្លួន។ ភាគីទាំងពីរបាន​ធ្វើការចរចារ​ដើម្បីចុះហត្ថលេខា ​សម្រាប់​រំលាយព្រំដែនជាតិ​ប្រទេសទាំងពីរ ដោយអាស្រ័យ​លើព្រំដែន​នាពេលបច្ចុប្បន្ន ​ហើយភាគីទាំងពីរ​សម្រេចចិត្តមុតមាំ​ ដើម្បីកែប្រែ​ព្រំដែននេះឲ្យទៅជា​ព្រំដែនសន្តិភាព​ មិត្តភាព ​និងស្ថិតស្ថេរ​វាងប្រទេស​ទាំងពីរ។​
ដោយឡែក​ ខ្លឹមសារដើម​ពិតប្រាកដ ​ត្រង់មាត្រា៤ ​នៃសន្ធិសញ្ញាសន្តិភាព ​មិត្តភាព ​និង​សហប្រតិបត្តិការ ​រវាង​សារធារណៈរដ្ឋ​ប្រជាមានិតកម្ពុជា ​និងសារធារណៈ​រដ្ឋសង្គមនិយមវៀតណាមចែងថា ​ភាគីទាំងពីរបានសន្យាថា​នឹងដោះស្រាយ​រាល់ការទំនាស់​ អាចកើត​ឡើងក្នុងការទំនាក់​ទំនងជាមួយគ្នា​ តាមរយៈការចរចារ​ដោយសន្តិវិធី។ ​ភាគីទាំងពីរនឹងធ្វើ​ការចរចារ ដើម្បីចុះ​ហត្ថលេខាលើសន្ធិ​សញ្ញាកំណត់នូវព្រំដែនរដ្ឋ ​រវាងប្រទេសទាំងពីរលើមូលដ្ឋានខ្សែព្រំដែន​នាពេលបច្ចប្បន្ននេះ​ ហើយប្តេជ្ញាចិត្តកសាង​ខ្សែព្រំដែននោះទៅជាខ្សែ​ព្រំដែនសន្តិភាព​ មិត្តភាព​ដ៏យួអង្វែងរវាង​ប្រទេសទាំងពីរ។
ការឃាត់ខ្លួនឯកឧត្តម​ ហុង សុខហួរ ​ធ្វើឡើងក្នុង​ក្របខ័ណ្ឌនៃបទ​ល្មើសជាក់ស្តែង ​ស្របតាមក្រមនីតិវីធីព្រហ្មទណ្ឌ ​នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាម​រដ្ឋធម្មនុញនៃ​ព្រះរាជាណាចក្រកម្ពុជា​ត្រង់មាត្រា១០៤ថ្មី​ និងច្បាប់ស្តីពីលក្ខន្តិកៈសមាជិកព្រឹទ្ធ​សភាត្រង់មាត្រា១២៕​

No comments:

Post a Comment