Saturday, August 15, 2015

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ពន្យល់អំពីដំណើរការក្តីព្រហ្មទណ្ឌជាក់ស្តែង ដោយមិនបាច់ស្នើដកអភ័យឯកសិទ្ធិទេ

បន្ទាប់​ពីមាន​ការ​ចាប់​ខ្លួន​ឯកឧត្តម ហុង សុខ​ហួរ សមា​ជិក​ព្រឹទ្ធ​សភាគណបក្ស​សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០​១៥​នេះ ដោយ​មិន​បាច់​ស្នើដក​អភ័យ​ឯក​សិទ្ធិ​នោះ ​មាន​មតិ​មួយ​ចំនួនបាន​លើក​ឡើង​អំពី​នី​តិ​វិធី​តាម​ផ្លូវ​ច្បាប់ក្នុង​ការ​កាត់​ក្តី​សមា​ជិក​ព្រឹទ្ធ​សភារូប​នេះ​។
ថ្លែង​តប​នឹង​ដំណើរ​ការ​កាត់​ក្តី​ព្រហ្ម​ទណ្ឌ​នេះ ឯក​ឧត្តម គឹម សន្តិ​ភាព អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​លើកឡើង​ថា «យោង​តាម​ខ្លឹម​សារ រដ្ឋ​ធម្ម​នុញ្ញ​មាត្រា​១០៤​ថ្មី និង​មាត្រា​១២ នៃ​ច្បាប់​ស្តី​ពី​លក្ខ​ន្តិកៈ​សមា​ជិក​ព្រឹទ្ធសភា អភ័យ​ឯក​សិទ្ធ​សភា មិន​អាច​រា​រាំងដល់​ការ​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន និង​ឃុំ​ខ្លួន សមា​ជិកព្រឹទ្ធ​សភា​ណា​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្ម​ទណ្ឌជាក់​ស្តែង​នោះ​ទេ ដោយ​ក្រោយ​ពី​ចំណាត់​ការ​របស់ស្ថាប័ន​មាន​សមត្ថ​កិច្ច​ត្រូវ​រាយការណ៍​ជូន​ទៅព្រឹ​ទ្ធ​សភា ឬគណៈ​កម្មាធិការ​អចិន្ត្រៃយ៏​ក្នុង​ចន្លោះ​កិច្ច​ប្រជុំព្រឹទ្ធ​សភា។ ដូច្នេះ​ដំណើរ​ការ​ក្តី​ព្រហ្ម​ទណ្ឌ​ក្នុង​ប​ទល្មើស​ព្រហ្ម​ទណ្ឌ​ជាក់​ស្តែង​នេះ មិនមា​ន​អ្វីត្រូវ​រាំង​ស្ទះ​ដោយ​អភ័យ​ឯក​សិទ្ធិ​សភា​នោះ​ទេ សម្រាប់​ស្ថាប័ន​តុលា​ការ ហេតុ​នេះ​មិន​បាច់​ស្នើ​សុំ​លើក​អភ័យ​ឯក​សិទ្ធិ​សភា​នេះ​ទេ។
ឯក​ឧត្តម គឹម សន្តិ​ភាព បាន​បញ្ជាក់​ថា «  បទ​ល្មើស​ជាក់​ស្តែង គឺ​ជា​បទ​ល្មើស​ដែល​កំពុង​ប្រព្រឹត្ត ឬទើប​ប្រព្រឹត្ត​រួច​ភ្លាមៗ។ ការ​ស៊ើប​អង្កេត​បទ​ល្មើស​ជាក់​ស្តែង​គឺ មាន​រយៈ​ពេល​៧ថ្ងៃ គិត​ពីថ្ងៃ​ប្រព្រឹត្ត​បទ​ល្មើស យោង​តាម​មាត្រា១០៦ នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ។ ករណី​នេះ​គឺ​ម៉ោង ១និង៥៣ព្រឹក​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ​២០​១៥ គឺ​ពេល​ដែលផេក​ឯកឧត្តម សម រង្ស៊ី ផ្សព្វ​ផ្សាយ​ជា​សាធារ​ណ:នូវ​វីដេអូ​ក្លីប​របស់​ឯកឧត្តម ហុង សុខ​ហួរ ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ឃើញ នូវ​អំពើ​ល្មើស​ក្នុង​វីដេអូ​ឃ្លីប​នេះ និង​បើក​ការ​ស្រាវ​ជ្រាវ​លើ​ករណី​បទ​ល្មើស​ព្រហ្មទ​ណ្ឌ​ជាក់ស្តែង​នេះ ។ តាំង​ពី​ពេល​នោះ​មក​ដែល កាលៈ​ទេសៈ​ពេល​នោះ​ផេក​ឯក​ឧត្តម សម រង្ស៊ី ក៏​កំពុង​បន្ត​ផ្សព្វ​ផ្សាយនៅ​ឡើយ។
តាម​ការ​ពិនិត្យ​ផេក​ឯក​ឧត្តម សម រង្ស៊ី បង្ហោះ​វីដេអូ​នេះ​រហូត​ដល់​ក្នុង​អំឡុង​ថ្ងៃ​ទី​១៣ ទើប​លុប​ចោល។ ករណី​នេះ​គិត​ពី​ពេល​ប្រ​ព្រឹត្ត​បទ​ល្មើស ដល់​ថ្ងៃ​ចាប់​ខ្លួន​គឺ​មិន​លើស​រយៈ​ពេល​៧​ថ្ងៃ​ទេ​៕

No comments:

Post a Comment