Saturday, August 15, 2015

ឯកឧត្តម ងួន ញ៉ិល នឹងដឹកនាំគណៈប្រតិភូជាន់ ខ្ពស់សភាកម្ពុជា ចូលរួមការប្រជុំរបស់សភាតំបន់ អាស៊ីនៅទីក្រុងហ្សាកាតា ពីថ្ងៃទី ១៧ ដល់២១

យោង​តាម​សេចក្តី​ប្រកាសព័ត៌មាន​ របស់អគ្គលេខា​ធិការដ្ឋាន​ រដ្ឋសភា ​ចុះថ្ងៃទី១៣ ខែសីហា ​ឆ្នាំ២០១៥ បានឲ្យ​ដឹងថា ​ឯកឧត្តម​បណ្ឌិត ​ងួន​ ញ៉ិល ​អនុប្រធាន​ទី២រដ្ឋសភា ​និងជា​ប្រធាន​ក្រុមសភាជាតិ​កម្ពុជា​ នៃសភាតំបន់អាស៊ី​ (APA) ​នឹងដឹកនាំគណៈ​ប្រតិភូជាន់​ខ្ពស់សភា​កម្ពុជា ចូលរួមកិច្ច​ប្រជុំគណៈ​កម្មាធិការអចិន្ត្រៃយ៍​កិច្ចការសេដ្ឋកិច្ច​ និងការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព របស់​សភាតំបន់​អាស៊ី នៅទីក្រុងហ្សាកាតា ​នៃសាធារ​ណរដ្ឋឥណ្ឌូនេស៊ី ​ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១​ ខែសីហា​ ឆ្នាំ២០១៥។
កិច្ច​ប្រជុំគណៈ​កម្មាធិការអចិន្ត្រៃយ៍​កិច្ចការសេដ្ឋកិច្ច ​និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ​នឹង​ផ្តោតជា​សំខាន់​លើការ​ពិភាក្សា ​ជុំវិញសេចក្តីព្រាង​សេចក្តី​សម្រេច​ដែលបាន​រៀប​ចំរួច​ចំនួន៥ ​ដើម្បី​ដាក់​ជូនកិច្ច​ប្រជុំក្រុមប្រឹក្សា​ប្រតិបត្តិលើកទី១​ ធ្វើ​ការពិនិត្យ​ មុននឹងដាក់ជូន​មហាសន្និបាតលើកទី៨ ​ដែល​នឹង​ប្រារព្ធធ្វើនៅ​ព្រះរាជាណាចក្រកម្ពុជា ​នាខែធ្នូ ​ឆ្នាំ២០១៥ ខាងមុខ ​ដើម្បីធ្វើការអនុម័ត​។
នៅក្នុងកិច្ចប្រជុំ​គណៈ​កម្មាធិការអចិន្ត្រៃយ៍​កិច្ចការសេដ្ឋកិច្ច​ និងអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នោះនឹង​លើកយក​ចំណុច៥​មកធ្វើ​ការពិភាក្សា​ដែលរួមមាន៖ ​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពីកិច្ចការ​ហិរញ្ញវត្ថុ ​ការធានាទៅលើកិច្ច​ខិតខំប្រឹងប្រែង​ដើម្បីកំណើន​សេដ្ឋកិច្ច, ​សេចក្តីព្រាងសេច​ក្តីសម្រេច​ស្តីពីបញ្ហាបរិស្ថាន ​ការឡើងកំដៅលើផែនដី ​ការប្រែប្រួល​អាកាស​ធាតុ​ ការដាំដើម​ឈើរាប់​លា​នដើម ​នៅពាស​ពេញតំបន់អាស៊ី, ​សេចក្តីព្រាងសេចក្តី​សម្រេចស្តីពីកា​រលុប​បំបាត់ភាពក្រីក្រ, ​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពីសមារណ​កម្មទីផ្សារ​ថាមពលនៅ​ក្នុងតំបន់អាស៊ី ​និងសេចក្តីព្រាងសេចក្តី​សម្រេចស្តីពីតួនាទី​របស់សមាជិក​សភាតំបន់អាស៊ី ​ក្នុងការអនុម័តសេចក្តី​សម្រេចដើម្បីគាំទ្រ ​ដល់ការអនុវត្តគោល​ដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាព។
គួរបញ្ជាក់ថា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​កិច្ចការសេដ្ឋកិច្ច​ និង​ការអភិវឌ្ឍប្រកប​ដោយចីរភាព ជាគណៈកម្មាធិការមួយ ​ដែលសភាអាស៊ី (APA) ​បានបង្កើតឡើង ​ក្នុងនោះរួមមាន ​គណៈកម្មាធិការប្រតិបត្តិ, ​គណៈកម្មាធិការអចិន្ត្រៃយ៍​ការងារវប្បធម៌​ សង្គម​ និងគណៈកម្មាធិការ​អចិន្ត្រៃយ៍ការងារ​នយោបាយជាដើម។ ​បច្ចុប្បន្ននេះ​ សភាតំបន់អាស៊ី (APA​) មានសមាជិកពេញសិទ្ធិចំនួន៤២​ប្រទេស​ និង​ប្រទេស​សមាជិក​សង្កេតការណ៍ចំនួន១៦​ ព្រមទាំងអង្គការ​សង្កេតការណ៍​ចំនួន​១០អង្គការ​៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment