Friday, July 17, 2015

អង្គភាពព័ត៌មាន និងប្រតិ​កម្មរហ័ស ស្នើ​ឯកឧត្តម សម រង្ស៊ី បញ្ចប់នូវការ​យក​បញ្ហា​ព្រំដែន មក​ធ្វើជា​ល្បែង​នយោបាយ

នៅល្ងាចថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៥នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញនូវសេចក្តី​ថ្លែង​ការណ៍មួយ ដោយបានលើកឡើងថា ក្នុង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​​ ក្នុង​ការ​រក្សាការពារ​អធិបតេយ្យជាតិ និង​បូរណភាព​ទឹក​ដី នៃ​ព្រះ​រាជាណាចក្រកម្ពុជា​  ឯកឧត្តម សម រង្ស៊ី គួរ​បញ្ចប់​នូវ​ការ​យក​បញ្ហា​ព្រំ​ដែន​ ក៏​ដូច​ជា​​ការ​យក​ផែន​ទី​នៅ​ទីផ្សារ​ មក​ធ្វើ​ជា​​ល្បែង​នយោបាយ​ ដើម្បី​បំ​ភ័ន្ត​សាធារណ​មតិក្នុង​ផល​ប្រយោ​ជន៍​​នយោបាយ ​របស់ក្រុម​ខ្លួន​ ដែល​ទង្វើ​បែប​នេះ​ វាផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​អ្វី​ដែល​រាជ​រដ្ឋា​ភិបាល ​បាន​និង​កំពុង​ធ្វើ​ប្រកបដោយ​តម្លាភាព​ ហ្មត់ចត់ និង​ត្រឹម​ត្រូវ​ សមដូច​ពាក្យ​ស្លោក​ខ្មែរមួយ​ឃ្លា​ពោលថា «មាសសុទ្ធ មិន​ខ្លាច​ភ្លើង» ។
​នៅក្នុងសេចក្តីថ្លែងការណ៍ អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស នៃទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ មាន​ការ​ភ្ញាក់​ផ្អើល និង​ខក​ចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពី​បាន​ឃើញ​ការ​បង្ហោះនៅ​លើគេហ​ទំ​ព័រ​ហ្វេសប៊ុក​របស់​ឯកឧត្តម​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៥ អំ​ពីផែនទី​បោន​ខ្នាត​/១០០.០០០ ​ដែល​គណបក្ស​សង្គ្រោះ​ជាតិបាន​ទិញ​ពី​ផ្សារ​ប្រទេស​បារាំង​ក្នុង​តម្លៃ ១៥៣.៩១ Euros ស្មើ​នឹង​ ​១៦៨​ដុល្លារអាមេរិក ។
ទង្វើរបស់​ឯកឧត្តម សម រង្ស៊ី ខាង​លើ​នេះ បានបង្ហាញ​យ៉ាង​ច្បាស់​ពី​ចេត​នាដ៏​អាក្រក់​ក្នុង​ការ​បន្ទាបបន្ថោក​ បន្តុះ​បង្អាប់នូវ​តម្លៃ​ការងាររបស់​ប្រមុខនៃ​រាជ​រដ្ឋាភិបាលកម្ពុជាដែល​ប្រសូត្រ​ចេញ​ពី​ការ​បោះ​​ឆ្នោត ហើយបាន​ផ្ញើ​លិខិត​​ទៅអង្គការ​សហប្រជាជាតិ និង​​ប្រទេសមហាអំ​ណាច​ទាំង​បី ជាពិសេសសាធារណរដ្ឋបារាំង ក្នុង​ការ​សុំ​ខ្ចី​ផែន​ទី​ផ្លូវ​ការ​ ដើម្បី​យក​មក​ផ្ទៀង​ផ្ទាត់​ជា​មួយ​នឹងភាព​ត្រឹម​ត្រូវ​ពិត​ប្រាកដរបស់​ផែន​ទី​ខ្នាត១/១០០.០០០ ដែល​​​រាជ​រដ្ឋា​ភិបា​ល​ បាន​និង​កំ​ពុង​ប្រើប្រាស់​ក្នុង​ការ​កំ​ណត់ និង​បោះ​បង្គោល​​ព្រំ​ដែនជា​មួយ​ប្រទេស​​​ជិត​ខាង​។
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានហៅទង្វើរបស់​ឯកឧត្តម សម រង្ស៊ី ក៏​ជា​ការបន្ថោក​តម្លៃ​នៃ​អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​របស់​ព្រះ​រាជាណា​ចក្រ​កម្ពុ​ជា​ផងដែរ និង​មាន​ចេត​នាបង្ហាញ​ឲ្យ​ឃើញ​ថា «ផែន​ទី​ដែល​ទិញនៅ​តាម​ផ្សារ នេះ​ មាន​តម្លៃ​ជាង​ផែន​ទីផ្លូវ​ការ​​ដែល​រាជ​រដ្ឋាភិបាល បាន​និង​កំពុង​ប្រើ​ និងជាង​ផែន​ទី​ដែល​អាច មាន​រក្សាទុកនៅ​ប្រទេសមហាអំ​ណាច​ទាំង​បីទៅ​ទៀត»។
ម៉្យាង​វិញ​ទៀត តាម​ព័ត៌មាន​ច្បាស់​ការ​បាន​ឲ្យ​ដឹង​ថា ថ្មី​ៗនេះមាន​ការ​ស្នើ​សុំ​ពីបណ្តា​អ្នក​ស្រាវ​ជ្រាវ​បញ្ហា​ប្រវត្តិសាស្ត្រ​​ នូវ​ផែន​ទី​ដែល​ឯកឧត្តម សម រង្ស៊ី បាន​ទិញ​មក​ពី​ផ្សារ​នោះ​ ដើម្បី​ការ​សិក្សា ស្វែង​យល់​ពីការ​ពិត ក៏​​ឯកឧត្តម សម រង្ស៊ី មាន​ការ​លាក់​លៀម មិន​ព្រមផ្តល់​ឲ្យទៀត ដែល​មិនស្រប​ទាល់​តែ​សោះ​ទៅ​នឹង​អ្វី​ដែល​ ​ឯកឧត្តម សម រង្ស៊ី    ធ្លាប់​បាន​អះ​អាង​នាពេល​កន្លង​មក​អំពី​គោល​ការ​ណ៍​​ តម្លាភាព ហើយប្រការនេះ​ វា​​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​ការ​ងារ​របស់​រាជ​រដ្ឋាភិបាល​ ​ដែលបាន​និង​កំ​ពុង​ធ្វើផង​ដែរ​។
ប្រការដែល​គួរ​ឲ្យ​ងឿង​ឆ្ងល់​បំ​ផុត​ជាង​នេះ​ទៅទៀតនោះ តាម​រយៈវប្បធម៌​សន្ទនារវាង​ថ្នាក់​ដឹក​នាំកំ​ពូល​​នៃ​គណបក្ស​នយោ​បាយ​ទាំងពីរ គឺបានផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​​ ក្នុងការ​ពិភាក្សា និង​ដោះ​ស្រាយ​ដោយ​សន្តិវិធី​នូវ​រាល់​បញ្ហា​ជាតិ និង​សង្គម​ ចុះហេតុអ្វីបាន​ជា​ឯកឧត្តម សម រង្ស៊ី ​មិន​បញ្ជូនជាផ្លូវ​ការនូវផែន​ទី​ដែល​បាន​ទិញពី​ផ្សារ​នោះ​​ទៅ​ប្រមុខរាជរដ្ឋាភិបាល ក្នុង​នាម​ជា​សមភាគី​សន្ទនារបស់​ខ្លួន ឬ​ក៏បញ្ជូន​ទៅស្ថាប័ន​ពាក់​ព័ន្ធ ដូចជាស្ថាប័ន​នីតិបញ្ញត្តិ ដែលឯកឧត្តមក៏ជាអ្នក តំណាងរាស្រ្តផងដែរ ដើម្បី​កិច្ច​សហការ​ដោយ​ស្មោះ​ស នេះ​បើឯកឧត្តម​ សម រង្ស៊ី ពិត​ជា​មាន​សុឆន្ទៈ ពិត​ប្រាកដ ដើម្បីរួម​ចំ​ណែក​ក្នុង​​ស្មារតី​ស្ថាប​នាជាមួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​គិត​គូដោះ​ស្រាយ​បញ្ហា អធិបតេយ្យ​ និង​បូរណ​ភាព​​ទឹកដី​មែន​នោះ​។
ទង្វើដែល​គ្មាន​ការ​ទទួល​ខុសត្រូវរបស់​ឯកឧត្តម សម រង្ស៊ី គឺអាចមាន​តម្លៃ​ស្មើ​ទៅ​នឹង​​ការ​ប្រមាថ​យ៉ាង​ធ្ងន់​ធ្ងរ​ចំ​ពោះ​អធិប​តេយ្យជាតិ និង​បូរណភាព​ទឹក​ដី​ និង​បាន​បង្ហាញយ៉ាង​ច្បាស់​អំពី​​ឧបាយកលទុច្ចរិត​របស់ ឯកឧត្តម សម រង្ស៊ី ក្នុង​ការ​ធ្វើ​នយោបាយ​ប្រជា​ភិថុតិ​ បោកប្រាស់​សាធារណ​មតិ ជាតិ និង​អន្តរជាតិ​ដោយ​មិន​អាច​ប្រកែក​បានឡើយ​​។
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ជា​ទូ​ទៅ មាន​ការ​អប​អរ​សាទរ​ និង​គាំ​ទ្រ​ចំពោះ​ការផ្តួច​ផ្តើម​គំ​និត​ប្រកប​ដោយ​ភាព​ក្លាហាន​ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី ​ចំ​ពោះ ជោគ​វាសនា អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹក​ដី​កម្ពុជា​ តាម​រយៈការ​ស្នើ​សុំ​ខ្ចីជា​ផ្លូវ​ការ​នូវ​ផែន​ទី​​ពីអង្គការ​សហប្រជាជាតិ និង​ច្បាប់​ចម្លង​នៃ​ផែន​ទី​ពី​​ប្រទេស​មហាអំ​ណាច​ទាំង​បី បែរជា​ឯកឧត្តម សម រង្ស៊ី យក​ផែន​ទី​ដែល​ទិញ​នៅ​តាម​ផ្សារ​ ពី​ប្រទេស​បារាំង​មក​បង្ហោះ​ផ្សព្វ​ផ្សាយ​ ក្នុង​គោល​បំ​ណង​បំ​ពុល​សាធារណមតិ ជា​ពិសេសក៏​អាច​ជា​ការ​ញុះ​ញង់​បង្កើត​ស្មារតី​ជាតិនិយម​ជ្រុល​ ដើម្បី​កេង​ចំ​ណេញ​ខាង​នយោបាយ​ ដោយ​ពុំ​បាន​គិត​គូទាល់​តែ​សោះ​ អំពី​ផល​វិបាក​ និង​គ្រោះ​មហន្ត​រាយ​ដ៏​ធំ​ធេង​ដល់​ជាតិ​កម្ពុជា​ទាំង​មូល​ដែលអាចកើត​ចេញ​ពី​ទង្វើ​គ្មាន​ការ​ទទួល​ខុសត្រូវ​នេះ​៕




No comments:

Post a Comment