ថ្លែងក្នុងពិធីបើកកិច្ចប្រជុំបច្ចេកទេសលើកទី
២៤ របស់គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (ICC-Angkor) នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាខេត្តសៀមរាប
នាព្រឹកថ្ងៃទី ៤ ខែមិថុនានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា
បាន គាំទ្រចំពោះ ការព្រួយបារម្ភរបស់លោកស្រី អគ្គនាយិការអង្គការយូណេស្កូ អំពីការវិវត្តរបស់ក្រុមISIS នៅមជ្ឈឹមបូពារ៌ដែលបច្ចុប្បន្ននេះកំពុងតែគ្រប់គ្រងនៅតំបន់បេតិកភណ្ឌមួយចំនួន
ដោយខ្លាចតទៅមុខ មានការបង្ករ នូវមហន្តរាយចំពោះសម្បត្តិវប្បធម៌មនុស្សជាតិទាំងនោះ។
ការកើតមាននូវក្តីព្រួយបារម្ភនេះ ដោយសារក្នុងពេលកន្លងមកធ្លាប់មានក្រុមជ្រុលនិយម
តាលីបង់ បានធ្វើការបំផ្លាញរូបបដិមាព្រះពុទ្ធរូបយ៉ាងធំនៅក្នុងប្រទេសអាហ្គានីស្ថាន ហើយបើទោះបីបច្ចុប្បន្ននេះក្រុមISISដែលបានត្រួតត្រាលើតំបន់បេតិកភណ្ឌមួយចំនួននៅមជ្ឈឹមបូព៌ា
ដែលទាមទាឲ្យមានការប្រុងប្រយ័ត្ន ធ្វើយ៉ាងណាខិតខំបញ្ចៀសកុំឲ្យមានមហន្តរាយណាមួយកើតមានឡើង
ព្រោះវានឹងធ្វើឲ្យបាត់បង់នូវកេរ្តិ៍ដំណែលរបស់មនុស្សជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន បានបង្ហាញនូវក្តីសង្ឃឹមថា
ក្រុមISIS នឹងមិនបង្ករនូវអ្វីដែលនាំឲ្យមានការ
ការប៉ះពាល់ទៅដល់សម្បត្តិបេតិកភណ្ឌមនុស្សជាតិដែលកំពុងស្ថិតនៅក្នុងតំបន់ដែលពួកគេកំពុងគ្រប់គ្រងនោះឡើយ
ប៉ុន្តែ ទោះបីយ៉ាងណា ឯកឧត្តមបានស្នើឲ្យអន្តរជាតិត្រូវរួមគ្នាខិតខំធ្វើយ៉ាងណាជួយកុំឲ្យមានហេតុការបំផ្លិចបំផ្លាញណាមួយកើតឡើងដែលនាំឲ្យមានមហន្តរាយមកលើសម្បត្តិវប្បធម៌ទាំងនោះ។
ទាក់ទិននិងការងារគ្រប់គ្រង ជួសជុល និងអភិរក្សរបស់អាជ្ញាធរជាតិអប្សរានិង
ICC ចំពោះរមនីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរក្នុងពេលបច្ចុប្បន្ននេះ
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសុខ អាន បានគាំទ្រនូវអ្វីដែល
icc បាននិងកំពុងធ្វើ ដោយបានសំដែងនូវការអបអរជាមួយសមិទ្ធិផលដ៏ត្រចះត្រចង់ដែលicc ខិតខំធ្វើក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។
ឯកឧត្តមបានលើកឡើងថា ICC មិនត្រឹមតែបានជួយគៀងគរនូវជំនួយហិរញ្ញវត្ថុមកឲ្យ
រាជរដ្ឋាភិបាលកម្ពុជា ជួយដល់អាជ្ញាធរជាតិអប្សរាប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលជាជំនួយដ៏មានសារៈសំខាន់ធំបំផុតនោះ
គឺជំនួយប្រាជ្ញាស្មារតីដែលផ្តល់ដោយអ្នកជំនាញជាន់ខ្ពស់របស់ICC ឲ្យដល់មន្ត្រីកម្ពុជា
។
ឯកឧត្តមមានប្រសាសន៏ថា ជាផែនការរបស់អាជ្ញាធរជាតិអប្សរា
ចំពោះមុខ ក្រៅពីការងារអភិរក្ស ការជួសជុល
ប្រកបដោយចិរភាព គឺការបណ្តុះបណ្តាលធនធានមនុស្ស ការលើកកំពស់សមត្ថកិច្ចស្ថាប័នអាជ្ញាធរជាតិអប្សរាគឺជាការងារមួយដ៏មានប្រសិទ្ធិភាពទាំងសម្រាប់ពេលបច្ចុប្បន្ន
និងទៅអនាគត ពីព្រោះកត្តាធនធានមនុស្សគឺជាចំណុចស្លាប់រស់ នៃការងារអភិរក្ស និងអភិវឌ្ឍន៏តំបន់អង្គរ បើយើងមិនបានប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សឲ្យបានរីកចំរើនទេ
នោះយើងនៅតែជួបនូវកង្វះខាតមនុស្ស ពីព្រោះថា យើងមិនអាចពឹងផ្អែកអន្តរជាតិឲ្យជួយយើងរហូតបានទេ
ចាំបាច់យើងត្រូវមានជំនាញប្រកបដោយទំនុកចិត្តមកលើសមត្ថកិច្ចខ្លួនយើងផ្ទាល់ ដើម្បីថ្ងៃក្រោយ យើងអាចមានលទ្ធភាពគ្រប់គ្រង ខ្លួនឯង
លើការងារជួសជុល អភិរក្ស និងអភិវឌ្ឍតំបន់អង្គរនេះ។ ។
នៅក្នុងបរិបទថ្មីនេះឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន ក៏បានស្នើឲ្យអ្នកជំនាញការជាន់ខ្ពស់ខាងផ្នែកអភិរក្ស ជួសជុល និងអភិវឌ្ឍសម្បត្តិបេតិកភណ្ឌ
ដែលបានសហការជួយកន្លងមកសូមឲ្យស្នាក់នៅធ្វើការងារជាមួយអាជ្ញាធរជាតិអប្សរាឲ្យបានយូរ
ដើម្បីជួយបង្ករឱកាសឲ្យមន្ត្រីកម្ពុជាបានរៀនសូត្រពីការងារ និងបទពិសោធន៏ បច្ចេកទេស
ក្នុងការង្រឹងសមត្ថភាពខ្លួនឲ្យបានរឹងមាំ។
តាមការលើកឡើងរបស់លោកតាកាហ៊ីសា ហ្សូហ្គាវា
(Takahisa TSUGAWA)
សហប្រធានគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ នៅក្នុងកិច្ចប្រជុំនេះ លោកបានអបអរសាទរដោយក្តីពេញចិត្ត ជាមួយនិងដំណើរការរយៈពេល២០ឆ្នាំកន្លងមកលើការងារជួសជុល
និងអភិវឌ្ឍប្រកបដោយចិរភាពនៅតំបន់ប្រាសាទអង្គរនេះ ដែលសម្រេចបានលទ្ធផលជាច្រើនហើយត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងបានទទួលសិទ្ធិឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ២០១៣កន្លងមកនេះ។
សូមបញ្ជាក់ផងដែរ របៀបវារៈដែលដាក់ឡើងដើម្បីពិភាក្សាក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី
២៤នេះ បានផ្តោតទៅលើ ចំណុច៣សំខាន់ៗ រួមមាន ១-ការតាមដានអនុវត្តអនុសាសន៍កិច្ចប្រជុំបច្ចេកទេសលើកទី
២៣ និងកិច្ចប្រជុំពេញអង្គលើកទី២១ គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ អំពីកិច្ចការអភិរក្ស
ជួសជុល និងការអភិវឌ្ឍប្រកបដោយចីរភាព, ២-ការងារអភិរក្ស ស្រាវជ្រាវបុរាណវិទ្យា
និងបណ្តុះបណ្តាល និងទី ៣- គម្រោងថ្មីៗនៅរមណីយដ្ឋានអង្គរ៕


No comments:
Post a Comment