Friday, June 05, 2015

សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ត្រូវបានរាជរដ្ឋាភិបាល អនុម័ត ក្រោយពីចំណាយពេល ២០ឆ្នាំក្នុងការផ្តួចផ្តើមគំនិត និងពិភាក្សា

បន្ទាប់ពីកិច្ចប្រជុំ ពេ​ញអង្គគណៈរដ្ឋមន្ត្រី ​ត្រូវបានបញ្ចប់ នៅព្រឹកមិញនេះ​ ឯកឧត្តម ​ផៃ ស៊ីផាន រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យទីស្តី​ការគណៈរដ្ឋមន្រ្តី ​បានប្រកាសឲ្យដឹងថា ​សេចក្តីព្រាងច្បាប់ ​សមាគម និងអង្គការក្រៅរដ្ឋាភិបាល ​ត្រូវបានរាជរដ្ឋាភិបាល ​អនុម័តហើយ នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៥នេះ ​និងគ្រោងបញ្ជូនទៅរដ្ឋសភា​ នៅសប្តាហ៍ក្រោយ។

​យោងតាមការបង្ហោះសារក្នុង Account Facebook ផ្ទាល់ខ្លួនរបស់​ ឯកឧត្តម ផៃ ស៊ីផាន នៅ​វេលាម៉ោង ១ រសៀលថ្ងៃនេះ​ បានសរសេររៀបរាប់ថា​ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ នាយករដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ​បានសម្រេចអនុម័តទៅលើ​សេចក្តីព្រាងច្បាប់ស្តីពី​ «សមាគម និងអង្គការមិនមែន​រដ្ឋាភិបាល» ដោយក្នុងនោះមានការកែសម្រួល​ពាក្យពេជន៍មួយចំនួន ​និងលុបចោលចំនួន០២មាត្រា ​ជាការសំណូមពរ​ របស់សម្តេចតេជោ ​ដែលមានការគាំទ្រពី​គណៈរដ្ឋមន្រ្តី។​

ឯកឧត្តម ផៃ ​ស៊ីផាន​ បញ្ជាក់ថា ​សម្តេចតេជោ​ នាយករដ្ឋមន្ត្រី ​បានចំណាយពេលច្រើន ក្នុង​ការបំបាត់ការិយាធិបតេយ្យ ​និងបង្កើតភាពងាយស្រួលដល់អង្គកា​រ ទាំងក្នុងការចុះបញ្ជី និង​កិច្ចប្រតិបត្តិការរបស់ខ្លួន។ ​សម្តេចបញ្ជាក់ផងដែរថា​ ធ្វើយ៉ាងណាដើម្បី​ទទួលបានភាព​ងាយស្រួល ​និងទទួលបានកិច្ចសហប្រតិបត្តិការ ​ពេញលេញពីមន្រ្តីនៃអាជ្ញាធរសាធារណៈ។ សូមជម្រាបជូនផងដែរថា ​សេចក្ដីព្រាងច្បាប់នេះ ​ត្រូវបានអនុម័ត ​បញ្ជូនទៅរដ្ឋសភា នាសប្តាហ៍ក្រោយនេះ។​

ទិសដៅ ​និងគោលបំណងនៃសេចក្ដីព្រាងច្បាប់ស្ដីពី​ «សមាគម​ និងអង្គការក្រៅរដ្ឋាភិបាល» ​អនុលោមតាមរដ្ឋធម្មនុញ្ញ​ នៃព្រះរាជាណាចក្រកម្ពុជា​ ត្រង់មាត្រា ៤២​ បានបញ្ញត្តិថា ប្រជា​ពលរដ្ឋខ្មែរ ​គ្រប់រូបមានសិទ្ធិ​ក្នុងការបង្កើតសមាគម ​និងគណបក្សនយោបាយ ​ហើយសិទ្ធិ​នេះត្រូវកំណត់ដោយច្បាប់​ និងមាត្រា២០​ នៃសេចក្ដីប្រកាសជាសកល​ស្ដីពីសិទ្ធិមនុស្ស ​ព្រមទាំងមាត្រា២២ ​នៃកតិកាសញ្ញាអន្តរជាតិ ​ស្ដីពីសិទ្ធិប្រជាពលរដ្ឋ ​និងសិទ្ធនយោបាយ ​បានធានាដល់សិទ្ធិរួបរួមគ្នា​ជាសមាគមរបស់​ប្រជាពលរដ្ឋនៃរដ្ឋហត្ថលេខី ​ដែលតម្រូវឲ្យមានច្បាប់មួយជាចាំបាច់​ សំដៅផ្តល់សិទ្ធិក្នុង​ការបង្កើតសមាគម​ និងសម្រាប់ការពារ​ ការអនុវត្តសិទ្ធិនេះ កុំឲ្យមានការ​រំលោភបំពានណាមួយ។

​ឯកឧត្តម ផៃ ស៊ីផាន បន្តថា​ ក្នុងទស្សនៈនេះ​ រាជរដ្ឋាភិបាលបាន​ទទួលស្គាល់ពីសារៈ​សំខាន់នៃការចូលរួម​របស់អង្គការសង្គមស៊ីវិល​ ដោយចាត់ទុកជាដៃគូមួយ​ដ៏មានសក្ដានុពល ​និងប្រសិទ្ធភាព​ក្នុងកិច្ចដំណើរការស្ដារ ​និងអភិវឌ្ឍន៍ ​សេដ្ឋកិច្ច សង្គម​ និងលើកស្ទួយគាំពារ​គោលការណ៍ប្រជាធិបតេយ្យ​នូវការគោរពសិទ្ធិមនុស្ស។ ​ជាក់ស្ដែងចាប់តាំងពីឆ្នាំ១៩៩៣ ​រហូតមកដល់បច្ចុប្បន្ន​ សមាគម ​និងអង្គការមិនមែនរដ្ឋា​ភិបាលដែលបាន ​និងកំពុងធ្វើ ​សកម្មភាពនៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ​មានចំនួនសរុបប្រមាណ​ ៥.០០០ ក្នុងនោះរួម​មានទាំងសមាគម ​និង​ អង្គការមិនមែនរដ្ឋាភិបាលក្នុង​ស្រុកដែលបានចុះ​បញ្ជីនៅក្រសួង​មហាផ្ទៃ ​និងទីស្ដីការកណៈរដ្ឋមន្រ្តី ​និង​ អង្គការមិនមែនរដ្ឋាភិបាល​បរទេស ដែលបានចុះ​អនុស្សរណៈនៅ​ក្រសួងការបរទេស​ និងសហប្រតិបត្តិការ អន្តរជាតិ។

​សូមជម្រាបជូនផងដែរថា​ អង្គការអន្តរជាតិ​ដែលបានចុះអនុស្សរណៈ​ ជាមួយក្រសួងការ​បរទេស​ និងកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ មានចំនួន៤៤១អង្គការ ​។ ​ការចុះបញ្ជី និងការ​ចុះអនុស្សរណៈ​កន្លងមកនេះ​ ពុំមែនជាការចុះបញ្ជីដើម្បី​ផ្តល់ឋានៈជានីតិបុគ្គល​ ដល់​សមាគម ​ឬអង្គការមិនមែន​រដ្ឋាភិបាលនោះទេ ​គឺគ្រាន់តែជាការតម្កល់ទុក​សំណុំឯកសារ ​និងទទួលស្គាល់ការធ្វើ​សកម្មភាពរបស់សមាគម​ និងអង្គការមិនមែនរដ្ឋាភិបាល​ទាំងនោះ​តែប៉ុណ្ណោះ។ ​សេចក្ដីព្រាងច្បាប់នេះ​ មានគោលបំណង​ធានាការពារ​សិទ្ធិសេរីភាព ក្នុងការ​បង្កើតសមាគម ​និង​ អង្គការមិនមែនរដ្ឋាភិបាល​ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ​ដើម្បី​ការពារផលប្រយោជន៍​ស្របច្បាប់របស់ខ្លួន​ និងការពារផលប្រយោជន៍​សាធារណៈ​ ព្រម​ទាំងលើកកម្ពស់កិច្ចសហ​ប្រតិបត្តិការក្នុងភាព​ជាដៃគូរវាង​ សមាគម ​ឬអង្គការមិនមែនរដ្ឋាភិបាល ​ជាមួយអាជ្ញាធរសាធារណៈ​ និងមានគោលដៅកំណត់​បែបបទទទួល​ ស្គាល់តាមផ្លូវច្បាប់​ដល់សមាគម​ និងអង្គការមិនមែនរដ្ឋាភិបាល ​ជាច្រើនលើកច្រើនសារ ​ព្រមទាំងបានដាក់​ជូនសិក្ខាសាលាពិគ្រោះ​យោបល់ថ្នាក់ជាតិចំនួន២លើក ​ដោយមានការចូលរួមយោបល់ពីតំណាងសមាគម ​និងអង្គការមិនមែន​រដ្ឋាភិបាល ​និងអង្គការសង្គមស៊ីវិល​ជាតិនិងអន្តរជាតិ ​តំណាងស្ថានទូត ​រដ្ឋទូត ​តំណាងសមហគមន៍អឺរ៉ុប​ តំណាងការិយាល័យឧត្តមស្នងការ សហប្រជាជាតិទទួល​បន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ​និងតំណាងមកពីក្រសួង​ស្ថាប័នពាក់ព័ន្ធ។

គិតមកដល់ពេលនេះ​ គឺអស់រយៈពេល២០ឆ្នាំ កន្លងមកហើយ​ ដែលរាជរដ្ឋាភិបាល ក៏ដូចជា​គណបក្សភាគតិច​នៅក្នុងសភា ​បានពិចារណា​ ឬផ្ដួចផ្ដើមសេចក្ដីស្នើរច្បាប់​ និងសេចក្ដី​ព្រាងច្បាប់ ស្ដីពី សមាគម​ និងអង្គការមិនមែនរដ្ឋាភិបាលនេះ។​ អាស្រ័យហេតុនេះច្បាប់​នេះ ជាតម្រូវការរបស់​កម្ពុជាពិតប្រាកដ ​ដែលពុំអាចប្រកែកបាន ​ឬក៏ទទួលយកបាននូវមតិ​របស់បុគ្គល​ របស់ក្រុម​ ឬជនបរទេសណាមួយដែល​លើកឡើងថា​ កម្ពុជាពុំទាន់ត្រូវការ​ច្បាប់នេះឡើយ។​

គួររម្លឹកសារជាថ្មីផងដែរថា​ សេចក្ដីព្រាងច្បាប់ដើមស្ដីពី ​សមាគម ​និងអង្គការមិនមែនរដ្ឋាភិ​បាល ដែលលើកយកមក​ពិភាក្សាពេលនេះគឺមាន០៩ជំពូក​ និង៤១មាត្រា​ ក៏ប៉ុន្តែ០២មាត្រា ​ត្រូវបានលុបចោលដូចនេះ​ សេចក្ដីព្រាងច្បាប់នេះ​នៅសល់តែ០៩ជំពូកដដែល​ និង៣៩​មាត្រាតែប៉ុណ្ណោះ ​ដែលនិងបញ្ជូនទៅរដ្ឋសភា ​នាដើមសប្តាហ៍ក្រោយនេះ។​ ដោយឡែក​វាក្យខណ្ឌ ​និងពាក្យពេជន៍មួយចំនួន​ ក៏ត្រូវបានលុប ​ឬកែប្រែដើម្បីជាកិច្ច​ងាយស្រួលនៃ​ផលប្រយោជន៍ សមាគម ​និងអង្គការមិនមែនរដ្ឋាភិបាល៕

អត្ថបទ៖ ច័ន្ទ ទេវី





No comments:

Post a Comment