Wednesday, April 01, 2015

សម្តេចតេជោ ប្រកាសជំហរមិនផ្លាស់ប្តូរ ការសម្រេចចិត្តរួមគ្នារវាងសម្តេច និងឯកឧត្តម សម រង្ស៊ី ក្នុងការជ្រើសរើស លោក ហង្ស ពុទ្ធា ជាសមាជិកទី៩ នៃ គ.ជ.ប

នាយករដ្ឋ​មន្រ្តី​កម្ពុជា​  សម្តេច​តេជោ ​ហ៊ុន​ សែន​ បាន​ប្រកាស​បង្ហាញ​ជំហរ​នៅតែ​រក្សា​ជ្រើស​តាំង​លោក​ ហង្ស ​ពុទ្ធា ​ជាសមាជិក​ទី៩​ នៃ​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំការ​  បោះឆ្នោត​ (គ.ជ.ប) ​ពោល​មិនត្រូវ​ការ​បេក្ខភាព​ដទៃ​នោះ​ឡើយ​។​ សម្តេច​បាន​បញ្ជាក់ថា ​ជំហរ​នេះ ​គឺ​រក្សា​តាម​ការព្រម​ព្រៀង​គ្នាតាម​ទូរស័ព្ទ​រវាង​សម្តេច​ និង​ ឯកឧត្តម​ សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ កាល​ពីថ្ងៃទី​២៩​ ខែមីនា​ ឆ្នាំ២០១៥​។

នៅ​ក្នុង​ឱកាស​អញ្ជើញ​ជាអធិបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ មេគង្គ​ស្ទឹងត្រែង​ និង​ផ្លូវ​ជាតិ​លេខ៩​ (ស្ទឹង​ត្រែង-​ព្រះវិហារ​)​ នៅខេត្ត​ស្ទឹងត្រែង ​នាព្រឹក​ថ្ងៃទី០១​ ខែមេសា ​ឆ្នាំ២០១៥​នេះ ​សម្តេច​តេជោ ​បាន​ប្រកាស​ថា​  គណបក្ស​ប្រជាជន​កម្ពុជា ​នៅតែ​រក្សា​ជំហរ​ជ្រើស​យក​ លោក ​ហង្ស ​ពុទ្ធា ​ជាសមាជិក​ទី៩​ នៃ​ គ.ជ.ប​ មិន​ត្រូវការ​ បេក្ខភាព​ដទៃ​នោះឡើយ​ បើមិន​ដូច្នោះ​សមាភាព​ គ.ជ.ប​ នឹង​រក្សា​ដដែល​។

ពាក់ព័ន្ធ​នឹងការ​ជ្រើសតាំង​បេក្ខភាព​លោក ​ហង្ស ​ពុទ្ធា ​ជាសមាជិក​ទី៩ ​នៃ ​គ.ជ.ប​ នេះ ​សម្តេច​បាន​រំលឹក​ផងដែរថា​  សម្តេច​ និង ​ឯកឧត្តម​ សម រង្ស៊ី ​បាន​ព្រមព្រៀង​គ្នារួច​ហើយ​កាល​ពីថ្ងៃ​ទី២៩​ ខែមីនា​ ឆ្នាំ២០១៥​ តាមរយៈ​ការ​សន្ទនា​គ្នាតាម​ SMS គ្រាដែលលោក  សម រង្ស៊ី កំពុងស្ថិតនៅប្រទេសបារាំង ប៉ុន្តែពេលវិលត្រឡប់មកប្រទេសកម្ពុជាវិញ លោក សម រង្ស៊ី ចង់​ផ្លាស់​ប្តូរ​ជំហរ​ទៅ​វិញ។

សម្តេច​បន្ថែម​ថា «ខ្ញុំ​បញ្ជាក់​ច្បាស់​ហើយ គឺអត់​និយាយ​អីត​ទៀត​ទេ សុំ​ទោស​ព្រម​ឬ​មិន​ព្រម​បើ​មិន​ព្រម​ទេ​កុំបោះ ថ្ងៃទី១៣ មេសា ខាង​មុខ​នេះ។ បើ​មិន​អាច​ឯក​ភាព​គ្នា​បាន​ទេ​ ទុក​ឯក​ឧត្តម ​អ៊ឹម​ សួស្តី​ បន្ត​ធ្វើ​ជា​ប្រធាន គ.ជ.ប  រហូត​ទៅ​កុំពិបាក​ពេក។អា​ថ្មី​មិន​ចេញ អា​ចាស់​បន្ត កុំទា​រភាគ​ហ៊ុន​ច្រើន​ពេ​ក។ សង្ឃឹម​ថា ឯកឧត្តម សម រង្ស៊ី នឹង បន្ត​គ្រប់​គ្រង​បក្ស​នេះបន្ត​ទៀត​។ គាត់​ឯក​ភាព​ជា​មួយ​ខ្ញុំ​នៅ​ប៉ា​រីស ហេតុ​អីមក​ដល់​កម្ពុជា​គាត់​អត់​ព្រម? តើ​មាន​បញ្ហា​ផ្ទៃក្នុង​អីហើយកុំ​ថា​ គេ​បំបែក​អាង​អីអាងថា គេ​បំបែក នេះ​មិន​មែន ឯកឧត្តម​សម រង្ស៊ី​ជាអ្នក​និយាយ​ទេ គឺ អ្នកដទៃ»
សម្តេច​បាន​បន្ថែមថា «លទ្ធភាព​មាន​ពីរ គឺមួយ​បោះឆ្នោត​បាន​ ប៉ុន្តែ​បេក្ខភាព​ត្រូវតែ​ជា លោក ហង្ស ពុទ្ធា។ មួយ​ទៀត​មិន​ចាំបាច់​បោះឆ្នោត​ទេ គណៈ​កម្មការ​នេះ ដំណើរ​ការទៅ ប៉ុន្តែ​យក​ច្បាប់​ថ្មី​មកអនុវត្ត»

​សម្តេច​បាន​បញ្ជាក់​ថា តាម​ការ​ឆ្លើយ​ឆ្លង​គ្នារវាង​សម្តេចតេជោ ហ៊ុន សែន និង ឯក​ឧត្តម សម រង្ស៊ី តាម​សារ​ទូរស័ព្ទ ថ្ងៃទី២៩ មីនា កន្លងទៅនេះ ឯកឧត្តម សម រង្ស៊ី បាន​សរសេរ​ថា សហការី​ទាំង​អស់​របស់​ឯក​ឧត្តម ក៏​ពេញចិត្ត​ទាំង​អស់​គ្នា ចំពោះ​ការព្រម​ព្រៀង​គ្នាជា​គោល​ការណ៍ រវាង​សម្តេច​ និង រូប​ខ្ញុំ ដែល​បានឯក​ភាព​ជ្រើស រើស​លោក ហង្ស ពុទ្ធា ដែរ។ តែ​ក្រោយ​មក ឯកឧត្តម សម រង្ស៊ី បាន​ផ្លាស់​ប្តូរ​ចិត្ត ដោយ​លើក​ហេតុផល​ថា លោក ហង្ស ពុទ្ធា ព្រម​ទាំង​ភរិយា​គាត់ មាន​បញ្ហា​សុខភាព ដែល​គួរ​ពិចារណា​ឡើង​វិញ។

ក្រៅ​ពី​នោះ ឯក​ឧត្តម សម រង្ស៊ី ក៏​បាន​ស្នើទៅ​សម្តេច នូវ​បេក្ខភាព​៣រូបផ្សេង​ទៀត គឺ​មាន​លោក​ គល់ បញ្ញា នាយក​ប្រតិបត្តិគណៈកម្មាធិការ ដើម្បី​ការបោះ​ឆ្នោត​ដោយ​សេរី និង យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា COMFREL, លោក នី ចរិយា ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ADHOC ហើយ​ដែល​ជាមន្ត្រី​របស់ COMFREL និង​លោក ហ៊ីង ធីឬទ្ធិ ជា​ព្រះ​រាជ​អាជ្ញា​តុលា​ការ​កំពូល​ ហើយ​ដែល​ជាអ្នក​ជំនាញ​ច្បាប់។

សម្តេច​តេជោ ហ៊ុន សែន បាន​ឆ្លើយ​តបសារ​របស់ ឯក​ឧត្តម សម រង្ស៊ី វិញថា ខ្ញុំ​សុំអាធ្យា​ស្រ័យដែល​មិន​អាច​ទទួល​យក​នូវសំណើរ​ឯក​ឧត្តម បាន​ដោយមូល​ហេតុ​ដូច​ខាង​ក្រោម​៖
១. យើង​បានយល់​ព្រម​ជាមួយ​គ្នាតាម​រយ: SMS លើ​បេក្ខភាព​លោក ហង្ស ពុទ្ធា ដូច​មាន​ក្នុង​លិខិត​របស់​ខ្ញុំ​ថ្ងៃ ២៩ មីនា ផ្ញើ​ជូន​ឯក​ឧត្តម ថ្នាក់​ដឹក​នាំ CPP សុទ្ធ​តែបាន​ដឹង​រឿងនេះ​។ សារព័ត៌​មាន​មួយ​ចំនួន ក៏បាន​ចុះផ្សាយ​ហើយ ដែរ។ ការ​ផ្លាស់​ប្តូរ​គោល​ជំហរ​មិន​មែន​ជាទម្លាប់​នយោបាយ​របស់​ខ្ញុំ​នឹង CPP នោះ​ទេ លើក​លែង​តែ​សាមី​ខ្លួន​មិន​អាច​បំពេញ​លក្ខខណ្ឌ​តាម​ផ្លូវ​ច្បាប់​បាន​ដូច​ករណី លោក​ស្រី ពុង ឈីវ​កេក លើ​បញ្ហា​សញ្ជាតិ​ខ្មែរ​តែ១។

២.តាម​ដឹង​លោក ហង្ស ពុទ្ធា គ្មាន​ជំងឺ​ទឹក​នោម​ផ្អែម​ទេ។ បើ​ទោះជា​គាត់​មាន​ជំងឺ​នេះមែន ក៏ច្បាប់​មិន​បាន​ហាម ឃាត់​មិន​ឲ្យឈរ​ឈ្មោះ​នោះដែរ​មិន​ថា ជំងឺ​ទឹក​នោម​ផ្អែម សូម្បី​ជំងឺ​អេដស៍ ក៏នៅ​តែឈរ​ឈ្មោះ​បាន​ដែរ, CPP មិន យល់​ព្រម​យក​បញ្ហា​ជំងឺ​នេះ ឬ ជំងឺនោះ ដើម្បី​ផ្លាស់ប្តូរ​បេក្ខ​ភាព​លោក ហង្ស ពុទ្ធា តាម​សំណើ ឯ.ឧបាន​ទេ។ ពេល​វេលា បាន​មក​ដល់​ដំណាក់​ការ​ផ្តាច់​ព្រ័ត្រ ហើយ​ខ្ញុំ​សុំ​ផ្តល់​ជម្រើស​ ២ជូន ឯក​ឧត្តម គឺ៖ ១. បន្ត​គាំ​ទ្របេក្ខ​ភាព​ លោក ហង្ស ពុទ្ធា តាម​ការ​ព្រម​ព្រៀង​ថ្ងៃ២៩ មីនា រវាង ឯក​ឧត្តម និង ខ្ញុំ ហើយ​ចុះ​ហត្ថលេខា​លើ​លិខិត​ផ្ញើជូន​គណៈ អចិន្ត្រៃយ៍​រដ្ឋសភា ដែល​ខ្ញុំ បាន​ចុះហត្ថ​លេខា​រួចហើយ។ ២. មិន​បាច់បោះ​ឆ្នោត​រើស គ.ជ.ប ថ្មីថ្ងៃ ១៣ មេសា ទេ ដោយ​យក​មូល​ហេតុ​គណៈបក្ស​ទាំង២ មិន​ឯកភាព​គ្នាលើការ​រើស​បេក្ខភាព​ទី៩។ ក្នុង​ករណីបែបនេះ គ.ជ.ប បច្ចុប្បន្ន​នឹង​បន្ត​ការងារ​រហូត គ.ជ.ប ថ្មី ត្រូវ​បាន​ជ្រើស​តាំង​ឡើង។
សម្តេច ហ៊ុន សែន បាន​ប្រកាស​បដិសេធ​ថា ការ​លើក​ឡើង​ពីបញ្ហា​សុខភាព​របស់​លោក ហង្ស ពុទ្ធា គឺជា​ការ​ប្រមាថ​មួយ​ដ៏ធ្ងន់​ណាស់។ ពេល​នេះ លោក​ហង្ស​ពុទ្ធា ទើប​តែ​អាយុ​ ៥០ ឆ្នាំ ហើយ​តាម​ដំណឹង​ដែល​សម្តេច​ទទួល​បាន គឺលោក ហង្ស ពុទ្ធា មិន​មាន​ជំងឺ​អ្វីទេ។

បន្ទាប់​ពីមាន​ការ​ឯកភាព​រវាង សម្តេច​តេជោ និង​ឯកឧត្តម សម រង្ស៊ី ជុំ​វិញការ​ជ្រើស​តាំង​ លោក ​ហង្ស ពុទ្ធា ជាសមាជិក​ទី៩ នៃ គ.ជ.ប ផ្ទៃ​ក្នុង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​គេទម្លាយ​ឲ្យដឹង​ថាមាន​ការឯក​ភាព និង​ស្រុះ​ស្រួល​គ្នា​ហើយ​ក្នុង​ការ​ទទួល​យក លោក ហង្ស ពុទ្ធា។

គួរ​បញ្ជាក់​ថា លោក​បណ្ឌិត ហង្ស ពុទ្ធា បច្ចុប្បន្ន ជា​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យា​ក្រឹត្យ​ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ​(និចហ្វិច) ហើយ​លោក ហង្ស ពុទ្ធា ក៏​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ជាញឹក​ញាប់​លោក​តែង​បាន​ចូល​រួម​ក្នុង​សកម្មភាព​សង្គម​ជាបន្ត​បន្ទាប់ ពិសេស​លោក ហង្ស ពុទ្ធា មាន​ការ​សហការ​យ៉ាង​ល្អ​ជាមួយ​និង​បណ្តា​អង្គការ​សង្គម​ស៊ីវិល​។ ការ​ជ្រើស​រើស​រូប លោក ហង្ស ពុទ្ធា ជា​សមាជិកទី៩ នៃ គ.ជ.ប ដែល​ជាសមាជិក​ឯក​រាជ្យ​នោះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា លោក​ពិត​ជា​អាច​បំពេញ​តួនាទី​នេះ​បាន​យ៉ាង​ល្អ​ប្រសើរ៕​

អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment