Wednesday, April 01, 2015

ក្រសួងការងារ ជូនដំណឹងឱ្យ គ្រឹះស្ថាន សហគ្រាស អនុញ្ញាត ឱ្យកម្មករ ឈប់សម្រាក ដោយមានប្រាក់ឈ្នួល ៣ថ្ងៃនៅបុណ្យចូលឆ្នាំខ្មែរ

យោងតាម​សេចក្តី​ជូនដំណឹង​ស្តីពី​ថ្ងៃឈប់​បុណ្យចូល​ឆ្នាំខ្មែរ​ប្រពៃណី​ជាតិ​ របស់​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ នៅថ្ងៃទី​ ៣១​ ខែមីនា​ ឆ្នាំ២០១៥​ បាន​បញ្ជាក់ថា​ ក្រសួង​សូម​ជូនដំណឹង​ដល់​ម្ចាស់ ​និង​នាយក​សហគ្រាស ​គ្រឹះស្ថាន​ទាំងអស់ ​ដែលស្ថិត​នៅក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់ស្តីពី​ការងារ​បានជ្រាបថា​ យោង​តាមច្បាប់​ស្តីពី​ការងារ​ និង​ប្រកាស​របស់ប្រ​សួង​លេខ​ ២៤៨ ​កប/ប្រ.ក​ ចុះថ្ងៃ​ទី២២​ ខែតុលា ​ឆ្នាំ២០១៤​ ស្តីពី​ការឈប់​បុណ្យ​ដែល​មាន​ប្រាក់ឈ្នួល​ប្រចាំឆ្នាំ​ ២០១៥​ សូមលោក​ លោកស្រី​ អនុញ្ញាត​ឲ្យកម្មករ​និយោជិត​ទាំងអស់​របស់​ខ្លួន​ ឈប់​សម្រាក​ដោយមាន​ប្រាក់ឈ្នួល​នាឱកាស​បុណ្យចូល​ឆ្នាំខ្មែរ​ ខាងមុខ​នេះ ​ក្នុងរយៈ​ពេល​បីថ្ងៃ ​គឺថ្ងៃទី ​១៤-១៥ ​និងថ្ងៃទី​ ១៦​ ខែមេសា ​ឆ្នាំ២០១៥។
សេចក្តី​ជូនដំណឹង​ដដែល​ ក៏បាន​បញ្ជាក់ថា ​ក្នុងករណី​ចាំបាច់​បំផុត​ ដែល​សហ​គ្រាស​ គ្រឹះស្ថាន​ មិនអាច​បញ្ឈប់​សកម្មភាព​របស់ខ្លួន​បាន​ក្នុងឱកាស​ថ្ងៃឈប់​បុណ្យចូល​ឆ្នាំខ្មែរ​ខាងមុខ​នេះ ​ម្ចាស់ ​និង​នាយក​សហគ្រាស ​គ្រឹះស្ថាន​ ត្រូវសម្រប​សម្រួល​ជាមួយ​កម្មករ​និយោជិត​ឲ្យមាន​ការស្ម័គ្រ​ចិត្ត​ ព្រម​ទាំង​បែងចែក​ឲ្យមាន​ពេលវេលា ​និង​ថ្ងៃឈប់​សម្រាក​បុណ្យ​បាន​សមស្រប​។​ កម្មករ​និយោជិត​ដែលធ្វើការ​ថ្ងៃ​ឈប់បុណ្យ​ចូលឆ្នាំ​នេះ ​មាន​សិទ្ធិទទួល​បាន​នូវប្រាក់​បំណាច់​បន្ថែម​ដែលមាន​ចំនួន​ស្នើនឹង​ប្រាក់ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា​។​ ក្នុង​ករណី​មាន​លទ្ធភាព​ ម្ចាស់ ​ឬនាយក​សហគ្រាស ​គ្រឹះស្ថាន​ គួរចាត់​តាំង​ឲ្យមាន​ការលេង​ល្បែង​កំសាន្ត​នានា​ នៅតាម​សហគ្រាស​គ្រឹះ​សា្ថន​របស់ខ្លួន​ ដើម្បី​ចូលរួម​អបអរ​សាទរពិធី​បុណ្យ​ចួលឆ្នាំ​ និង​ដើម្បី​លើកទឹក​ចិត្ត​ដល់បង​ប្អូនកម្មករ​និយោជិត​ដែលបាន​បំពេញ​ការងារ​កន្លងមក​។ ​ក្រសួងការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ មាន​ក្តី​សង្ឃឹម​ជឿជាក់​ថា​ លោក​ លោកស្រី ​ដែល​ជាម្ចាស់ ​និង​ជានាយក​ សហគ្រាស​ គ្រឹះស្ថាន​ទាំងអស់ ​ប្រាកដ​ជា​អនុវត្ត​តាម​សេចក្តី​ជូនដំណឹង​នេះ​ បានល្អ​ត្រឹមត្រូវ​ជា​ពុំខាន​។
គួរ​បញ្ជាក់ថា ​ពិធី​បុណ្យចួល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ នឹង​ឈានចូល​មក​ដល់​ក្នុងពេល​ដ៏ខ្លី​ខាងមុខ​នេះ ​គឺនៅថ្ងៃទី​ ១៤​ រហូត​ដល់​ថ្ងៃទី ​១៦​ ខែមេសា​។​ តាម​ទំនៀម​ទម្លាប់​ប្រពៃជាតិ ​បងប្អូន​ប្រជាជន​ខ្មែរ​តែងតែ​រៀបចំផ្ទះ​សំបែង​ បោស​សម្អាត ​និង​តុបតែង​ជា​គ្រឿង​លម្អផ្សេងៗ​ រួម​ជាមួយ ​និង​ការ​រៀបចំ​គ្រឿង​សការៈ​បូជា​មួយ​ចំនួន​ មានដូចជា​ទៀន​ ធូប​ ផ្កាផ្ញី ​ផ្លែឈើ​ និងនំ​ចំណី ​ជាដើម​ ដើម្បី​រង់ចាំ​ទទួល​ទេវតា​ឆ្នាំថ្មី ​និង​បែរបន់​សូមពរ​ជ័យ​សេរីសួស្តី ​ពីទេវតា​ឆ្នាំថ្មី​ដល់​គ្រប់ក្រុម​គ្រួសារ​ខ្មែរ៕

អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment