Wednesday, April 01, 2015

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ ស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គស្ទឹងត្រែង និងផ្លូវជាតិលេខ៩

នៅព្រឹក​ថ្ងៃទី០១​ ខែមេសា ​ឆ្នាំ២០១៥នេះ ​សម្តេច​អគ្គមហា​សេនាបតី​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី ​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​អញ្ជើញជា​អធិបតី​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​ស្ពានឆ្លង​កាត់​ទន្លេមេគង្គ​ និង​ ផ្លូវជាតិ​លេខ៩​ តភ្ជាប់​ខេត្តស្ទឹង​ត្រែង​ និង​ ខេត្តព្រះ​វិហារ​។

ស្ពាន ​និងផ្លូវនេះ​ ត្រូវបាន​ដាក់ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​តាំងពី​ឆ្នាំ២០១៤​មកម្ល៉េះ​។​ ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​មេគង្គ​ស្ទឹងត្រែង ​ដែលជា​ស្ពានឆ្លង​កាត់​ទន្លេមេគង្គ​នេះ ​មានប្រវែង​ ១.៧៣១​ម៉ែត្រ​ ទទឹង​ ១៣,៥​ ម៉ែត្រ​។​ ស្ពាន​មិត្តភាព​ កម្ពុជា​-ចិន​ មេគង្គ​ស្ទឹងត្រែង​ ជាស្ពាន​ដែលស្ថិត​ក្នុង​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ៩​ តភ្ជាប់​ពីក្រុង​ស្ទឹងត្រែង ​ផ្លូវជាតិ​លេខ៧​ ទៅ​កាន់​ខេត្ត​ព្រះវិហារ​ ដែលមាន​ប្រវែង​ ១៤៤​គីឡូម៉ែត្រ ​ដោយ​ចំណាយ​ ទឹក​ប្រាក់​ប្រមាណ​ ១១៦​ លាន​ដុល្លារ​ ជាហិរញ្ញ​ប្បទាន​របស់​ប្រទេសចិន។

ក្រោយ​ដាក់ឲ្យ​ដំណើរ​ការស្ពាន​ និងផ្លូវ​ បានចូលរួម​ចំណែក​យ៉ាងសំខាន់​ ដល់ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពលរដ្ឋ​ ជាពិសេស​ប្រជា​ពលរដ្ឋ​ ក្នុងខេត្ត​ស្ទឹងត្រែង​តែម្តង​។​ ស្ពានមិត្ត​ភាព​កម្ពុជា-ចិន​មេគង្គ​ស្ទឹងត្រែង​នេះ ​បានចួល​រួម​ចំណែក​យ៉ាង​សំខាន់ ​សម្រួល​ដល់ការ​ដឹក​កសិផល​របស់​ប្រជា​ពលរដ្ឋ​ក្នុងខេត្ត​ស្ទឹងត្រែង ​ដែល​ពីមុនមក​ កសិផល​របស់គាត់​ត្រូវដឹក​តាមទូក​ ហើយ​ប្រឈម​និង​ការលំបាក​ខ្លាំងនៅ​រដូវវស្សា​ដែលមាន​ទឹកជំនន់​។

គួរ​បញ្ជាក់ថា​ គម្រោង​ស្ថាបនាស្ពាន​ និងផ្លូវនេះ​ បានចាប់ផ្តើម​ នៅខែមេសា​ ឆ្នាំ២០១១ ហើយ​គ្រោងនឹង​បញ្ចប់​គម្រោងនា​ ខែមករា ​ឆ្នាំ២០១៦​ ប៉ុន្តែស្ពាន​ និងផ្លូវ ​ដែល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នាព្រឹកនេះ​ ត្រូវបាន​សាងសង់​ចប់សព្វ​គ្រប់មុន​ការគ្រោងទុក​ ដែលជា​សមិទ្ធផល​ថ្មីមួយទៀត​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុងឆ្នាំ២០១៥ ​មុនចូលឆ្នាំ​ថ្មីប្រពៃណី​ជាតិខ្មែរ ​ដែលនឹង​មកដល់​ក្នុងពេល​ខាងមុខ៕


អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment