Wednesday, April 29, 2015

អគ្គនាយកដ្ឋានពន្ធដារ សំរេចពន្យារពេលក្នុងការប្រកាសបង់ពន្ធប៉ាតង់ របស់សហគ្រាស ឆ្នាំ២០១៥


យោងតាម​សេចក្តី​ជូន​ដំណឹង របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ នៃ​ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចេញថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៥ ស្តីពី ការ​ពន្យាពេល​ក្នុង​ការ​ប្រកាសបង់​ពន្ធ​ប៉ាតង់​របស់សហគ្រាស បាន​ឲ្យដឹងថា អគ្គនាយក​ដ្ឋាន​ពន្ធដារ សំរេច​ពន្យា​ពេល​ក្នុង​ការ​ប្រកាស​បង់​ពន្ធប៉ាតង់​របស់សហគ្រាស ដែល​ប្រកាស​បង់​ពន្ធ​តាម​របបស្វ័យ​ប្រកាស​សម្រាប់​ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៥។

ក្នុងសេចក្តី​ជូន​ដំណឹង​ដែល​ចុះហត្ថ​លេខា​ដោយ​ឯក​ឧត្តម គង់​ វិបុល ប្រតិ​ភូរាជ​រដ្ឋាភិបាល ទទួល​បន្ទុក​ជាអគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​ពន្ឋដារ បាន​លើក​ឡើងថា អគ្គនាយកដ្ឋាន​ពន្ធដារ សូម​ជម្រាប​ជូន ម្ចាស់​សហគ្រាស ដែល​ប្រកាស​បង់​ពន្ធ​តាម​របបស្វ័យ​ប្រកាស​ទាំង​អស់ជ្រាប​ថា ឆ្នាំ២០១៥នេះ សហគ្រាស​ដែល​បាន​ចុះបញ្ចីពន្ធ​ដារមុន ខែវិច្ឆិកា ឆ្នាំ២០១៤ ត្រូវ​ធ្វើបច្ចុប្បន្ន​ភាព​ព័ត៌​មាន​សហគ្រាស ដែល​តម្រូវ​ឲ្យ​ភ្ជាប់​ឯកសារ​ពាក់​ព័ន្ធ​ផ្សេងៗមួយ​ចំនួន ហើយត្រូវ​ប្រកាស​បង់​ប្រាក់​ពន្ធប៉ាតង់​ឆ្នាំ២០១៥ ក្នុងពេល​តែមួយ។ ប្រការ​នេះ​បណ្តាល​ឲ្យ​សហគ្រាស​មួយ​ចំនួន​មិន​ទាន់​បាន​ប្រកាសបង់​ពន្ធប៉ាតង់​បាន​ទាន់​ពេល​វេលាឡើយ ព្រោះ​តែ​ពុំ​ទាន់មាន​ឯក​សារ​គ្រប់​គ្រាន់​។
ការពន្យារ​ពេល នៃ​ការ​ប្រកាស​បង់​ពន្ធ​ប៉ាតង់​របស់​សហគ្រាសនេះ ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ទុក​លទ្ធភាព​ជូន​សហគ្រាស​ដែល​មិន​ទាន់​បាន​ប្រកាស​បង់​ពន្ធ ឬនៅខ្វះឯកសារ​ផ្សេងៗ មាន​ពេលវេលា​គ្រប់​គ្រាន់ ក្នុង​ការរៀប​ចំនូវ​ឯក​សារ​ពាក់​ព័ន្ធ សម្រាប់​ការ​ធ្វើបច្ចុប្បន្ន​ភាព​ព័ត៌​មាន​សហគ្រាស។
ដោយ​ឡែក ក្នុង​ករណី​ដែល​សហគ្រាស​មាន​ការ​យឺត​យ៉ាវ ក្នុង​ការ​មក​ប្រកាស​បង់​ពន្ធ​ប៉ាតង់​ឆ្នាំ២០១៥ តាម​ការ​ពន្យារ​ពេល​ខាង​លើ សហគ្រាស​នឹង​ត្រូវ​ទទួលរង​នូវ​ទោស​ទណ្ឌដោយ​ត្រូវ​បង់ប្រាក់​ពន្ធ និង​បង់​ផាក​ពិន័យ​ស្រប​តាម​ច្បាប់​ស្តី​ពី​សារ​ពើ​ពន្ធ។
សេចក្តី​ជូន​ដំណឹងនេះ ក៏បាន​បញ្ជាក់​ពី​សេច​ក្តីសង្ឃឹម​យ៉ាង​មុតមាំ របស់​អគ្គនាយកដ្ឋានពន្ធដារថា ក្នុង​អំឡុង​ពេល​ពន្យា​រនេះ ម្ចាស់​សហគ្រាស​ដែល​មិន​ទាន់​បាន​ប្រកាស​បង់​ពន្ធ​ប៉ាតង់ នឹងរួសរាន់​មក​ប្រកាស​បង់​ពន្ធ​បាន​ទាន់​ពេល​វេលាតាម​ការកំណត់​នេះជាក់​ជាពុំ​ខាន៕

អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment