Wednesday, April 29, 2015

សម្តេចតេជោ ហ៊ុន សែន ព្រមានលុបចោលវប្បធម៌សន្ទនា បើ ឯកឧត្តមសម រង្ស៊ី មិនអាចអប់រំផ្ទៃក្នុងបក្សរបស់ខ្លួនបាន


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃ​ព្រះរាជាណាចក្រ​កម្ពូជា បាន​ព្រមាន​លុប​ចោលនូវវប្បធម៌សន្ទនា របស់​គណបក្ស​ទាំងពីរ បើសិន​ណា​ជា​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្សសង្រ្គោះជាតិ មិន​អាច​អប់រំ​កូន​ចៅ​របស់​ខ្លួន​ឱ្យបាន​ល្អនោះ។

ការ​ព្រមាន​ជា​លើក​ដំបូង របស់​សម្តេច​តេជោ ក្នុង​ការរំលាយ​ចោល​វប្បធម៌​សន្ទនា រវាង​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​នៃគណបក្ស​ទាំងពីរ បាន​ធ្វើ​ឡើង ក្នុង​ពិធី​ប្រកាស​សម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់ រោងចក្រ​ចម្រាញ់​ដូង ប្រេងទី ២អន្លង់ក្រពើ របស់ក្រុម​ហ៊ុន ម៉ុង ឫទ្ធី ស្ថិត​នៅភូមិ​អន្លង់​ក្រពើ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥នេះ។

សម្តេចតេជោ នាយករដ្ឋ​មន្ត្រីបានមាន​ប្រសាសន៍​ផ្តាំ​ផ្ញើរទៅកាន់ ឯក​ឧត្តម សម រង្ស៊ី ថា «ត្រូវអប់រំ​ផ្ទៃ​ក្នុង​បក្សរបស់​ខ្លួន​ឲ្យបាន ហើយ​បើ​ឯក​ឧត្តម សម រង្ស៊ី ធ្វើមិនបានទេ អាវប្ប​ធម៌សន្ទនាហ្នឹង ត្រូវលុបចោល ក៏លុបទៅ កើត​ហើយ​បើ​វាងាប់​ទៅ​វិញ​ក៏ងាប់​ទៅ ព្រោះវាកើត​ហើយ​វាត្រូវរបួស​នៅ​កំពង់​ឆ្នាំង កើត​ជាមួយ​គ្នា​នៅសៀមរាប ដល់មក​ត្រូវរបួសៗ នៅកំពង់​ឆ្នាំង។  

សម្តេច​បន្តសង្កត់​ធ្ងន់ថា « ថ្ងៃនេះ​និយាយ​ឲ្យច្បាស់ លោកឯង​ចុះមូលដ្ឋាន​អី ហ៊ាន​ផ្ញើរសារមកឲ្យខ្ញុំ​ថាមិន​សង​សឹក ចាំដល់​លោក​ឈ្នះ​សិន​ទៅ លោក​កុំ​ឈ្លាន​ពេក កុំ​ឈ្លាន​ជ្រុល រហូតដល់ដេក​យល​សប្តិ។ ដេក​យល់សបត្តិ​ក៏ប្រធាន​សភា ចាំបាន​ធ្វើសិនមើល ណែអាត្មា​ធ្វើជាង​៣០​ឆ្នាំហើយ អាត្មា​មិន​ទាំង​អួត​ផង​។» 
គួរ​បញ្ជាក់ថា ប្រតិកម្ម​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ធ្វើឡើង​បន្ទាប់ពី ឯកឧត្តម កឹម សុខា អនុប្រធាន​រដ្ឋសភា និង​ជាអនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លើក​ឡើងថា គណបក្សសង្គ្រោះ​ជាតិ នឹង​មិន​មាន​ការសង​សឹក​គ្នាទេ ប្រសិន​គណបក្ស​សង្គ្រោះជាតិ​ឈ្នះឆ្នោត​ដឹក​នាំរដ្ឋាភិបាល។ ការលើក​ឡើង​របស់​ឯកឧត្តម កឹម សុខា ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​ឯកឧត្តម ចូលរួម​ក្នុងវេទកាសំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ នៅ​ឃុំ​រនាម ស្រុក​ទ្រាំង​ខេត្តតាកែវ កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៥ និងការវាយ​ប្រហារ​មក​លើគណបក្សកាន់​អំណាច​ពី​សំណាក់​ឯកឧត្តម កឹម សុខា ពីខេត្តកំពង់​ឆ្នាំង​ដោយ​ចោទថា បក្ស​កាន់​អំណាច​កំពុងដឹក​នាំប្រជាជន​តាម​របៀបកុម្មយនីស្ត​ផ្តាច់​ការ៕

អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment