Tuesday, March 31, 2015

រាជរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលជាច្រើន គួរឲ្យកត់សម្គាល់ តាមរយៈការអនុវត្តការងារ ក្នុងឆ្នាំ២០១៤ លើវិស័យមុខងារសាធារណៈ

ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ​សុខ ​អាន ​ឧបនាយក​រដ្ឋមន្ដ្រី ​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋ​មន្ដ្រី ​តំណាង​ដ៏ខ្ពង់​ខ្ពស់ ​សម្តេច​តេជោ ​ហ៊ុន​ សែន​ ក្នុង​ពិធីបើក​សន្និបាត​បូកសរុប​ លទ្ធផល​ការងារ​ឆ្នាំ២០១៤​ និង​ លើកទិសដៅ​ការងារ​ឆ្នាំ២០១៥​ របស់ក្រសួង​មុខងារ​សាធារណៈ នៅសាលាភូមិន្ទរដ្ឋបាល ​នាថ្ងៃ​ទី៣១​ ខែមីនា​ ឆ្នាំ២០១៥​នេះ ​បានមាន​ប្រសាសន៍ថា​ រាជរដ្ឋា​ភិបាល ​បាន​និង​កំពុង​​យកចិត្តទុកដាក់​ខ្ពស់​លើការកែទម្រង់​វិស័យ​មុខងារ​សារធារណៈ ​ដែលជា​វិស័យ​អាទិភាព​មួយ​ដ៏សំខាន់​ សម្រាប់​ចូលរួម​ជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម។ ​ជាក់ស្តែង​នាពេល​កន្លងមក​ រាជរដ្ឋាភិបាល​សម្រេច​បាននូវ​សមិទ្ធផល​គួរឱ្យកត់​សម្គាល់ជាច្រើន​ ក្នុងវិស័យ​មុខងារ​សារធារណៈ​ដូចជា៖
-      បង្កើត​លក្ខន្ដិកៈ​ដោយឡែក​មន្ដ្រីរាជ​ការ​ស៊ីវិល​តាម​ប្រភេទ​ក្របខ័ណ្ឌ​នីមួយៗ ​ហើយបានធ្វើ​សមាហរណកម្ម​មន្ត្រីរាជការ​ស៊ី​វិល ​ដោយបាន​បញ្ចូលមន្ត្រី​មកពី​ភាគី​ទាំង៤ (1/ភាគីខ្មែរក្រហម​ដែលបាន​ធ្វើសមាហរណ​កម្ម, 2/ ​ភាគីគណបក្ស​ ហ្វ៊ុន ស៊ិន ប៉ិច​, 3/ ភាគីគណបក្ស​លោកតា​ សឺន សាន ​និង 4/ភាគីរដ្ឋកម្ពុជា) ​ឱ្យទៅជា​មន្ត្រី​រាជការ​​ក្នុងក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិលឯក​ភាពមួយ។
-      កសាង​និងដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​បៀវត្សថ្មី​នៅ​ឆ្នាំ២០០១។
-      កសាងអនុក្រឹត្យ ​ស្តីពីការគ្រប់គ្រង​ដំណើរការ​នៃការ​ដាក់មន្ត្រី​រាជការ​ស៊ីវិល​ឱ្យចូល​និវត្តន៍តាមអាយុតាមប្រព័ន្ធ​ព័ត៌មានវិទ្យា​ នៅឆ្នាំ២០០២។
-      កសាងគោល​នយោបាយ​ស្ដីពីការផ្ដល់​សេវាសាធារណៈ​ នាខែឧសភា ​ឆ្នាំ២០០៦ ​ដែលមាន​ចង្កោម​សេវាចំនួន​ ៧ ប្រភេទ។
-      ចងក្រងកម្រង​ព័ត៌មាន​សេវា​សាធារណៈ​តាមចង្កោម​សេវានីមួយៗ​ ដើម្បី​ជា​ឧបករណ៍ជំនួយ​ដល់ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ។
-      បង្កើតអនុក្រឹត្យ​ស្តីពីការរៀបចំ​ និង​ការប្រព្រឹត្ត​ទៅនៃគណៈ​កម្មាធិការ​ជាតិ​វាយ​តម្លៃ​ស្តង់ដាសេវា​សាធារណៈ​នៅឆ្នាំ២០១៣ ​ដែលរួមមាន​សូចនាករ​គោល​ចំនួន០៥គឺ ​ទី១-គុណភាពព័ត៌មាន  ​ទី២-​ភាពងាយស្រួល​ក្នុងការទទួល​យកសេវា ​ ទី៣-ភាពយកចិត្ត​ទុកដាក់ក្នុងការ​ទទួល​អ្នកប្រើ​ប្រាស់សេវា​ ទី៤-​សេវាផ្តល់តាម​គោលការណ៍​កំណត់​និង​មាន​អភិបាល​កិច្ចល្អ ​និង​ទី៥-​យន្តការ​ព័ត៌មាន​ត្រឡប់ ​និង​បណ្តឹង​តវ៉ា​របស់អ្នក​ប្រើប្រាស់​សេវា​។
-      បានកែ​សម្រួល​គោល​នយោបាយ​ធានារ៉ាប់រង​សង្គម​សម្រាប់​មន្ត្រីរាជ​ការ​ស៊ីវិល។
-      បានបង្កើត​ឱ្យមាន​បេឡាជាតិ​សន្តិសុខ​សង្គម​សម្រាប់​មន្ត្រីរាជ​ការស៊ីវិល​។ល។
ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ​សុខ អាន​ បានមាន​ប្រសាសន៍​បន្ថែមថា ​ដោយឡែក​នៅ​ក្នុងកំឡុង​ពេលអនុវត្ត​ការងារ​នៅឆ្នាំ ២០១៤​កន្លងមកនេះ ​ក្រសួងមុខងារ​សាធារណៈ ​រួមជាមួយក្រសួង ស្ថាប័នពាក់​ព័ន្ធ​ថ្នាក់ជាតិ​ និងថ្នាក់​ក្រោមជាតិ ​ព្រមទាំង​ដៃគូអភិវឌ្ឍន៍​ សម្រេចបាន​នូវសមិទ្ធផល​ជាច្រើន​បន្ថែមទៀត​គួរឱ្យ​កត់សម្គាល់​ ដូចជា៖ ១​-ការរៀបចំ​បើកផ្តល់​បៀវត្ស​ជូនមន្រ្តី​រាជការ​ស៊ីវិលបានទាន់​ពេលវេលា​ក្នុងខែ​នីមួយៗ ​និង​ការរៀបចំ​បានពេញ​លេញ​នូវការបើក​ផ្តល់បៀវត្ស​តាមប្រព័ន្ធ​ធនាគារ ​២- ​ការដាក់​ឱ្យអនុវត្ត​គោលការណ៍​រួម​នៃការរៀប​ចំ​មុខងារ​​​​សាធារណៈរបស់រដ្ឋ និងការធ្វើ​និយ័តកម្ម​ការឡើង​ថ្នាក់ ​ឋានន្តរសិក្ត័ ​និង​ការធ្វើ​សមាហរណ​កម្មមន្រ្តីរាជ​ការ​ទូទាំង​ប្រទេស​ទៅក្នុង​រចនាសម្ព័ន្ធ​មុខងារ​សាធារណៈ​ថ្មី​ ៣-​ ការរៀបចំ​កែសម្រួល​រួចរាល់​ប្រាក់បៀវត្ស​មូលដ្ឋាន​ ប្រាក់​បំណាច់​មុខងារ​ជូនមន្រ្តី​រាជការ​ស៊ីវិល ​ការធ្វើ​ឱ្យមាន​សង្គតិភាព​រវាង​បៀវត្ស​របស់​មន្រ្តី​រាជការ​ស៊ីវិល ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ ព្រមទាំង​ការររៀបចំ​បៀវត្ស ​និង​វិធានការ​ផ្សេងៗ​គាំទ្រ​ដល់វិស័យ​អប់រំ​ និង​សុខាភិបាល ​៤- ការធ្វើ​ប្រតិភូកម្ម​មុខងារ​លើការ​តែងតាំង ​ផ្ទេរ និងបញ្ចប់ភារកិច្ច​មន្រ្តីរាជការ​ស៊ីវិល​ទៅថ្នាក់​ក្រោមជាតិ  ​និង ​៥​- ការរៀបចំ​ដាក់​ឱ្យដំណើរ​ការកម្ម​វិធីជាតិ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​២០១៥-២០១៨​ ជាដើម។
ឯកឧត្តម ​បានបន្ថែមថា​ សមិទ្ធផល​ទាំងនេះ ​បានចូលរួម​ចំណែក​យ៉ាងសំខាន់​បន្ថែមទៀត​ ក្នុងការ​អនុវត្ត​កម្មវីធី​កំណែ​ទម្រង់​របស់​រាជរដ្ឋា​ភិបាល ​សំដៅប្រែក្លាយ​មន្ត្រី​រដ្ឋបាល​សារធារណៈ​ទៅជា​អ្នកផ្តល់​សេវា​ដ៏មាន​ប្រសិទ្ធភាព​ និង​ជា​ដៃគូអភិវឌ្ឍន៍​ដែល​អាច​ជឿទុក​ចិត្តបាន​ ជាពិសេស​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែល្អ​ប្រសើរ​ឡើង។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ ​សុខ​ អាន ​បាន​គូសបញ្ជាក់​ថា ​ទន្ទឹម​នឹង​សមិទ្ធផល​ដែល​សម្រេច​បាននា​ពេលកន្លង​ទៅនេះ ​ក៏យើង​​​​នៅមាន​កិច្ចការ​ និង​បញ្ហាប្រឈម​ជាច្រើន​ទៀត​ដែល​ត្រូវបន្ត​អនុវត្ត ​និងដោះ​ស្រាយ ​ដើម្បី​លើកកម្ពស់​គុណភាព​នៃមុខងារ​សាធារណៈ ​និង​ការផ្តល់​សេវាសា​ធារណៈ​ឱ្យឆ្លើយតប​នឹង​ការវិវត្ត​នៃ​សេចក្តី​ត្រូវការ​របស់​សង្គម​ជាតិ​។ ​ឯកឧត្តម​បន្តថា ​អង្គសន្និបាត​នាពេល​នេះ ​គឺជា​ឱកាស​ដ៏​ប្រពៃ​សម្រាប់​ថ្នាក់ដឹកនាំ ​និង​មន្រ្តីរាជការ​ របស់​ក្រសួង​មុខងារ​សារធារណៈ ​​ធ្វើ​ការពិនិត្យ ​និង​វាយតម្លៃ​ឱ្យ​បាន​ពិតប្រាកដ ​និង​គ្រប់ជ្រុង​ជ្រោយ ​លើការ​អនុវត្ត​ការងារ​របស់​ខ្លួន​កន្លងមក​ និង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា​ផងដែរ​។​ ឯកឧត្តម​ បាន​សង្កត់​ធ្ងន់ថា​ លទ្ធផល​នៃ​សន្និបាត​នេះ ​នឹង​ត្រូវប្រើ​ប្រាស់​ជា​មូលដ្ឋាន​សម្រាប់​ដាក់​ចេញ​នូវ​អនុសាសន៍ ​ក្នុងការ​ស្វែងរក​ដំណោះ​ស្រាយ​ឱ្យបាន​សមស្រប ​និង​មានប្រសិទ្ធ​ភាព​ចំពោះ​បញ្ហាប្រឈម​នានា​ដែល​បាន​រកឃើញ ​សំដៅ​ធានា​ឱ្យផែន​ការ​ការងារ​ឆ្នាំ២០១៥​ អាច​អនុវត្ត​បាន​ប្រកប​ដោយ​ជោគជ័យ៕

អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment