Tuesday, March 31, 2015

លោក ហង្ស ពុទ្ធា អាចនឹងត្រូវក្លាយជាសមាជិកទី៩របស់ គ.ជ.ប ជំនួសលោកស្រី ពុង ឈីវកេក

តាម​ប្រភពច្បាស់​ការណ៍​មួយពី​មន្រ្តី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល បាន​បង្ហើប​ឲ្យដឹង​ថា លោក​ ហង្ស ពុទ្ធា អាច​នឹង​ត្រូវក្លាយ​ជាសមាជិក​ទី៩ របស់ គ.ជ.ប ជំនួស​លោក​ស្រី ពុង ឈីវកេក មូល​ហេតុ​ដោយសារ​លោក​ស្រី ពុង ឈីវកេក មិន​អាច​បំពេញ​បែបបទ​របស់​ខ្លួន​ឪ្យ​បានទាន់​ពេលវេលា​ដែល​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោតបាន​កំណត់​ឲ្យ។​

តាម​ប្រភព​ដដែល​បានបញ្ជាក់​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺសម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន និងឯក​ឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ កាល​ពីពេល​ថ្មីៗនេះ​ បាន​ឯក​ភាព​គ្នារួច​រាល់​ហើយ​អំពី​សមាស​ភាព​ថ្មី ជាសមាជិក​ទី៩ នៃគ.ជ.ប ដែល​នឹង​ត្រូវ​ជំនួស​លោក​ស្រី ពុង ឈីវកេក ករណី​ដែល​លោក​ស្រីមិន​អាច​បំពេញ​លក័្ខខណ្ឌ​ជ្រើស​រើស​ឲ្យទាន់​ពេលវេលា​បាន។ តាមការ​ឲ្យដឹង​នេះបាន​បញ្ជាក់ថា ឯកឧត្តម សម រង្ស៊ី បាន​ធ្វើការ​ទាក់​ទង​ ផ្ទាល់​ជាមួយសម្តេចតេជោ តាម​រយៈទូរស័ព្ទ​ដើម្បី​ធ្វើការ​ពិភាក្សា​គ្នាអំពី​បេក្ខភាព​ថ្មី គឺលោក​ ហង្ស ពុទ្ធា ប្រធាន​អង្គការ និចហ្វីក ដែល​អាច​នឹង​ត្រូវដាក់​ជំនួស​លោក​ស្រី ពុង ឈីវកេក ក្នុង​ករណី​ដែល​កាល​បរិច្ឆេទ​ដាក់​ពាក្យ​ស្នើ​សុំធ្វើ​ជា សមាជិក​គណៈ​កម្មាធិការ​ជាតិ រៀបចំការបោះ​ឆ្នោត ត្រូវ​បញ្ចប់​ដោយ​មិនមាន​វត្តមាន​លោក​ស្រី ពុង ឈីវកេក ចូល​រួមនោះ។

នៅថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ២០១៥​នេះដែរ លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ សិទ្ធិមនុស្ស​លីកា​ដូ ក៏បាន​ធ្វើកា​របដិសេធ ជាមួយ​នឹងការ​សម្តែង នូវ​ការសោក​ស្តាយ ដែល​មិនអាច​ទទួលយក​តួនាទី នៅ​ក្នុង គណៈកម្មាធិ​ការ​ជាតិ រៀប​ចំការបោះឆ្នោត​ (គ.ជ.ប) ស្រប​តាម​ឆន្ទៈ ​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។

គួរ​រំលឹក​ថា កាល​ពីថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៤ ការ​ឯក​ភាព​ ជាកុងសង់​ស៊ីល​រវាង​គណបក្សធំៗ​ទាំងពីរ ​លោក​ស្រី ពុង ​ឈីវកេក ត្រូវ​បានផ្តល់​ឱកាស ដើម្បី​ជ្រើស​រើស​ជាសមាជិកទី៩ នៃគ.ជ.បថ្មី។ ​តួនាទី​ជាសមាជិក​ទី៩ គឺជា សមាជិក​ឯករាជ្យ​ដើម្បីធានា​ថា ​ស្ថាប័ន​នេះឯករាជ្យ​អនុលោម ទៅតាម​រដ្ឋធម្មនុញ្ញ នឹង​ច្បាប់​ជាតិ

នៅ​ថ្ងៃនេះ ​លោក​ស្រី ពុង ​ឈីវកេក បាន​លើក​ឡើងថា  ​ថ្ងៃនេះ​ ខ្ញុំអាច​សន្និដ្ឋាន​បាន​ថា ភារកិច្ចនេះ​ អាច​ទៅមិន​រួចសម្រាប់​ខ្ញុំ ។ ទោះបីជា​មាន​កិត្តិយស​ដ៏ធំ​ធេង ដោយ​ត្រូវបានជ្រើស រើស​ក្នុងមុខ​ដំណែង​ដ៏សំខាន់​នេះ​យ៉ាងនេះក្តី​ ខ្ញុំមាន​ ការសោក​ស្តាយ​ដែលខ្ញុំ​ត្រូ វ​បដិសេធ​ឲ្យធ្វើជា​សមាជិក​ទី៩​របស់​គ.ជ.ប​ថ្មី​។ ​ទោះជា​យ៉ាងណា ​លោកស្រី​ មានការ​សោក​ ស្តាយ​ចំពោះ​ដំណែង​នេះ​ ហើយ​លោក​ស្រីស្នើ ​ឲ្យប្រជាជន​កុំ​ប្រកាន់​លោកស្រី ។

គួររំឭកថា​ លោកស្រី​ ពុង​ ឈីវកេក ​មាន​សញ្ជាតិបី​ គឺខ្មែរ​ បារាំង​ និង​កាណាដា​។​ ក្នុងច្បាប់​បោះឆ្នោត​ថ្មី​ តម្រូវ​ឲ្យ​លោកស្រី ​លះបង់​សញ្ជាតិ​ទាំងនោះ​៕


អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment