Tuesday, March 31, 2015

សុន្ទរកថា ឯកឧត្ដម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៤ និង លើក​ទិសដៅ​ការងា​រឆ្នាំ២០១៥ របស់​ក្រសួង​មុខងារសាធារ​ណៈ

ឯកឧត្តម  ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងមុខងារសាធារណៈ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ចូលរួមជាមួយឯកឧត្ដម លោកជំទាវ អស់​លោក លោកស្រី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៤ និងលើកទិសដៅការងារ​ឆ្នាំ២០១៥ របស់ក្រសួងមុខងារសាធារណៈ ដ៏មានសារសំខាន់នាពេលនេះ។ ក្នុងនាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងមុខងារសាធារណៈ និងគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងមុខងារសាធារណៈ ដែលបាននិងកំពុងខិតខំយកចិត្តទុក​ដាក់​បំពេញការងាររៀងៗខ្លួនក្នុងការអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ យ៉ាងសកម្ម និងឈានទៅសម្រេចបានលទ្ធផលថ្មីៗបន្ថែមទៀតគួរឱ្យកត់សម្គាល់។

ការជួបជុំគ្នាថ្ងៃនេះ គឺជាវេទិកាដ៏មានសារសំខាន់ សម្រាប់ការអភិវឌ្ឍវិស័យមុខងារសាធារណៈ​នៅកម្ពុជា តាមរយៈការផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងការអនុវត្ត​ល្អៗសម្រាប់​ជាធាតុចូល ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយ និង​ផែនការយុទ្ធសាស្ត្រ ព្រមទាំង​សម្រាប់លើកទិសដៅការងាររបស់ក្រសួងក្នុងឆ្នាំ២០១៥នេះ ក៏ដូច​ជា​បណ្ដាឆ្នាំខាងមុខទៀត ឱ្យបានកាន់តែប្រសើរឡើង។
ឯកឧត្តម លោកជំទាវ លោក លោកស្រី !
អង្គសន្និបាជាទីមេត្រី!
រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​បាន​និង​កំពុង​​យកចិត្តទុកដាក់​ខ្ពស់​លើការកែទម្រង់វិស័យមុខងារសារធារណៈ ដែលជាវិស័យអាទិភាពមួយ​ដ៏សំខាន់ សម្រាប់ចូលរួមជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម។ កន្លងមក រាជរដ្ឋាភិបាល ដោយមានក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាលជាសេនាធិការ បានដាក់ចេញនូវកម្មវិធីកំណែទម្រង់ ដែលមានលក្ខណៈស៊ីជម្រៅ និងទូលំទូលាយ តាមរយៈការបង្កើតនិងអនុវត្តនូវគោលនយោ​បាយ​និងឧបករណ៍​ចាំបាច់នានា សំដៅពង្រឹងប្រសិទ្ធភាពការងារ និងគណនេយ្យភាពនៅក្នុងរដ្ឋបាលសារធារណៈ។ តួយ៉ាង កម្មវិធីកន្សោមអាទិភាព ប្រាក់លាភការបន្ថែមដោយផ្អែកលើលទ្ធផលការងារ និងទីភ្នាក់ងារប្រតិបត្តិការពិសេស បានរួមចំណែកដោយផ្ទាល់នៅក្នុងការអភិវឌ្ឍសមត្ថភាពរដ្ឋបាលសាធារណៈនៅកម្ពុជា ដើម្បីអនុវត្តការងារជាយុទ្ធសាស្ត្រ និងការងារអាទិភាពនានារបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង រាជរដ្ឋាភិបាលសម្រេចបាននូវ​សមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ក្នុងវិស័យមុខងារសារធារណៈ ដូចជា៖
-  បង្កើតលក្ខន្ដិកៈដោយឡែកមន្ដ្រីរាជការស៊ីវិលតាម​ប្រភេទ​ក្របខ័ណ្ឌនីមួយៗ ហើយ​បានធ្វើសមាហរណកម្មមន្ត្រីរាជការស៊ី​វិល ​ដោយបានបញ្ចូលមន្ត្រីមកពីភាគីទាំង៤ ឱ្យទៅជា​មន្ត្រី​រាជការ​​ក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិលឯកភាពមួយ។
-  កសាងនិងដាក់ឱ្យដំណើរការប្រព័ន្ធបៀវត្សថ្មីនៅឆ្នាំ២០០១។
-  កសាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងដំណើរការនៃការដាក់មន្ត្រីរាជការស៊ីវិលឱ្យចូលនិវត្តន៍តាមអាយុ តាមប្រព័ន្ធព័ត៌មានវិទ្យា នៅឆ្នាំ២០០២។
- កសាងគោលនយោបាយស្ដីពីការផ្ដល់សេវាសាធារណៈ នាខែឧសភា ឆ្នាំ២០០៦ ដែលមាន​ចង្កោមសេវាចំនួន ៧ ប្រភេទ។
-  ចងក្រងកម្រងព័ត៌មានសេវាសាធារណៈតាមចង្កោមសេវានីមួយៗ ដើម្បីជាឧបករណ៍​ជំនួយដល់ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
-  បង្កើតអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិ​វាយ​តម្លៃ​ស្តង់ដាសេវាសាធារណៈនៅឆ្នាំ២០១៣ ដែលរួមមានសូចនាករគោលចំនួន០៥គឺ ទី១-គុណភាពព័ត៌មាន  ទី២-ភាពងាយស្រួលក្នុងការទទួលយកសេវា  ទី៣-ភាពយកចិត្តទុកដាក់ក្នុងការ​ទទួល​អ្នកប្រើប្រាស់សេវា ទី៤-សេវាផ្តល់តាមគោលការណ៍កំណត់និងមានអភិបាលកិច្ចល្អ និង​ទី៥-យន្តការព័ត៌មានត្រឡប់ និងបណ្តឹងតវ៉ារបស់អ្នកប្រើប្រាស់សេវា។
- បានកែសម្រួលគោលនយោបាយធានារ៉ាប់រងសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល។
- បានបង្កើតឱ្យមានបេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល​។ល។

ជាងនេះទៅទៀត ក្នុងនីតិកាលទី៥នេះ រាជរដ្ឋាភិបាលបានបន្តធ្វើកំណែទម្រង់កាន់តែស៊ីជម្រៅលើគ្រប់វិស័យ​ដោយបានដាក់ចេញនូវ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ទ្រទ្រង់ដល់ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ នៅតែជាស្នូលនៃយុទ្ធសាស្រ្តចតុកោណ ដោយបានផ្តល់សារៈសំខាន់លើការជំរុញការអនុវត្តកំណែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និង​​​កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ព្រមជាមួយនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។​ ក្នុងស្មារតីនេះ ការកែទម្រង់រចនាសម្ព័ន្ធស្ថាប័ន ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវកម្មវិធីកែទម្រង់នានា។ គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ និងក្រុមការងារកែទម្រង់ប្រព័ន្ធបៀវត្ស ត្រូវបានរៀបចំបង្កើត និងដាក់ឱ្យដំណើរការក្នុងការដឹកនាំ គ្រប់គ្រង អភិវឌ្ឍវិស័យមុខងារសាធារណៈ និងការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ។

តាមរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្រ្តី កន្លងមកនេះ ក្រសួងមុខងារសាធារណៈ រួមជាមួយ​ក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ សម្រេចបាននូវសមិទ្ធផលជាច្រើនបន្ថែមទៀតគួរឱ្យកត់សម្គាល់ ដូចជា៖ (១)ការរៀបចំបើកផ្តល់បៀវត្សជូនមន្រ្តីរាជការស៊ីវិលបានទាន់ពេលវេលាក្នុងខែនីមួយៗ និងការរៀបចំបានពេញលេញ​នូវការបើកផ្តល់បៀវត្ស​តាមប្រព័ន្ធធនាគារ (២) ការដាក់ឱ្យអនុវត្តគោលការណ៍រួមនៃការរៀបចំមុខងារ​​​​សាធារណៈ​របស់រដ្ឋ និងការធ្វើនិយ័តកម្មការឡើងថ្នាក់ ឋានន្តរសិក្ត័ និងការធ្វើសមាហរណកម្មមន្រ្តីរាជការទូទាំងប្រទេសទៅក្នុងរចនាសម្ព័ន្ធមុខងារសាធារណៈថ្មី (៣) ការរៀបចំកែសម្រួលរួចរាល់ប្រាក់បៀវត្សមូលដ្ឋាន ប្រាក់បំណាច់មុខងារជូនមន្រ្តីរាជការស៊ីវិល ការធ្វើឱ្យមានសង្គតិភាពរវាងបៀវត្សរបស់មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងការររៀបចំបៀវត្ស និងវិធានការផ្សេងៗគាំទ្រដល់វិស័យអប់រំ និងសុខាភិបាល (៤) ការធ្វើប្រតិភូកម្មមុខងារលើការតែងតាំង ផ្ទេរ និង​បញ្ចប់ភារកិច្ចមន្រ្តីរាជការស៊ីវិលទៅថ្នាក់ក្រោមជាតិ  និង(៥) ការរៀបចំដាក់ឱ្យដំណើរការកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ​២០១៥-២០១៨ ជាដើម។

សមិទ្ធផលទាំងនេះ បានចូលរួមចំណែកយ៉ាងសំខាន់បន្ថែមទៀត ក្នុងការអនុវត្តកម្មវីធីកំណែទម្រង់របស់រាជរដ្ឋាភិបាល សំដៅប្រែក្លាយមន្ត្រីរដ្ឋបាលសារធារណៈទៅជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព និងជាដៃគូអភិវឌ្ឍន៍ដែលអាចជឿទុកចិត្តបាន ជាពិសេសដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។
-   ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី !
-   អង្គសន្និបាតជាទីមេត្រី!

ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាននាពេលកន្លងទៅនេះ ក៏យើង​​​​នៅមានកិច្ចការ និងបញ្ហាប្រឈម​ជាច្រើនទៀតដែលត្រូវបន្តអនុវត្ត និងដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃមុខងារសាធារណៈ និងការផ្តល់​សេវាសាធារណៈឱ្យឆ្លើយតបនឹងការវិវត្តនៃសេចក្តីត្រូវការរបស់សង្គមជាតិ។

ក្នុងន័យនេះ អង្គសន្និបាតនាថ្ងៃនេះ គឺជាឱកាសដ៏ប្រពៃសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ របស់​ក្រសួងមុខងារសារធារណៈ ​ធ្វើការពិនិត្យ និងវាយតម្លៃឱ្យបានពិតប្រាកដ និងគ្រប់ជ្រុងជ្រោយ លើការអនុវត្តការងាររបស់ខ្លួនកន្លងមក និងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ផងដែរ។ លទ្ធផលនៃសន្និបាតថ្ងៃនេះ នឹងត្រូវប្រើប្រាស់ជាមូលដ្ឋានសម្រាប់ដាក់ចេញនូវអនុសាសន៍ ក្នុងការស្វែងរក​ដំណោះ​ស្រាយឱ្យបានសមស្រប និងមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានាដែលបានរកឃើញ សំដៅធានាឱ្យផែនការការងារឆ្នាំ២០១៥ អាចអនុវត្តបានប្រកបដោយជោគជ័យ។

ដើម្បីជាមូលដ្ឋាននៃការពិភាក្សានៅក្នុងអង្គសន្និបាតនេះ ខ្ញុំសូម​លើក​ឡើង​នូវ​ទស្សនៈ​សំខាន់ៗ​មួយចំនួន ដូចខាងក្រោម៖

ទី១-តាមបទពិសោធន៍ ជោគជ័យនៃការធ្វើកំណែទម្រង់​រដ្ឋបាលសាធារណៈ ត្រូវអាស្រ័យលើកត្តាសំខាន់មួយចំនួន ដូចជា (១) ការផ្លាស់ប្តូរឥរិយាបថ វប្បធម៌ និងរបៀបរបបធ្វើការរបស់ភ្នាក់ងារសាធារណៈ និង(២) ការធ្វើកំណែទម្រង់ ឬទំនើបកម្ម គឺជាអភិក្រមបន្តជាយូរអង្វែង ហើយត្រូវតែ​ស្របទៅនឹងបរិបទ តម្រូវការ កាលៈទេសៈ និងការវិវត្តរបស់សង្គមជានិច្ច។

ទី២-ត្រូវរៀបចំផែនការប្រើប្រាស់ធនធានមនុស្សក្នុងមុខងារសាធារណៈ ឱ្យបានសមស្រប និងគ្រប់ជ្រុងជ្រោយ ព្រមទាំងដាក់ចេញនូវវិធានការគាំទ្រផ្សេងៗ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ដើម្បីសម្រេច​​គោលដៅ ក្នុងការផ្តល់ជូនមន្រ្តីរាជការនូវបៀវត្សទាបបំផុត ១ លានរៀលក្នុង១ខែ នៅឆ្នាំ២០១៨។

ទី៣-ដើម្បីគ្រប់គ្រង និងប្រើប្រាស់ធនធានមនុស្សក្នុងមុខងារសារធារណៈឱ្យមានប្រសិទ្ធភាព​ខ្ពស់បន្ថែមទៀត ក្រៅពីការរៀបចំបើក​ផ្តល់បៀវត្សជូនមន្រ្តីរាជការស៊ីវិលបានទាន់ពេលវេលា និងការរៀបចំកែសម្រួលប្រាក់បៀវត្សមូលដ្ឋាន ប្រាក់បំណាច់មុខងារ ត្រូវជំរុញការរៀបចំ និងការដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងគុណផល សេវាកម្មវិជ្ជាជីវៈ និងប្រព័ន្ធលើកទឹកចិត្តផ្សេងៗប្រកប​ដោយ​សមធម៌សម្រាប់មន្រ្តីរាជការ។

ទី៤-ត្រូវជំរុញការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការរៀបចំអង្គវិជ្ជាជីវៈ ការកំណត់មុខតំណែង ការពិពណ៌នាមុខតំណែង ដើម្បីផ្តល់លទ្ធភាពឲ្យ​ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជ្រើសរើស និងប្រើប្រាស់ធនធានមនុស្សឱ្យចំទិសដៅ ទីកន្លែងដែលត្រូវការ។

ទី៥-ត្រូវជំរុញបន្តការបណ្តុះបណ្តាលសមត្ថភាពមន្រ្តីរាជការ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យមានលក្ខណៈជាប្រព័ន្ធ ស្របតាមសេចក្តីត្រូវការនៃការអនុវត្តគោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ក្នុងនោះត្រូវមានការយកចិត្តទុកដាក់ពង្រឹងបន្ថែមនូវតួនាទីរបស់សាលា​ភូមិន្ទរដ្ឋបាលឱ្យកាន់តែសកម្មក្នុងការបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ ព្រមទាំងផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីរាជការកម្រិត​​គ្រប់គ្រងជាន់ខ្ពស់ ជាពិសេស ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាស្រ្តី ។

ទី៦-ត្រូវជំរុញការផ្តល់សេវាសាធារណៈ ផ្អែកលើគោលនយោបាយ និងស្តង់ដាសេវាសាធារណៈ ច្បាស់លាស់ និងប្រកបដោយសមធម៌ ប្រព័ន្ធត្រួតពិនិត្យគុណភាពនិងប្រសិទ្ធភាព និងយន្តការស្ថាប័នសម្រាប់ទទួលបណ្តឹងតវ៉ា និងព័ត៌មានត្រឡប់ពីអ្នកប្រើប្រាស់សេវា ដើម្បីឲ្យឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ។

ទី៧-ត្រូវអនុវត្តសកម្មភាពកែទម្រង់ ឱ្យសម្រេចបានតាមសូចនាករគោលនៃសមិទ្ធកម្ម ដែល មានកំណត់នៅក្នុងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨។

ទី៨-ត្រូវពង្រឹង និងពង្រីកការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានមនុស្សតាមប្រព័ន្ធព័ត៌មានវិទ្យា​ឱ្យបានទូលំទូលាយ ដើម្បីគាំទ្រដល់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទី៩-ត្រូវចូលរួមគាំទ្រការធ្វើប្រតិភូកម្មមុខងាររបស់ក្រសួង ស្ថាប័នថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងសមត្ថភាពគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅថ្នាក់ក្រោមជាតិឱ្យបានសមស្រប។
ឯកឧត្តម លោកជំទាវ លោក លោកស្រី
អង្គសន្និបាតជាទីមេត្រី!

ជាថ្មីម្ដងទៀត  ខ្ញុំសូមកោតសរសើរ  និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងមុខងារសាធារណៈ ដែលបាន​រួមចំណែកសម្រេចនូវសមិទ្ធផលជាច្រើនក្នុង​វិស័យ​មុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ​នាពេល​កន្លងមក។ ​ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងនិង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ​ព្រម​ទាំ​ងដៃគូអភិវឌ្ឍន៍ និង​​​អ្នកពាក់ព័ន្ធនានា សូមបន្ត​ចូលរួមចំណែក និងគាំទ្រឱ្យកាន់តែសកម្ម ក្នុងការលើកកម្ពស់ការកែទម្រង់វិស័យមុខងារសាធារណៈបន្ថែមទៀត ដើម្បីឱ្យវិស័យនេះ អាចរួមចំណែកឱ្យបានកាន់តែប្រសើរឡើងដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ​

ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ សូម​មានសុខភាពល្អ ទទួល​បាន​ជោគ​ជ័យលើគ្រប់ភារកិច្ច និងមានសុភមង្គលក្នុងក្រុមគ្រួសារ។

ខ្ញុំ​សូម​ប្រកាសបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៤ និងកំណត់ទិសដៅការងារឆ្នាំ២០១៥ របស់ក្រសួងមុខងារសាធារណៈ ចាប់ពីពេល​នេះ​តទៅ។
សូមអរគុណ!

No comments:

Post a Comment