Wednesday, March 04, 2015

ក្លឹបអ្នកកាសែតកម្ពុជា សំដែងការព្រួយបារម្ភអំពីការចាប់ខ្លួនអ្នកកាសែតនៅខេត្តព្រះវិហារ

ដើម្បី​សំដែង​ការ​ព្រួយ​បារម្ភ​ ជុំវិញ​ការ​ចាប់​ខ្លួន​អ្នក​កាសែត​ពីររូប​ នៅខេត្ត​ព្រះវិហារ​កាលពី​ពេលថ្មី​កន្លង​ទៅនេះ ​ក្លឹប​អ្នក​កាសែត​កម្ពុជា​បានចេញ​នូវ​សេចក្តី​ថ្លែង​ការណ៍​មួយ​ នៅថ្ងៃទី​ ៣ ​មីនា​ ម្សិលមិញ​ ដោយបាន​បង្ហាញ​ពីការ​ព្រួយបារម្ភ​ អំពី​សុវត្ថិភាព​អ្នកកាសែត​កម្ពុជា​ ដែល​កំពុង​រង​ការ​ប្តឹងប្តល់ ​និង​ត្រូវ​បាន​ចាប់​ខ្លួន។
ក្លឹប​អ្នក​កាសែត​កម្ពុជា​ បាន​សំដែង​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​ ចំពោះ​សេរីភាព​ និង​សុវត្តិភាព​អ្នក​សារព័ត៌​មាន​ បន្ទាប់​ពីទទួល​ដំណឹង​ថា ​សាលា​ដំបូង​ខេត្ត​ព្រះវិហារ​ បានចេញ​ដីកា​ចាប់​ខ្លួន​អ្នក​កាសែត​ជា​បន្ត​បន្ទាប់​ ដោយ​ចោទ​ពីបទ​ " កំហែង​យក​ "  ក្នុង​ករណី​ដឹក​ឈើ​នៅឃុំ​ឈានមុខ​ ស្រុក​ត្បែង​មានជ័យ​ ខេត្ត​ព្រះវិហារ​ ក្រោយ​ពេល​តុលាការ​ឃុំខ្លួន​ អ្នក​កាសែត​ AKP​ និង​អ្នករាយ​ការណ៍​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​អប្សរា។
​ក្លឹប​អ្នក​បាន​សង្កេត​ឃើញថា​ តុលាការ​ខេត្ត​ព្រះវិហារ​ មាន​ឆន្ទានុ​សិទ្ធិ ​ក្នុងការ​ចាត់ការ​តាមនីតិវិធី​ ក្នុង​ដែន​អំណាច​របស់ខ្លួន​ ប៉ុន្តែ​ចំណាត់​ការ​ប្រឆាំង​អ្នក​កាសែត ​នៅពេល​នេះ ​ហាក់​ធ្វើឡើង​ដោយខ្វះ​តម្លាភាព​ ដែល​បង្ក​ឲ្យមាន​ការ​ភ្ញាក់ផ្អើល​ និង​អយុត្តិធម៌​ចំពោះ​អ្នកសារ​ព័ត៌មាន​ ខណៈ​ដែលអ្នក​ប្តឹង​គឺ​ក្រុមឈ្មួញ​រក​ស៊ី​ឈើខុស​ច្បាប់​ទាំងនោះ ​មិន​ត្រូវបាន​តុលាការ​ចាត់វិធាន​ការ​ណា​មួយ​ ប្រឆាំង​ពួកគេ​នោះទេ​។
ក្លឹប​អ្នក​កាសែត​កម្ពុជា​ ចាត់​ទុក​ការចាប់​ខ្លួន​ និង​ការកោះ​ហៅ​អ្នក​សារព័ត៌​មាន​ជា​បន្ត​បន្ទាប់​នេះ ​គឺជា​ការ​គំរាម​កំហែង​ និង​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​ របស់​អ្នក​សារព័ត៌​មាន​ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ​ ចំណែក​ឯក្រុម​ឈ្មួញ​រកស៊ី​ឈើ​ល្មើស​ច្បាប់​បែរ​ជា​អាច​ប្រកប​មុខ​របរ​យ៉ាង​សកម្ម​ និង​ដោយ​សុវត្ថិភាព​ទៅវិញ៕


អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment