Wednesday, February 04, 2015

សៀវភៅ​​ដែល​​មាន​​ចំណង​​ជើង​​ថា លោក​ស៊ី ជីន​ពីង: អភិបាល​កិច្ច​នៃប្រទេស​ចិន ត្រូវ​បាន​​ផ្សព្វផ្សាយ​​នៅ​កម្ពុជា

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី នា​រសៀល​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ២០១៥ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខា​សាលា​អន្តរជាតិ​មួយ​ដែល​រៀប​ចំ​ឡើង​ដោយ រាជបណ្ឌិត្យ​សភា​កម្ពុជា និង​ស្ថាន​ទូត​នៃ​សា​ធា​រ​ណ​រដ្ឋប្រជាមានិត​ចិនប្រចាំកម្ពុជា ដើម្បី​ផ្សព្វផ្សាយ​សៀវ​ភៅ​ដែល​មាន​ចំណង​ជើង​ថា ​"លោកស៊ីជីនពីង: អភិបាលកិច្ចនៃប្រទេសចិន"។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ការប្រកាស​ផ្សព្វ​ផ្សាយ​នៃសៀវភៅនេះ គឺ​មាន​បំណង​ផ្តល់ការយល់​ដឹងកាន់​តែស៊ីជម្រៅ​នៅ​កម្ពុជា អំពី​ចំណេះ​ដឹង​របស់មេដឹក​នាំ និង​គំនិត​របស់​គាត់​នៅ​លើអភិបាលកិច្ច​របស់​ចិន​។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «សៀវភៅ​ដែល​ឆ្លុះ​បញ្ចាំងពីការប្តេជ្ញាចិត្តរបស់ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ ចិន មានគោល​ដៅ​ឆ្ពោះ​ទៅរកការ​ធ្វើ​កំណែ​ទម្រង់ស៊ីជម្រៅ ​និង​ការខិតខំប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ​ស្តីពី​អភិបាលកិច្ច​ដ៏រឹងមាំ​របស់លោក។ ​វានឹងធ្វើឱ្យ​ពិភព​លោកយល់​ដឹងអំពី​ការ​អភិ​វឌ្ឍ​របស់​ប្រទេសចិន ក៏ដូច​ជា គោល​នយោបាយ​ក្នុងស្រុក និង​បរទេស ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការព្រួយ​បារម្ភ​របស់​សហគមន៍​អន្តរជាតិ»។
លោកជំទាវ ពូ ជៀងហ្គ័រ (Bu Jianguo) ឯកអគ្គរដ្ឋ​ទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា ជាមួយ​នឹង​ប្រសាសន៍​ថ្លែង​អំណរគុណ​ចំពោះ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន និង​រាជ្យបណ្ឌិត​សភា​កម្ពុជា ដែល​បាន​គាំទ្រ​ការ​ផ្សព្វផ្សាយ​សៀវភៅ ​"លោក​ស៊ីជីនពីង: អភិបាលកិច្ចនៃប្រទេសចិន" បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សៀវ​ភៅ​នេះ រួម​បញ្ចូល​នូវ​សុន្ទរកថា បទសម្ភាសន៍ និង​សំណេររបស់​ឯកឧត្តម ស៊ី ជិនពីង ចំនួន៧៩ ចន្លោះ​ពីខែវិច្ឆិកា ឆ្នាំ២០១២ ដល់​ខែមិថុនា ឆ្នាំ២០១៤ ដែល​ផ្តល់នូវ​ការយល់​ដឹងពី​មេ​ដឹក​នាំ​របស់​ប្រទេសចិន នៅ​លើ​បញ្ហា​នយោបាយ និង​រដ្ឋបាល​នៃប្រទេស​។ វាក៏​រួម​បញ្ចូល​រូបថត​របស់​លោក​ប្រធានាធិបតី​ ស៊ី ជិនពីង ចំនួន​៤៥ ផង​ដែរ។
លោក​ជំទាវ​ឯកអគ្គរដ្ឋទូតចិន​​ បា​នមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ​​សៀវភៅនេះ​បានផ្តល់​ឲ្យ​មានការ​យល់​ដឹង​ជា​ប្រព័ន្ធ ឆ្លើយ​តប​យ៉ាង​ទូលំទូលាយ​ទៅនឹង​ទ្រឹស្តីជាចម្បង និងបញ្ហា​អនុវត្ត​​ជាក់​ស្តែង​ ក្នុងការអភិវឌ្ឍរបស់ប្រទេសចិន នៅក្នុងរយៈពេលនៃការ​ផ្លាស់ប្តូរ​​ដោយ​រួម​បញ្ចូលនូវទស្សនវិជ្ជាមេដឹកនាំចិន និងយុទ្ធសាស្ដ្រនៃ​អភិបាលកិច្ច។
លោក​ជំទាវ​ឯកអគ្គ​រដ្ឋ​ទូត​ មាន​ប្រសាន៍​បញ្ជាក់​ថា ​ «សៀវភៅនេះ គឺជា​បង្អួច​សម្រាប់​សង្គម​អន្ដរជាតិ ​អាចចូល​ទៅកាន់​ប្រទេសចិន ដើម្បី​ស្វែង​យល់​ និងជាកូនសោរ​ដើម្បី​ផ្តល់​ចម្លើយ​ចំពោះ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន ​ផង​ដែរ»។
សៀវភៅ "លោក​ស៊ីជីនពីង: អភិបាលកិច្ច​នៃ​ប្រទេសចិន" បាន​បោះ​ពុម្ព​ផ្សាយ​ចំនួន​ ៣,១៧​លានក្បាល ក្នុង​ប្រាំបួន​ភាសា រួមានៈ ចិន អង់គ្លេស បារាំង រុស្ស៊ី ភាសា​អារ៉ាប់ ភាសា​អេស្ប៉ាញ ព័រទុយហ្គាល់ អាឡឺម៉ង់ និង​ជប៉ុន។
សម្រាប់​កម្ពុជា លោក​ជំទាវ ពូ ជៀងហ្គ័រ​ បាន​សម្តែង​សុទិដ្ឋិនិយម​ថា សៀវភៅ  "លោក​ស៊ីជីនពីង: អភិបាលកិច្ច​នៃ​ប្រទេសចិន" ​នឹងផ្តល់​នូវ​ចំណេះ​ដឹង​ដ៏មាន​ប្រយោជន៍​សម្រាប់​មិត្តភក្តិកម្ពុជា ដែលធ្វើ​ឲ្យ​គេអាចគិត​និងការស្វែងរក​នៅ​លើ​រឿងរ៉ាវ​របស់​ប្រទេស​ចិន​ដែល​ ទទួល​បាន​ជោគជ័យ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម "។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្រៅ​ពី​សង្ឃឹម​ថា នឹង​មានការ​បក​ប្រែ​ជា​ភាសា​ខ្មែរ ដោយ​រាជបណ្ឌិត្យ​សភា​កម្ពុជា ​ឯកឧត្តម​បាន​ឲ្យ​ដឹង​ថា ​សៀវភៅនេះ​នឹងអាចរកទិញ​បាន​នៅក្នុងប្រទេសកម្ពុជា​៕
 


No comments:

Post a Comment