Wednesday, February 04, 2015

ឯកឧត្តម កែវ រ៉េមី៖ ការ​​សម្រេច​​របស់​​គណ​បក្ស​​ប្រជាជន​​កម្ពុជា​បញ្ចូល​​ឯកឧត្តម សុខ សូកាន ជា​​តំណាង​រាស្ត្រ គឺ​​ត្រឹ​មត្រូវ​តាម​ច្បាប់

ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ និងជា​អនុប្រធាន​អង្គភាព​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​សម្រេច​របស់​គណបក្ស​ប្រជាជនកម្ពុជា​ដាក់ ឯកឧត្តម សុខ សូកាន ​បេក្ខ​ជន​តំណាង​រាស្ត្រ ឲ្យ​ធ្វើ​ជា​តំណាង​រាស្ត្រ​មណ្ឌល​​តាកែវ ជំនួស ឯកឧត្តម សូ ឃុន ដែល​បាន​ទទួល​មរណៈ​ភាព​ ត្រូវ​បាន​ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​ រាស្រ្ត ដោយ​មិន​មាន​ការ​ផ្លោះ​លេខ​រៀង​បេក្ខជន​នោះ​ទេ។
ផ្តល់​បទ​សម្ភាសន៍​ទៅកាន់​វិទ្យុ​បរទេស​មួយ ​ផ្សាយ​ជាភាសាខ្មែរ ឯកឧត្តម កែវ រ៉េមី បាន​មាន​ប្រសាសន៍​ថា៖ «ក្រោយ លោក សូ ឃុន ស្លាប់​ទៅ ការ​ឡើង​ជំនួស​នេះ គឺ​ឡើង​តាម​លំដាប់​លំដោយ​ត្រឹមត្រូវ។ ឯកឧត្តម ចាន់ សារុន លេខ​រៀង​បន្ទាប់​ពី លោក សូរ ឃុន សុំ​លា​លែង​អត់​ចូល​ក្នុង​សភា​ទេ ព្រោះ​គាត់​ជា​ទេសរដ្ឋមន្ត្រី។ ឯកឧត្តម ពេជ សោភ័ន ក៏​គាត់​លា​លែង​ដែរ អ៊ីចឹង​គឺ​ដល់​លេខ​ដែល​គាត់ (សុខ សូកាន) ត្រូវ​ឡើង វា​មិន​មែន​ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព។ អ្នក​និយាយ​ចេះ​តែ​មួលបង្កាច់​គ្នា​អ៊ីចឹង»
ឯកឧត្តម សុខ សូ​កាន អាយុ ៣១ឆ្នាំ ជា​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​មណ្ឌល​តាកែវ ឯកឧត្តម​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ​​ដាក់​សំណើ​ទៅ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត កាលពី​ថ្មីៗ​នេះ ដើម្បី​បញ្ចូលជា​តំណាង​រាស្ត្រ​ជំនួស ឯកឧត្តម សូរ ឃុន តំណាង​រាស្ត្រ​មណ្ឌល​តាកែវ ដែល​បាន​ទទួល​មរណៈភាព។
ទាក់ទង​បញ្ហា​នេះ ឯកឧត្តម ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ( គ.ជ.ប​) បាន ​ឲ្យ​ដឹង​ពី​នីតិវិធី​នៃការ​ផ្លាស់​ប្តូរ​នេះ​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​បានធ្វើ​ការប្តូរឈ្មោះ​ទៅតាម​សំណើ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា ពីព្រោះ​នៅពេល​ចុះបញ្ជី​បេក្ខជន​គណបក្ស​ដាក់​បញ្ជី​បេក្ខជន​មក គ​.​ជ​.​ប ហើយ​ក្នុងករណី​មាន​អ្នក​ដែល​ជាប់​ហើយ​ស្លាប់ អ្នក​ដែល​ឈ្មោះ​បន្ទាប់​ត្រូវ​ឡើង​ជំនួស​។ ឯកឧត្តម ទេព នីថា បាន​បញ្ជាក់ថា គ​.​ជ​.​ប បានធ្វើការ​ប្រកាស​ទទួល​ស្គាល់​ឯកឧត្តម សុខ សូ​កាន ជា​តំណាងរាស្ត្រ​ជំនួស​ឯកឧត្តម ​សូរ ឃុន ដែល​ទទួលមរណៈភាព កាល​ពី​ប៉ុន្មាន​ថ្ងៃ​រួចរាល់​អស់ហើយ​ និង​បាន​បញ្ជូន​សេចក្តី​ប្រកាស​ទទួលស្គាល់​នេះ​ទៅ​រដ្ឋ​សភា​។ ក្រោយពី​បញ្ជូន​ដល់​រដ្ឋសភា គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា បាន​ប្រជុំ​ពិភាក្សា កាលពី​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ដើម្បី​ពិនិត្យ​លើ​សំណើសុំ​នេះ ហើយ​កិច្ច​ប្រជុំ​ពិភាក្សា​របស់​គណៈ​កម្មាធិ​ការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​សំរេច​ថា នឹង​ដាក់​សំណើ​នេះ នៅ​ក្នុង​សម័យប្រជុំ​សភា នា​ពេល​ខាងមុខនេះ​។
ចំណែក ​ឯកឧត្តម ឈាង វុន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​ទី​៥ នៃ​រដ្ឋសភា បាន​មានប្រសាសន៍​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋ​សភា នឹងដាក់​របៀបវារៈ​សំណើសុំ​ប្រកាស​ទទួលស្គាល់​ឯកឧត្តម សុខ សូ​កាន ជា​តំណា​ង​រាស្ត្រ​ថ្មី នៃ​មណ្ឌល​ខេត្តតាកែវ ជំនួស​ឯកឧត្តម ​សូរ ឃុន នៅពេល​សភា​វិស្សម​កាល​វិញ​។ ឯកឧត្តម ឈាង វុន ​បានមាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រោយពី​ឯកឧត្តម ​សូរ ឃុន តំណាងរាស្ត្រ​ខេត្តតាកែវ ទទួល​មរណៈភាព គណបក្ស​ប្រជាជន​កម្ពុជា បានស្នើ​ឯកឧត្តម ​សុខ សូ​កាន ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ហើយ គ​.​ជ​.​ប ក៏បាន​ផ្ញើលិខិត​ទទួលស្គាល់ឯកឧត្តម សុខ សូ​កាន ជា​អ្នកតំណាងរាស្ត្រ​ជំនួស​ឯកឧត្តម សូរ ឃុន មក​រដ្ឋសភា រួចហើយ​សភា​ប្រកាស​នៅពេលដែល​សភា​វិស្សមកាល​វិញ​៕

No comments:

Post a Comment