Wednesday, February 25, 2015

បទអត្ថាធិប្បាយ​ ដោយ៖ ពង្ស​ សុក្រឹត្យ​ រាជរដ្ឋា​ភិបាល​ អនុវត្ត​ការ​​ធ្វើ​​កំណែ​​ទម្រង់​​ប្រព័ន្ធ​​តុលាការ​ ក្រុម​​ប្រឆាំង​​បែរ​​ជា​ចោទថា​ ប្រើ​​អំណាច​​បំពាន​

ថ្មីៗ​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​​ ដែល​មាន​​ចរិត​​​​ប្រឆាំងជាមួយរាជ​​រដ្ឋាភិបាល បាន​ធ្វើ​​ការ​​រិះគន់ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដោយ​ក្រុម​នោះ​បាន​ចោទ​​ថា​ ​​លោក​បាន​ប្រើ​អំណាច​​​បំពាន​លើ​អំណាច​តុលាការ​ បន្ទាប់​ពី​ លោក ហ៊ុន​ សែន​ មាន​ប្រសាសន៍​ពាក់​ព័ន្ធ​នឹង​​វិធាន​ការ​​របស់​សមត្ថកិច្ច​ក្នុង​ការ​នាំ​ខ្លួន​ ឪពុក​-ម្តាយ របស់​ឧក្រិដ្ឋជន​ ថោង​ សារ៉ាត់ ត្រឡប់​ចូល​ពន្ធនាគារ​​វិញ និង​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​អធិការកិច្ច​ លើ​សំណុំ​រឿង​ដ៏​រស៊ើប​នេះ​។​

​ការ​ចោទ​ប្រកាន់​នេះ​ គឺ​ជារឿង​មួយ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ មិន​បាន​​យល់​​ទាល់​តែ​សោះ​អំពី​ទំនាក់​​ទំនង​នៃ​អំណាច​ទាំង​បី ​ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​។​​​ រដ្ឋធម្មនុញ្ញ ពិត​ជាបាន​ចែង​ថា​  អំ​ណាច​​ទាំង​បី​ ត្រូវ​បាន​ចែក​ដាច់​ពី​គ្នា​ក៏​ពិត​មែន​ ក៏​ប៉ុន្តែ​ អំណាច​នីមួយ​ៗ​នៅក្នុង​រដ្ឋ​តែ​មួយ​ គឺ​អាច​ស្នើ​ទៅ​អំណាច​មួយ​ផ្សេង​ទៀត​​ ដើម្បី​ពិនិត្យ​អំពី​ដំណើរ​ការ​របស់​ស្ថាប័ន​នានា​ដែល​នៅ​​ក្រោម​ការ​គ្រប់​គ្រង​​​អំណាច​របស់​ខ្លួន​ ​ប៉ុន្តែ​សកម្មភាព​បែប​នេះ​គឺ​​មិន​មែន​​បានន័យ​ថា​ ​លូក​ដៃ​ចាត់​ចែង​ការ​ងារ​របស់​អំណាច​ណាមួយ​នោះទេ​​។ រី​ឯចំណាត់​ការ​ គឺ​ជា​បុព្វសិទ្ធិ​ របស់​អំណាច​សាម៉ី​តែ​ប៉ុណ្ណោះ​។ ឧទាហរណ៏​ នៅពេលដែល​​​​រដ្ឋ​សភា​ ជា​តំណាង​អោយ​អំណាច​នីតិ​បញ្ញត្តិ​ពិនិត្យ​ឃើញ​អំពី​ភាព​​មិន​ប្រក្រតី​ណា​មួយ​ របស់​អំណាច​នីតិ​ប្រតិបត្តិ​(រាជរដ្ឋាភិបាល)​​ ​គឺ​រដ្ឋ​សភា​ក៏​អាច​មាន​សិទ្ធិ​​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល​ ដើម្បី​ពិនិត្យ​មើល​អំពី​ភាព​មិន​ប្រក្រតី​របស់​ស្ថាប័ន​ណា​មួយ ដែល​ស្ថិត​នៅក្រោម​ការ​គ្រប់​គ្រង​របស់​អំណាច​នីតិ​ប្រតិបត្តិ​នោះ​ដែរ​។ រីឯចំណាត់​ការ​ អនុវត្ត​​ គឺ​ស្ថិត​នៅក្រោម​អំណាច​របស់​រដ្ឋាភិបាល​។​

          ដូច្នេះ​ ការ​ចោទ​ប្រកាន់​នេះ​គឺ​ជា​រឿង​មួយ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិលមួយ​ចំនួន​នោះ​​ធ្វើ​ឡើង​ដើម្បី​ជា​របាយ​ការណ៍​សំរាប់​ចិញ្ចឹម​ជីវិត​អង្គការ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។ ពួក​គេ​មិន​បាន​យល់​ថា​ អ្វីទៅ​​ដែល​ហៅ​ថា​ការងារ​ និង​តួនាទី​របស់​ខ្លួន​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ត្រូវ​​ធ្វើ​នោះទេ​។​ ជាទូទៅ​ បេសកកម្ម​របស់​ពួក​គេ​ គឺ​ផ្អែក​ទៅលើ​ការ​រិះគន់​ និង​ចោទប្រកាន់​ ចាប់​កំហុស​មក​លើរាជ​​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​គឺ​មិន​ដែល​លើក​សរសើរ​ពី ចំណុច​​ល្អ​ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងអភិវឌ្ឍ​ប្រទេស​របស់​រាជរដ្ឋាភិបាល​ឡើយ​​។​​

តាម​ពិត​ ​​គឺ​ក្រុម​អង្គការ​​​សង្គមស៊ីវិល ដែល​មាន​និន្នាការ​ប្រឆាំង​​មួយ​ចំនួននោះ​ទៅ​វិញ​ទេ​ ដែល​បាន​ប្រើ​សិទ្ធិ​ និង​​​អំណា​ចរបស់​ខ្លួន​​ហួស​ហេតុ​មក​លើ​រាជ​រដ្ឋាភិបាល។​ អង្គការ​ក្រៅ​រដ្ឋាភិបាល​​ខ្លះ​បាន​ដើរ​តួនាទី​​ធំ​ជាង​សភា ធំ​ជាង​រដ្ឋាភិបាល និង​ធំ​ជាង​តុលា​ការ​​​ទៅទៀត​។ ដូច្នេះ​ហើយ​​ សូមឲ្យ​អង្គការ​ទាំងនោះ​​ពិនិត្យមើល​អំពី​ទំនាក់ទំនង​រវាង​អង្គ​ទាំង​៣ គឺ​អង្គ​នីតិប្បញ្ញត្តិ អង្គ​នីតិ​ប្រតិបត្តិ និង​អង្គ​តុលាការ ជាមុន​សិនមុន​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​​ គឺ​ទំនាក់​​ទំនង​​នេះ​​​មិនអាច​ដាច់​​ពី​គ្នា​បានទេ​។
រាជ​រដ្ឋាភិបាលតែង​តែ​ចាត់​ទុក​អង្គការ​សង្គម​ស៊ីវិល​ជា​ដៃគូ​ដ៏​ល្អ​របស់ខ្លួន​ ក៏​ប៉ុន្តែ​ មិន​មែន​​មាន​ន័យ​ថា​ ពួក​គេ​​មក​បញ្ជា​ និងមក​អង្គុយ​លើ​ក្បាលអំណាច​​នីតិប្រតិ​បត្តិ​ បាន​ឡើយ​។​

ជាការ​កត់​សំគាល់​ ទាំង​អ្នកវិភាគ និង​អង្គការ​សង្គម​ស៊ីវិល​​មួយចំនួនដែល​មាន​និន្នាការ​ប្រឆាំង​ តែង​លើកឡើង​ថា​ ប្រព័ន្ធតុលាការ​នៅកម្ពុជា​មិនមាន​យុត្តិធម៌​ ហើយ​ចោទ​ប្រកាន់​រាជរដ្ឋាភិបាល​ថា​អត់​មើលប្រព័ន្ធ​​​តុលាការ​ និង​ចូល​ដៃ​ជាមួយ​តុលាការ​ ប៉ុន្តែ​នៅ​ពេល​ដែល​រាជរដ្ឋាភិបាលអនុវត្ត​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​ បែរ​ជាក្រុម​របស់​គេ​ចោទ​ថា​ បាន​ប្រើ​​អំណាច​បំពាន​​ទៅ​វិញ​ តើ​នេះ​ឬ​ជា​ការ​រិះ​គន់​បែប​ស្ថាបនា​ របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នោះ​?​ តើ​អាច​និយាយ​បាន​ថា​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ទាំង​នោះ​ ពិត​ជា​មាន​និន្នាការ​ប្រឆាំង​​ផ្កាប់​មុខ​ បាន​ឬទេ​ បើ​ធ្វើ​នេះ​ក៏​ខុស​ ធ្វើ​នោះ​ក៏​ខុស​បែប​នេះ​?​

បើ​តាម​ការ​សង្កេត​មើល​របស់​ប្រជាពលរដ្ឋ​ ក្រុម​សង្គម​ស៊ីវិល​ ​ដែល​មាន​និន្នាការ​ប្រឆាំ​ង​​​ទាំង​នោះ​ និង​គណបក្ស​​ប្រឆាំង​ គឺ​ពិត​ជាក្រុម​តែ​មួយ​ ពី​ព្រោះ​នៅ​ពេល​ដែល​គណបក្ស​​​សង្គ្រោះ​ជាតិ​​ស្រែក​​បែប​ណា​ គឺ​ក្រុម​សង្គម​ស៊ីវិល​​ប្រឆាំង​​ទាំង​នោះ​តែង​តែ​លើក​ហេតុ​ផល​​​ដូច​គ្នា​ជានិច្ច​។ មាន​ពេល​ខ្លះ ​ក្រុម​របស់​គេ​ក៏​បើក​ឱកាស​​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​ស្រែក​​​​មុន​ រួច​ទើប​ខាង​គណបក្ស​​សង្គ្រោះ​ជាតិ​ ស្រែក​បន្ទរ​វិញ​ម្តង​ មើល​ទៅ​វាហាក់​ដូច​ជា​ត្រូវ​ដង​​ ត្រូវ​ផ្លែ​គ្នា​ខ្លាំង​ណាស់​។ ត្រង់​នេះ​បញ្ជាក់​ថា​ អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​និន្នាការ​រិះគន់​រដ្ឋាភិបាល​ទាំង​នោះ មិន​មែន​ជាអង្គការ​សង្គម​ស៊ី​វិល​ឯករាជ្យ​អ្វី​ឡើយ​ គឺ​ពិត​ជាមាន​គណបក្ស​ប្រឆាំង​នៅ​ពី​ក្រោយ​ខ្នង​យ៉ាង​ពិត​ប្រាកដ​។​​


សរុប​មក​ អ្វី​ដែល​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ដែល​មាន​និន្នាការ​​ប្រឆាំង បាន​ចោទ​ប្រកាន់​​ថា​អំណាច​នីតិ​ប្រតិបត្តិ​ បាន​បំពាន​ទៅ​លើ​អំណាច​តុលាការ​នោះ​ វា​គឺជា​លេស​ដដែល​ៗ​ សម្រាប់​​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ដែល​តែង​តែ​ស្រែក​ដើម្បី​​ការ​កេង​ចំណេញ​នយោបាយ​​របស់​គណបក្សខ្លួន​ នៅពេល​ដែល​ប្រជាពលរដ្ឋ​ កាន់​តែ​អស់​ជំនឿ​លើ​គោល​នយោបាយ​ភូត​កុហក់​រាស្ត្រ​កន្លង​មក​​​ តែប៉ុណ្ណោះ​។ ការ​បន្ត​មិន​ទទួល​ស្គាល់​នូវ​អំពើ​ល្អ​ និង​សមិទ្ធផល​ ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​ របស់​ក្រុម​ប្រឆាំង វានឹង​ក្លាយ​ជាកញ្ចក់​ឆ្លុះ​សម្រាប់​ប្រជាពលរដ្ឋ​ ក្នុង​ការ​វាយ​តម្លៃ​អំពី​គុណ​សម្បត្តិ​កាន់​តែ​ច្រើន​ឡើង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជាគំនិត​ដល់​ពលរដ្ឋ​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​មេដឹក​នាំ​នាពេល​អនា​គត៕​​​

No comments:

Post a Comment