Wednesday, February 25, 2015

រាជ​រ​ដ្ឋាភិ​បាល​​កំ​ពុង​ស្រាវ​​ជ្រា​វ​វែក​​មុខ​​រក​​មេក្ខោង​​នៅ​​ពី​​ក្រោយ​​ខ្នង​​ការ​ចាប់​​ដី​​ ដោយ​​​ខុស​ច្បាប់​​នៅ​​ក្នុង​តំ​បន់​បុរី​​វប្បធម៌ និង​​ទេសច​រណ៍​​អង្គ​រ

បន្ទាប់​ពី​​មាន​វិធាន​ការ​រដ្ឋ​បាល​ទប់​​ស្កាត់​​សំ​ណង់​​ខុសច្បាប់​ចំ​នួន​២៤ខ្នង​ផ្ទះ ​នៅ​លើដី​បុរី​វប្បធម៌ និង​ទេសចរណ៍​អង្គរ​កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥រួច​មក​ នៅ​ពេល​នេះ មាន​លេច​​លឺ​​ព័ត៌មាន​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ បាន​បង្ហើប​ឲ្យ​ដឹង​ថា ប្រមុខរាជ​រដ្ឋាភិ​បាល​ បាន​​​​បញ្ជាទៅ​ក្រុម​ការងារ​ពិសេស​មួយ​ ដើម្បី​វែក​មុខ​រក​មេក្ខោង​នៅ​ពី​ក្រោយ​ខ្នង​ការ​បំ​ផុសឲ្យ​មាន​​​ការ​ចាប់​ និងការកាន់​កាប់​ដីដោយ​ខុសច្បាប់​ ដើម្បីកសាង​សំ​ណុំ​រឿង​​ផ្តន្ទាទោសតាម​ច្បាប់​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះក្រុម​ការងារ​ពិសេស បានដឹង​ និង​កំ​ណត់​មុខ​សញ្ញា​បាន​មួយ​ចំ​នួន​ហើយ​ ពាក់​ព័ន្ធ​នឹង​ករណី​ល្មើសច្បាប់នេះ​​ ដែល​​អ្នក​ទាំង​នោះ​​ជាមន្ត្រីខិល​ខូច​​មួយ​ចំ​នួន​នៅក្នុង​ខេត្ត​សៀម​រាប ឃុប​ឃិត​ជា​ឈ្មួញទិញ​លក់​ដីធ្លី​ ​ ដោយ​អាង​ខ្នង​មន្ត្រីមាន​អំ​ណាច​​នៅ​ខេត្តសៀម​រាប​នោះ​តែ​ម្តង​។

គេនៅ​រង់​ចាំ​មើល​ តើ​វិធាន​ការណ៍​បន្ទាប់​ទៀត រាជ​រដ្ឋាភិបាល​ នឹង​បង្ហាញ​មុខ​មន្ត្រី​ខិល​ខូច​ ក្នុង​សកម្មភាព​កាន់​កាប់​ដីធ្លី​​ និងការ​សាងសង់​សំ​ណង់​ខុសច្បាប់​នៅ​ក្នុង​តំ​បន់​បុរី​វប្បធម៌ និង​​ទេស​ចរណ៍ ដែល​គ្រប់​គ្រង​ដោយ​អាជ្ញាធរជាតិ​​អប្សរាប៉ុន្មាននាក់ ហើយ​មន្ត្រីខិលខូចទាំងនោះ​​ ដែល​កំ​ពុង​ឃុប​ឃិត​ជា​មួយ​ក្រុម​ឈ្មួញ​ដី​ធ្លី​ ប្រឈម​មុខ​នឹង​ការត្រូវ​​ផ្តន្ទាទោសកំ​រិតណា​?

សូមរំ​លឹក​ថា ​​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ អាជ្ញាធរជាតិ​អប្សរា បាន​ចេញ​សេចក្តី​បំ​ភ្លឺ​មួយ​ ដោយ​បញ្ជាក់​ថា បុរី​វប្បធម៌​ និង​ទេសចរណ៍​អង្គរត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​លេខ ៧៩ អនក្រ. បក ចុះ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​១៩៩៤ និង​អនុក្រឹត្យ​លេខ ៩៣ អនក្រ. បក ចុះ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​១៩៩៩ ដែល​អនុក្រឹត្យ​នេះ​បាន​ចែង​ថា « រាល់​ការ​ប្រើ​ប្រាស់​ ការ​ប្រកាន់​យក​កម្ម​សិទ្ធិ ព្រម​ទាំង​ការ​ផ្ទេរកម្ម​សិទ្ធិ​ដី​ធ្លី​ទាំង​អស់​នៅ​ក្នុង​តំ​បន់​នេះ ក្រោយ​ពី​អនុក្រឹត្យ​ចូល​ជា​ធរមាន មិន​អាច​ទទួល​ស្គាល់​ថា ត្រឹម​ត្រូវ​តាម​ច្បាប់​បាន​ឡើយ»។  អាជ្ញាធរ​ជាតិ​អប្សរា ក៏​បាន​បញ្ជាក់​ផង​ដែរថា សំ​ណង់ខុសច្បាប់​ដែល​ត្រូវ​បាន​ទប់​ស្កាត់​ចំ​នួន​២៤ ខ្នង​ផ្ទះ​ សុទ្ធ​តែ​ជា​សំ​ណង់​​ទើប​សាងសង់​ថ្មី​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​លើ​ចំណុច​ដែល​អាជ្ញាធរ​ជាតិ​អប្សរាបាន​ដោះ​ស្រាយ​​​តាម​គោល​នយោបាយរួចរាល់ ហើយ​មិន​អនុវត្តជា​ទូ​ទៅគ្រប់​សំ​ណង់ដែល​មាន​ក្នុង​បុរី​វប្បធម៌ និង​ទេសចរណ៍​អង្គ​រឡើយ។
ម៉្យាង​វិញ​ទៀត នៅ​ពេល​ចុះ​អនុវត្ត​វិធាន​ការរដ្ឋបាលកាល​ពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ មាន​ម្ចាស់​សំ​ណង់​មួយ​ចំ​នួន​បាន​សារភាព​ថា ការពិត​ពួក​គាត់​គ្រាន់​តែ​ជា​អ្នក​ចាំ​យាម​ដី​ឲ្យ​គេ ប៉ុណ្ណោះ ហើយ​ក៏​មានអ្នក​ខ្លះ​ទទួល​ស្គាល់​ថា ពួក​គាត់ពិតជា​បាន​សាងសង់​សំ​ណង់​ខុសច្បាប់ លើ​ដី​​បុរី​វប្បធម៌ និង​ទេសចរណ៍​អង្គ​រ​មែន​៕

No comments:

Post a Comment