Wednesday, January 14, 2015

សម្តេចតេជោ ហ៊ុន សែន ជួបលោក Jean David Levitte និងលោក Gilbert Guillaume អតី​តទី​ប្រឹក្សា​​ប្រធា​នាធិប​តី​បារាំង​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា បានអនុញ្ញាតឱ្យ លោក Jean David Levitte​ .និងលោក Gilbert Guillaume .​អតី​តទី​ប្រឹក្សា​ប្រធានាធិបតី​បារាំង ចូលជួបសំដែងការគួរសម។
ក្នុងជំនួបនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី ព្រឹកថ្ងៃទី១៣មករានេះ ក្រោយ ពី​ជំនួប​បញ្ចប់ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ នាយក​រដ្ឋ​មន្ត្រី បាន​ប្រាប់ អ្នកយកព័ត៌មានថា ៖ លោក Gilbert មានប្រសាសន៍ថា លោក បានធ្វើ​ការ​ជា​ច្រើនជុំវិញករណីប្រាសាទព្រះវិហារ ហើយនៅថ្ងៃទី១៤មករានេះ លោកនឹងទៅធ្វើ​ទស្សនកិច្ចនៅប្រាសាទព្រះវិហារ ។ លោកបន្តថា ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ លោក អវត្តមានមិនបានមកកម្ពុជា ប៉ុន្តែនាពេលនេះ លោកបានឃើញកម្ពុជា មានការ​អភិវឌ្ឍ​ជាច្រើន ។
ដោយឡែក លោក Jean David​ លោកបានគោរព​ជំរាប​ជូន​សម្តេច​តេជោនាយក​រដ្ឋ​មន្ត្រី​ផងដែរថា លោកធ្លាប់បានមកកាន់កម្ពុជា កាលពី២០ឆ្នាំមុន ប៉ុន្តែនៅពេលនេះ លោកបានឃើញកម្ពុជា មានការផ្លាស់ប្តូរមុខមាត់ថ្មី ហើយ​អ្វីដែល​សំខាន់នោះ គឺ លោក​មានការចាប់អារម្មណ៍យ៉ាងខ្លាំង​ពីការដឹក​នាំរបស់​សម្តេចតេជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដើរលើផ្លូវដ៏វែងឆ្ងាយហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកទាំងពីរ ដែល​បាន​រួម​ចំណែកជួយកម្ពុជា ជុំវិញសំណុំរឿងប្រាសាទព្រះវិហារ ដោយជួយកាត់ក្តីក្នុង​ឋានៈ​លោកជាចៅក្រម។ សម្តេចតេជោ បញ្ជាក់ថា ប្រទេសនានាពិតជាបាន​ផ្តល់​យុត្តិធម៌​ដល់កម្ពុជា ជុំវិញករណីនេះ ដោយទទួលនូវការជុំរុញឲ្យមានការកោះប្រជុំពិភាក្សា​ជុំវិញ​​ បញ្ហាប្រាសាទព្រះវិហារ ។
សម្តេចក៏បានថ្លែងអំណរគុណ ចំពោះលោក Jean David ដែលបានចូលរួម​យ៉ាង​សកម្ម​ក្នុងដំណើរចូលរួមចរចារស្វែងរកសន្តិភាព​ទីក្រុងប៉ារីស។ សម្តេច​បន្ថែម​ថា កម្ពុជា បាន​ចេញ​ដំណើរពី​ការស្វែងរកសន្តិភាព រហូតមកដល់ពេល​នេះ ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ច្រើន ហើយការចាប់ផ្តើមនោះជាមូលដ្ឋានគ្រឹះសំរាប់​សន្តិភាព និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។
គួរបញ្ជាក់ថា លោក Jean David Levitte​ ធ្លាប់​មានប្រវត្តិធ្វើការ​នៅក្នុង​វិមាន​របស់​ប្រធានាធិបតី ឌីស្កា ដេស្តាំង  និង​​ធ្លាប់ធ្វើ​ជាទី​ប្រឹក្សា ប្រធានាធិបតី ហ្សាក់ហ្សេរ៉ាក់ និង​ជា​ទីប្រឹក្សាការទូត របស់​ប្រធានាធិបតី នីកូឡា ហ្សាកូហ្ស៊ី និង​ធ្លាប់ជាឯកអគ្គរដ្ឋ​ទូតបារាំងប្រចាំទីក្រុងញូយ៉ក និងធ្លាប់ជាឯកអគ្គរដ្ឋទូត បារាំង​ប្រចាំនៅទីក្រុង​វ៉ាស៊ីន​តោន​សហរដ្ឋអាមេរិក​ផងដែរ។ លោក Jean David​ ធ្លាប់បានចូលរួមចំណែក​ក្នុង​ដំណើរ​​ការ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ហើយសព្វថ្ងៃនេះ លោក Jean David ក៏ជាសមាជិកបណ្ឌិតសភា និងវិទ្យាសាស្ត្រនយោបាយ និងជាសាស្ត្រាចារ្យ នៃ​សាកល​វិទ្យាល័យ ទីក្រុងប៉ារីស ។

ដោយឡែក  លោក Gilbert Guillaume  អតីតជាប្រធានតុលាការយុត្តិធម៌អន្តរជាតិ និង ជាចៅក្រមសម្រាប់កិច្ចដំណើរការរឿងប្រាសាទព្រះវិហារ ដែលកម្ពុជាបានស្នើ​ទៅ​តុលាការ យុត្តិធម៌អន្តរជាតិឱ្យបកស្រាយសាលដីការថ្ងៃទី១៥ខែមិថុនាឆ្នាំ១៩៦២។ លោក​ Gilbert Guillaume  ធ្លាប់ធ្វើជាតុលាការរដ្ឋបាលកំពូលរបស់បារាំង ដែលពេល​នោះ​គេហៅថា ក្រុម ប្រឹក្សារដ្ឋ និងធ្លាប់ធ្វើជាទីប្រឹក្សាផ្នែកច្បាប់ នៃអគ្គលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល​បារាំង ជាចៅក្រមតុលាការអន្តរជាតិ និងធ្លាប់ធ្វើជាប្រធាន​តុលាការ​​អាជ្ញាកណ្តាល ផងដែរ៕



No comments:

Post a Comment