Wednesday, January 14, 2015

ឯកឧត្តម​​បណ្ឌិត​​​សភាចារ្យ​ សុខ អាន ប្រជុំ​​ត្រួត​​​ពិនិត្យ​​​ការងា​​រ​​រៀប​ចំ​​​សន្និសីទ​​​ពិភព​​​លោក​​​ស្តីពី​​​ទេស​ចរណ៍ និង​​វប្បធម៌ នៅ​ក្រុង​​​សៀម​​​រាប​អង្គរ

ឯកឧត្តម ​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​បាន​មាន​ប្រសាសន៍ណែនាំឲ្យ​យក​ចិត្ត​ទុក​ដាក់​ លើ​បញ្ហាសន្តិសុខ​ សុវត្ថិ​ភាព ជា​ពិសេសបញ្ហា​ពិធីការ​ឲ្យ​បានល្អចំពោះ​ប្រតិភូដែល​អញ្ជើញ​មក​ចូល​រួម​នៅ​ ក្នុង​សន្និសីទ​ពិភព​ស្តីពី​ទេសចរណ៍ និង​វប្បធម៌ ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​សៀម​រាប​​អង្គរនា​ថ្ងៃទី​៤-៦ ខែកុម្ភៈ ឆ្នាំ​២០១៥​ ខាង​មុខ​នេះ។

ប្រសាសន៍ ​ណែនាំ​របស់​ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ដែល​ជា​ប្រធាន​គណកម្ម​ការ​អន្តរក្រសួងរៀប​ចំ​សន្និសីទ​ពិភពលោក​ស្តីពី​ ទេសចរណ៍ និង​វប្បធម៌ផងនោះ បាន​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ក្នុង​ឱកាស​ប្រជុំ​ត្រួត​ពិនិត្យការ​ងារ​ត្រៀម​រៀប​ចំសន្និសីទ​អន្តរជាតិ​ ស្តីពី​ទេសចរណ៍ និង​វប្បធម៌ នៅ​ទីក្រុង​សៀម​រាប​ ក្រោម​កិច្ច​សហប្រតិបត្តិការជាមួយ​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) និង​អង្គការ UNESCO ។

នៅ ​ក្នុង​កិច្ច​ប្រជុំ​ដែល​មានវត្តមាន​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក​​ជុំ​ទាវរដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ពាក់​ព័ន្ធ លោក គង់ សូលីដា ប្រធាន​លេខាធិការ​ដ្ឋាន​នៃ​គណកម្មការអន្តរ​ក្រសួងរៀប​ចំ​សន្និសីទ​ពិភពលោក​ ស្តីពី​ទេសចរណ៍ និង​វប្បធម៌ បាន​រាយការណ៍​ឲ្យ​ដឹង​ថា សន្និសីទ​​នឹង​មានប្រតិភូ​សរុប​ប្រមាណ ៨០០នាក់​ចូល​រួម ក្នុង​នោះ​មានភ្ញៀវ​អន្តរជាតិ​ប្រមាណ ៤០០​នាក់​​​ មក​ពី​ជាង ១០០ប្រទេស។

សន្និសីទ ​ពិភពលោក​ស្តីពី​ទេសចរណ៍ និង​វប្បធម៌ នឹង​ត្រូវ​ប្រារព្ធ​ពិធី​បើកជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០១៥ ​នៅ​សណ្ឋាគារ Le Meridien Angkor ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​ពិធិបិទ​ក្រោម​អធិបតីភាពឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន រដ្ឋមន្ត្រី​ទទួល​​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី។​ ដោយ​ឡែក​ព្រះ​មហាក្សត្រ ព្រះករុណា​ព្រះ​បាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នឹង​ប្រទានកិត្តិយសយាង​ចូល​រួម​ជាអធិបតី​ក្នុង​ពិធី​ជប់លៀង និង​សម្តែង​សិល្បៈស្វាគមន៍​គណៈប្រតិភូនៅបរិវេណ​ទីលាន​ជល់ដំរី នា​រាត្រី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៥។

គណកម្មការ ​អន្តរក្រសួង​បាន​ត្រៀម​សណ្ឋាគារកម្រិតខ្ពស់​ចំនួន ១៥ ក្នុង​ក្រុង​សៀម​រាប សម្រាប់​ទទួល​ប្រតិភូ​បរទេស។ ក្នុង​កិច្ច​ដំណើរ​ការ​នៃ​សន្និសីទប្រើ​ប្រាស់​ ៥ភាសា ដែល​រួម​មានៈ ខ្មែរ អង់គ្លេស បារាំង រុស្ស៊ី និង​អេស្បាញ។ តាម​គម្រោង​របស់អង្គារ UNWTO បាន​ត្រៀម​វាគ្មិនជាតិ និង​អន្តរជាតិ​ចំនួន ២២រូប ដែល​ក្នុង​នោះអ្នក​សម្រប​សម្រួល​កម្ម​វិធី​ចំនួន ៥រូប និង​វាគ្មិន​គន្លឹះ ចំនួន ៣រូបថ្លែង​ក្នុងកម្ម​វិធី​នៃ​សន្និសីទស្តីពី​បទពិសោធន៍​នៃ​ការងារ​ទេសចរណ៍​ នៅ​ក្នុងពិភពលោក។ គណៈប្រតិភូ​អន្តរជាតិ នឹង​ត្រូវ​រៀប​ចំ​ឲ្យ​មានដំណើរ​ទស្សនាចរណ៍តាម​តំបន់​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​សៀម​រាបផង​ដែរ៕





No comments:

Post a Comment